ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកប៉ះពាល់ក្នុងព្រឹត្តការណ៍ថ្ងៃ៣វិច្ឆិកាសរុបជិត ២៥០០នាក់ ខណៈការធ្វើតេស្តថ្ងៃម្សិលមិញ មិនមានករណីឆ្លងថ្មី និងជាសះស្បើយឡើយ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានឱ្យដឹងថា ការធ្វើតេស្តចំនួន ២ដង ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គិតមកដល់ថ្ងៃម្សិលមិញ មានចំនួន ២៤៩៧ វត្ថុសំណាក (តេស្តលើកទី១មាន ១៦៨០នាក់ និងលើកទី២ចំនួន ៨១៧នាក់់) ដោយលទ្ធផលបង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩មានចំនួន៤នាក់ដដែល។
ក្រសួងបន្តថា ចំពោះអ្នកមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន ១៦៧៦នាក់ ស្មើនឹង៩៩.៧៦% នៃចំនួនអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាសរុប។
ទោះយ៉ាងណា ក្រសួងថា នៅថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ មិនមានករណីឆ្លងថ្មី និងមិនមានករណីជាសះស្បើយនោះទេ។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៨៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៣នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាចចំពោះស្ថានភាពជំងឺកូវីដ១៩ និងអំពាវនាវចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ បន្តធ្វើចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការរីករាលដាលធំឡើងដោយការធ្វេសប្រហែសណាមួយ៕









