គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានឈ្នះអាសនៈសភាយ៉ាងច្រើននៅក្នុងការបោះឆ្នោតថ្មីៗនេះ ដែលនាំឱ្យអ្នកស្រីមានសំឡេងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
សារព័ត៌មានអារ៉ាប់ អាល់ហ្សាហ្ស៊ីរ៉ា បានចុះផ្សាយថា លទ្ធផលបោះឆ្នោតនៅភូមាផ្សព្វផ្សាយនៅថ្ងៃនេះ បង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងដឹកនាំរដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានឈ្នះសំឡេងភាគច្រើនដាច់ខាតទៅលើគណបក្សប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយក្រុមមេដឹកនាំយោធាភូមា។
បើតាមសារព័ត៌មានដដែលនេះ គណបក្ស NLD ឈ្នះបាន៣៤៦អាសនៈនៅក្នុងចំណោមអាសនៈសភាសរុប៤១២ ដែលចំនួននេះលើសពីចំនួន៣២២អាសនៈ ដែលធានាបាននូវជ័យជម្នះសម្រាប់ការឈានទៅបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស។
គណបក្សមួយនេះបានប្រកាសជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជាតិនេះតាំងពីសប្ដាហ៍នេះម៉្លេះ ខណៈលទ្ធផលបោះឆ្នោតសម្រាប់អាសនៈសភា៦៤ទៀត នៅមិនទាន់ប្រកាសឱ្យដឹងនៅឡើយ។
ចំណែកគណបក្សសាមគ្គីភាពសហព័ន្ធ និងអភិវឌ្ឍន៍ ដែលជាបក្សប្រឆាំងដ៏ធំគាំទ្រដោយក្រុមមេដឹកនាំយោធានោះ ឈ្នះបានត្រឹមតែ២៤អាសនៈប៉ុណ្ណោះ ដែលនាំឱ្យបក្សមួយនេះជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃពុធកន្លងមកនេះ ហើយទាមទារឱ្យមានការបោះឆ្នោតជាថ្មីឱ្យបានលឿន។
គណបក្សប្រឆាំងចាត់ទុកការបោះឆ្នោតថ្មីៗនេះថា មិនសេរី មិនយុត្តិធម៌ លម្អៀង ហើយការឃោសនាបោះឆ្នោតក៏មិនសេរីទៀត។
អ្នកវិភាគមានមូលដ្ឋាននៅទីក្រុងរ៉ងហ្គូន លោក ឃីន ចាវវិន បានព្រមានថា ភូមាអាចប្រឈមមុខនឹងភាពរញ៉េរញ៉ៃនៅប៉ុន្មានខែខាងមុខ ដោយលោកថា ស្ថានការណ៍បែបនេះគឺមកពីគណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវបានចាត់តាំងឡើងដោយរដ្ឋាភិបាល។
គណបក្សរបស់អ្នកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតម្ដងរួចមកហើយកាលពីឆ្នាំ២០១៥ ហើយបានដឹកនាំរដ្ឋាភិបាលស៊ីវិលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រភូមារយៈពេលកន្លះសតវត្សចុងក្រោយ ប៉ុន្តែរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលតាក់តែងឡើងដោយក្រុមមេដឹកនាំយោធា បានរារាំងអ្នកស្រីមិនឱ្យក្លាយជាប្រធានាធិបតីនោះឡើយ ដោយសារតែអ្នកស្រីបានរៀបការជាមួយជនបរទេស។
ទោះជាយ៉ាងណា អ្នកស្រី ស៊ូជី ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋ ជាតំណែងមួយដែលមានតួនាទីដូចទៅនឹងនាយករដ្ឋមន្ត្រីដូច្នោះដែរ៕









