ប្រជាកសិករមួយចំនួនរស់នៅខេត្តកំពត ព្រួយបារម្ភខ្លាំង បន្ទាប់ពីគោក្របីរបស់ពួកគេរាប់រយក្បាលបានឆ្លងជំងឺ ហើយឈឺនិងងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែចុងក្រោយនេះ។
ប្រជាកសិកររស់នៅភូមិឃ្ជាយ ឃុំដំណាក់សុក្រំ ស្រុកដងទង់ លោក អ៊ិន និត ប្រាប់ថា គាត់ចិញ្ចឹមគោចំនួន៩ក្បាល ហើយបានឆ្លងជំងឺទាំងអស់។ កសិករូបនេះប្រាប់ឱ្យដឹងទៀតថា ក្នុងនោះ គោមួយក្បាលបានងាប់កាលពីដើមខែវិច្ឆិកានេះ។ លោកបានលក់គោដែលកំពុងឈឺចោលទាំងអស់ ដោយសុខចិត្តខាតប្រាក់មួយចំនួនធំ ព្រោះអស់លទ្ធភាពព្យាបាលគោឈឺទាំងនោះ។

លោក អ៊ិន និត និយាយថា៖ «ខ្ញុំលក់គោឈឺចោលទាំងអស់ ព្រោះខ្លាចវាងាប់តាមគ្នាទៅទៀត។ គិតទៅ៨ក្បាលនេះ ខាតទាំងអស់ខ្ទង់២១លាន។ ដល់កហើយឥលូវ គោឈឺគ្រប់ផ្ទះ។ មិញនេះ [ព្រឹកថ្ងៃទី១២ ខែវិច្ឆកា] នៅខាងជើងផ្ទះខ្ញុំ ងាប់អស់២ក្បាលទៀត។ វាស៊ីស្មៅសុខៗដួលប្រកាច់ងាប់ហ្មង»។
ទន្ទឹមនឹងនេះ ជំទប់ទី២ ឃុំដំណាក់សុក្រំ លោក អ៊ួន សុផល ប្រាប់ថា ជំងឺគោនេះបានរាតត្បាតទូទាំងឃុំដំណាក់សុក្រំ និងស្ទើរទូទាំងស្រុកដងទង់តែម្ដងចាប់តាំងពីដើមខែតុលាមក។ លោកថា ប្រសិនបើមិនមានការអន្តរាគមន៍ពីថ្នាក់ជាតិឱ្យទាន់ពេលវេលាទេនោះ នឹងបណ្ដាលឱ្យពលរដ្ឋខាតបង់ធ្ងន់ធ្ងរជាក់ជាមិនខាន។
លោក អ៊ួន សុផល ប្រាប់ថា៖ «ខ្ញុំមិនមានតួលេខច្បាស់ថាឈឺប៉ុន្មានក្បាលទេ តែបើតាមស្មានមិនក្រោម១ពាន់ក្បាលទេនៅឃុំខ្ញុំ និងឃុំជាប់ហ្នឹងក្នុងស្រុកដងទង់ និងស្រុកអង្គរជ័យ។ គោវាឈឺជើង ហៀរទឹកមាត់ និងហើមពោះ ក្នុងនោះគោខ្ញុំផ្ទាល់ ៩ក្បាល ឈឺអស់៤ក្បាលហើយ»។
មេឃុំរូបនេះ បានឱ្យដឹងបន្ថែមទៀតថា គោឈឺនិងងាប់ ត្រូវបានកសិករបង្ខំចិត្តលក់ទៅឱ្យឈ្មួញយកទៅកាប់សាច់លក់បន្តនៅតំបន់ផ្សេងៗទៀត។
ទាក់ទងនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅស្រុកអង្គរជ័យ លោក សំ សុខា ដែលជាអ្នកប្រមូលទិញគោស្គមៗយកមកបំប៉នសាច់យកទុកលក់ បានឱ្យដឹងថា លោកបានចិញ្ចឹមគោ២៥ក្បាលដែរ ក្នុងនោះគោ១៥ក្បាលបានឈឺ និង៣ក្បាលបានងាប់។ លោកបារម្ភថា គ្រួសារគាត់អាចនឹងជំពាក់គេវ័ណ្ឌក ប្រសិនបើមានគោងាប់ថែមទៀតនោះ។
លោក សំ សុខា ប្រាប់ថា៖ «ព្រួយនោះព្រួយហើយបង! ខ្ញុំខ្ចីលុយធនាគារជាង១ម៉ឺនដុល្លារមកទិញគោបំប៉ន។ អាទិត្យមុនហ្នឹង ងាប់បីក្បាល ហើយខាតអស់ខ្ទង់ជាង១០លានហើយ។ បើសិនវាងាប់ថែមទៀត មិនដឹងមានលុយឯណាសងគេទេ ច្បាស់ជាអស់ដីអស់ធ្លីហើយមើលទៅ»។
លោក សំ សុខា អះអាងថា បន្ទាប់ពីពេទ្យសត្វភូមិមកព្យាបាលគោមួយរយៈរួចមក គោឈឺទាំង១៥ក្បាលនោះ មានសភាពធូរស្រាលពីជំងឺខ្លះៗហើយ។
ពេទ្យសត្វភូមិនៅស្រុកដងទង់ ខេត្តកំពត លោក ណុប វណ្ណី ប្រាប់វីអូឌីថា លោកមមាញឹកជាខ្លាំងក្នុងការព្យាបាលគោក្របីរបស់អ្នកស្រុក បន្ទាប់ពីជំងឺផ្ទុះឡើងថ្មីៗនេះ។ លោកបន្តថា គោក្របីមួយចំនួនឆ្លងជំងឺអុតក្ដាម និងខ្លះទៀតមានជំងឺដែលលោកមិនធ្លាប់បានស្គាល់ថាជាជំងឺអ្វីនោះឡើយ។
