ក្រសួងសុខាភិបាលណែនាំដល់អភិបាលរាជធានី-ខេត្ត ពង្រឹងការងារគ្រប់គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់ និងតាមដានបុគ្គលដែលកំពុងធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាន ឱ្យពួកគេអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការចម្លងចូលក្នុងសហគមន៍។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានលើកឡើងថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ការធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់ត្រឹមត្រូវ ជាគន្លឹះសំខាន់សម្រាប់កាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូលក្នុងសហគមន៍។
ករណីនេះ ក្រសួងបានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល និងការពង្រឹងវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័កតាមផ្ទះ តាមសណ្ឋាគារ និងតាមទីតាំងមណ្ឌលចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកតាមបទពិសោធន៍លើការគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសថៃកន្លងមក។
ក្រសួងបន្តថា៖ «ចាត់កម្លាំងសមត្ថកិច្ចជួយដល់ការយាមកាមឱ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័កនិងនៅតាមផ្ទះ ធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ជាទីបំផុត»។
ក្រសួងក៏បានណែនាំឱ្យចាត់កម្លាំងសហការជាមួយក្រុមគ្រូពេទ្យ ក្នុងការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឱ្យបានទៀងទាត់ ហើយក្នុងករណីអ្នកគ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះឬសណ្ឋាគារ ត្រូវអន្តរាគមន៍បញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ករដ្ឋ។
ក្រសួងបានគូសបញ្ជាក់ថា៖ «ក្នុងករណីមានបុគ្គលណាមិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់សហការអនុវត្តច្បាប់ទៅតាមបទដ្ឋានគតិយុត្តិដែលមានជាធរមាន តាមអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ នៅតាមច្រកចេញ-ចូល និងតម្រូវឱ្យអនុវត្តការធ្វើចត្តាឡីស័កសារឡើងវិញឱ្យគ្រប់ចំនួន១៤ថ្ងៃ»។
បើតាមក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា អ្នកប៉ះពាល់ក្នុងព្រឹត្តការណ៍៣វិច្ឆិកា សរុបជិត២ ៥០០នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់។
ក្រសួងបន្តថា គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៣នាក់៕









