ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខែ្មរ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងបណ្តាញសង្គម។
នៅក្នុងការប្រកាសសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ លោកចៅក្រម យី សុខវួច បានសម្រេចផ្តន្ទាទោស លោករស់ សុឃិត អាយុ ៤១ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ ២លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ក្រៅពីនោះ តុលាការក៏សម្រេចឱ្យមានការដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកផងដែរ ដូចជា ទូរស័ព្ទដៃ និងកុំព្យូទ័រ។
អ្នកស្រី ជុន ស៊ីវ៉ើន អាយុ ៣៥ឆ្នាំ ជាភរិយាលោករស់ សុឃិត សង្ឃឹមថា តុលាការនឹងពិចារណាបន្ធូរបន្ថយទោសខ្លះ ខណៈដែលស្វាមីរបស់គាត់បានសារភាពកំហុស និងកំពុងមានជំងឺបេះដូង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនចង់ឃើញគាត់ស្លាប់ក្នុងពន្ធនាគារទេ»។
អ្នកស្រីបានបន្ថែមថា៖ «គាត់មិនបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរទេ[…] គាត់បានសារភាពកំហុសហើយ ប៉ុន្តែនៅទីបញ្ចប់តុលាការនៅតែកាត់ទោសគាត់ដោយពុំបានពិចារណាលើជំងឺប្រចាំកាយ និងការសារភាពរបស់គាត់។ យើងមានការសោកស្តាយណាស់ចំពោះការសម្រេចរបស់តុលាការ»។
គួរបញ្ជាក់ថា លោក រស់ សុឃិត ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ដែលការចាប់ខ្លួននេះ បានធ្វើឡើងមួយថ្ងៃក្រោយពីអ្នកកាសែតរូបនេះ បានបង្ហោះសារចំនួនពីរតាមទំព័រហ្វេសប៊ុករបស់លោក ដែលក្នុងនោះមានសារមួយសរសេរថា «លោក ហ៊ុន សែន នឹងបាត់បង់អ្វីៗទាំងអស់ បើនៅតែចចេសចង់លើកបន្តុបកូនខ្លួន ធ្វើជានាយករដ្ឋមន្ត្រីនោះ! យួនមិនគាំទ្រ ហ៊ុន ម៉ាណែត ឡើយ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីការិយាល័យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំបេញ បានផ្តល់សក្ខីកម្មថា ពួកគេបានឃ្លាំមើលការបង្ហោះរបស់ លោករស់ សុឃិត តាំងពីខែឧសភា ហើយបានចាត់ទុកការផុសសារទាំងនោះ ថាជាការញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គម៕