លោក ណុប វណ្ណី ប្រាប់ថា៖ «ក្នុងខែ១១នេះ ទូរសព្ទខ្ញុំរោទិ៍មិនទំនេរទេ មួយថ្ងៃៗក៏ទទួលទូរសព្ទ៣០ទៅ៤០នាក់ដែរ ដែលហៅខ្ញុំទៅចាក់ថ្នាំឱ្យគោក្របីពួកគាត់។ ខ្ញុំមិនបានរាប់ថាប៉ុន្មានករណីនៅឡើយ តែច្រើន ច្រើនណាស់បង»។
ករណីជំងឺគោនេះបានផ្ទុះចំនួន៧ស្រុកនៅទូទាំងខេត្តកំពត លើកលែងតែក្រុងកំពតមួយប៉ុណ្ណោះ។ របាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពត បង្ហាញថា ក្នុងឆ្នាំ២០២០នេះ គិតត្រឹមថ្ងៃទី៣ ខែវិច្ឆកា មានសត្វគោក្របីឈឺចំនួនជាង៦០០ក្បាល ក្នុងនោះគោក្របីចំនួន៧៥ក្បាលបានងាប់។ របាយការណ៍ដដែលបង្ហាញថា គោក្របីទាំងនោះឈឺជំងឺអុតក្ដាមនិងគ្រុនក្ដៅ។
ប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់ រិទ្ធិ មានប្រសាសន៍ថា ករណីផ្ទុះជំងឺគោក្របីនៅរយៈពេលចុងក្រោយនេះ ពិតជាប្រការគួរឱ្យបារម្ភ ប៉ុន្តែមន្ទីរកសិកម្មខេត្តកំពុងអន្តរាគមន៍ព្យាបាលជួយដល់ប្រជាពលរដ្ឋមិនរុញរាឡើយ។
លោក ចាន់ រិទ្ធិ ប្រាប់ថា៖ «ពេទ្យសត្វចុះមូលដ្ឋាន អត់មានទំនេរទេ សៅរ៍អាទិត្យក៏ចុះដែរ មួយថ្ងៃចុះខេត្តយ៉ាងតិច៣ក្រុម យើងចាក់វ៉ាក់សាំងផង យើងចាក់ថ្នាំព្យាបាលផង។ ប៉ុន្តែយើងនៅតែពិបាក បើសិនជាស្ថានភាពនៅតែបន្តបែបនេះ ប្រាកដណាស់យើងត្រូវការជំនួយពីថ្នាក់ជាតិជាការចាំបាច់បំផុត»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា ជំងឺគោក្របីបានផ្ទុះនិងរាតត្បាតខ្លាំងនៅតាមបណ្ដាខេត្តមួយចំនួន ពិសេសខេត្តដែលទើបតែរងផលប៉ះពាល់ដោយទឹកជំនន់។ លោកមិនមានតួលេខសត្វឈឺឬងាប់នោះទេ ប៉ុន្តែលោកបានទទួលដំណឹងថា ខេត្តមួយចំនួនដែលមានផ្ទុះជំងឺ រួមមាន ខេត្តកណ្ដាល បាត់ដំបង កំពត និងប៉ៃលិន ជាដើម។
លោក ស៊្រុន ពៅ ប្រាប់ថា៖ «ពេលទឹកស្រកទៅ ច្បាស់ណាស់ជំងឺវារាតត្បាតហើយ។ អាជ្ញាធរត្រូវអន្តរាគមន៍ជួយឱ្យទាន់ពេល។ ពលរដ្ឋក៏ត្រូវផ្ដល់ព័ត៌មានឱ្យច្បាស់លាស់នោះដែរ»។
អង្គភាពព័ត៌មាន ហ្វ្រេសញូវ បានផ្សាយដោយស្រង់របាយការណ៍របស់មន្ទីរកសិកម្មខេត្តប៉ៃលិន បង្ហាញថា មានសត្វគោក្របីប្រមាណជាង១ ៦០០ក្បាល បានឆ្លងជំងឺ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆកានេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា ថ្លែងប្រាប់វីអូឌីថា គោក្របីភាគច្រើនឈឺជំងឺអុតក្ដាម ដែលកំពុងរាតត្បាតរប៉ាត់រប៉ាយនៅទូទាំងប្រទេស ប៉ុន្តែករណីនៅខេត្តកំពត ជាករណីធ្ងន់ធ្ងរជាងគេ។
លោក តាន់ ផាន់ណារ៉ា ប្រាប់ថា៖ «ខ្ញុំកំពុងរង់ចាំតួលេខសរុបដែលបានពីចំនួនគោក្របីឈឺងាប់ដោយសារជំងឺនេះ។ ខេត្តកំពតនេះធ្ងន់ជាងគេ។ យើងមានថ្នាំ មានសង្កូវគ្រប់គ្រាន់ហើយ ដើម្បីអន្តរាគមន៍។ ខាងអគ្គនាយកដ្ឋានកំពុងធ្វើការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរខេត្តហើយ នៅថ្ងៃនេះ»៕









