ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃនេះ បញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានី-ខេត្ត ឬតំបន់ណាមួយ ដូចពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។
ករណីនេះ លោកបានគូសបញ្ជាក់ថា៖ «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ»។
ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមជាសារសំឡេង ដែលបាននិយាយថា នឹងមានការបិទរាជធានីភ្នំពេញឬតំបន់ណាមួយក្នុងប្រទេស ដោយសារតែមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តទៀតថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នោះ គឺប្រជាពលរដ្ឋទាំងអស់ត្រូវការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវពាក់ម៉ាស់ លាងសម្អាតដៃ ការមិនជួបជុំប្រមូលផ្តុំ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។
លោកបានបន្ថែមថា៖ «សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ឱ្យបានឆាប់ ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០វិញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំឭកជាថ្មីដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានម៉ត់ចត់។
លោកបានណែនាំទៅអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនិងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក ដោយត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់ កុំឱ្យមានការខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក៕