ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំឭកជាថ្មីទៅដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់និងពង្រឹងការអនុវត្តវិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្រសួងការងារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានជូនដំណឹងជាថ្មីទៀតទៅដល់ម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រសហគ្រាសរបស់ខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹងដដែលនេះ បានស្នើឱ្យម្ចាស់រោងចក្រសហគ្រាស ត្រូវផ្សព្វផ្សាយនិងណែនាំជាប្រចាំដល់កម្មករនិយោជិត អំពីវិធានការអនាម័យ សុវត្ថិភាព និងសុខភាពការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ១៩ រហូតដល់ជំងឺមួយនេះត្រូវបានបញ្ចប់វិញ។
ក្រសួងការងារ ក៏បានស្នើឱ្យម្ចាស់រោងចក្រតាមដានកត់ត្រាជាប្រចាំអំពីការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់ និងត្រូវរៀបចំឱ្យមានទឹកអាល់កុលឬជែលលាងដៃនៅតាមមាត់ច្រកចេញចូលអគារ សម្រាប់កម្មករលាងសម្អាតមុនពេលចូលក្នុងរោងចក្រសហគ្រាស។
ក្រសួងបន្តទៀតថា ម្ចាស់រោងចក្រត្រូវវាស់កម្តៅគ្រប់កម្មករទាំងអស់ មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ ជាពិសេសអគារផលិតកម្ម និងរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើមានកម្មករណាម្នាក់មានកម្តៅលើសពី៣៧,៥អង្សារ និងមានរោគសញ្ញាណាមួយ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលកើតមានជំងឺកូវីដ១៩ ឬប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។
តាមសេចក្តីជូនដំណឹង គឺម្ចាស់រោងចក្រសហគ្រាសត្រូវរៀបចំបម្រុងទុកម៉ាស់ឱ្យបានគ្រប់គ្រាន់សម្រាប់បើកផ្តល់ឱ្យកម្មករតាមវេជ្ជបញ្ជារបស់ពេទ្យ។ ចំណែកកម្មករដែលក្អកឬកណ្តាស់ ត្រូវខ្ទប់មាត់និងច្រមុះដោយប្រើកន្សែង ឬក្រមា ឬកែងដៃ ហើយត្រូវលាងដៃនឹងសាប៊ូឬទឹកអាល់កុល។
ពាក់ព័ន្ធករណីនេះ វីអូឌី ពុំទាន់ទទួលបានការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ នៅឡើយទេ នៅថ្ងៃពុធនេះ។
កម្មករផ្នែកត្រួតពិនិត្យ លោក ថៃ ជា បម្រើការងារនៅរោងចក្រ «តៃអ៊ីហ្សី» ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រាប់វីអូឌីថា រោងចក្រ តៃអ៊ីហ្សី មានកម្មករប្រហែល១ម៉ឺននាក់។ លោកថា មុនពេលចូលបំពេញការងារក្នុងរោងចក្រ គឺកម្មករទាំងអស់ត្រូវវាស់កម្តៅ បាញ់អាល់កុល និងពាក់ម៉ាស់។
កម្មករផ្នែកត្រួតពិនិត្យរូបនេះ បន្តថា បើទោះបីជារោងចក្រ តៃអ៊ីហ្សី មានការអនុវត្តវិធានការបង្ការជំងឺកូវីដ១៩បែបនេះក៏ដោយ ក៏លោកនៅតែបារម្ភពីសុវត្ថិភាព ដោយសារនៅក្នុងរោងចក្រមានមនុស្សច្រើននិងចង្អៀតគ្នា ហើយពេលចេញទៅផ្ទះ មានកម្មករមួយចំនួនមិនបានពាក់ម៉ាស់ឡើយ ខណៈពួកគេជិះឡានមកធ្វើការនិងត្រឡប់ទៅផ្ទះវិញមានភាពចង្អៀតណែន។
លោកនិយាយថា៖ «ខ្ញុំបារម្ភដែរបង ពេលធ្វើក្នុងរោងចក្រ មានការពាក់ម៉ាស់មែន ប៉ុន្តែចេញក្រៅរោងចក្រ ទៅផ្ទះ គ្មានអ្នកណាពាក់ម៉ាស់ទេ»។
កម្មការិនីផ្នែកដេរ បម្រើការងារនៅរោងចក្រ W&D នៅរាជធានីភ្នំពេញ អ្នកស្រី សាំង ចាន់រី និយាយថា រោងចក្រនេះបានអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ ប៉ុន្តែមានកម្មករមួយចំនួនអនុវត្តវិធានការនេះមិនត្រឹមត្រូវនោះទេ។ អ្នកស្រីក៏មានការព្រួយបារម្ភពីសុវត្ថិភាពដែរ ក្រោយពេលជំងឺកូវីដផ្ទុះឡើងជាថ្មីនេះ។
អ្នកស្រីបន្ថែមថា៖ «នៅរោងចក្រខ្ញុំធ្វើការ ដូចជាមិនធ្វើអីធំដុំផង គ្រាន់តែពេលព្រលឹមឡើងហ្នឹង គឺវាស់កម្តៅធម្មតាតែម្តងហ្នឹង ហើយបាញ់អាល់កុលពេលចូលធ្វើការហ្នឹង។ ម៉ាស់ភាគច្រើនកម្មករអត់ពាក់ផង កាលផ្ទុះឡើងជំងឺកូវីដដំបូង ពួកគាត់មានការព្រួយបារម្ភណាស់ ឥលូវពួកគាត់ដូចជាភ្លេចខ្លួនដោយការផ្ទុះឡើងម្តងទៀតនេះ គឺពួកគាត់ដូចអត់ព្រួយបារម្ភទេ ប៉ុន្តែសម្រាប់ខ្ញុំមានការព្រួយបារម្ភណាស់»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់កម្មករ ខណៈលោកបានទទួលព័ត៌មានថា មានរោងចក្រមួយចំនួននៅមិនទាន់បានអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងនៅឡើយ។
ប្រធានសហជីពរូបនេះ ស្នើមន្ត្រីជំនាញចុះពិនិត្យតាមបណ្តារោងចក្រនីមួយៗពីលើសេចក្តីជូនដំណឹងនេះ ដើម្បីធានាថា ការអនុវត្តវិធានការបង្ការជំងឺកូវីដមានប្រសិទ្ធភាព។
លោកបន្ថែមថា៖ «ខ្ញុំគិតថា និយោជកពិបាកក្នុងការអនុវត្តទៅតាមអ្វីដែលជាវិធានការដែលដាក់ចេញដោយក្រសួងណាស់ វាទាល់តែមន្ត្រីជំនាញ មន្ត្រីមានសមត្ថកិច្ច ត្រូវតែចុះទៅពិនិត្យដោយផ្ទាល់ ទៅតាមដានមើលដោយផ្ទាល់ថា និយោជកពិតជាបានធ្វើមែនអត់ អាហ្នឹងបានមានប្រសិទ្ធភាព។ បើគ្រាន់តែអំពាវនាវ មានន័យថា និយោជកគាត់ធ្វើមិនធ្វើ គឺគាត់អត់ខ្វល់ទេ ព្រោះយើងគ្រាន់តែអំពាវនាវ ប៉ុន្តែបើយើងមានវិធានការតឹងរ៉ឹង អាហ្នឹងវាអាចធ្វើឱ្យនិយោជកទាំងអស់ហ្នឹងគាត់អនុវត្ត»។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា សរុបចំនួន១ ៤៨១វត្ថុសំណាក ក្នុងនោះអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៤នាក់ដដែល៕