អាជ្ញាធរ​​ទប់​ស្កាត់​​មិន​​ឱ្យ​​ភរិយា​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ដាក់​​ញត្តិ​​ថ្វាយ​ព្រះ​​មហា​ក្សត្រ

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ខណៈ​ដែល​មានការ​រារាំង​ពីសំណាក់​សមត្ថកិច្ច​និង​សន្តិសុខ​ខណ្ឌ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ក្រុម​ស្ត្រី​ដែល​ជា​ភរិយា​និង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង បរាជ័យ​ជាថ្មី​ក្នុង​ការ​ដាក់​ញត្តិ​ថ្វាយព្រះ​មហាក្សត្រនៅ​ព្រះបរមរាជវាំង ដោយសារ​អាជ្ញាធរ​ខណ្ឌដូនពេញទប់ស្កាត់។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ក្រុម​ស្ត្រី​ទាំងនោះ​ដែល​មាន​សមាជិក​ប្រហែល២០នាក់ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ព្រះបរមរាជវាំង ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះរាជទាន​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​មានការ​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ពួក​គេដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ខណៈ​ដែល​មានការ​រារាំង​ពីសំណាក់​សមត្ថកិច្ច​និង​សន្តិសុខ​ខណ្ឌ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ប៉ុន្តែ​ការ​ទៅ​ដាក់​ញត្តិ​នេះ ត្រូវ​បាន​សមត្ថកិច្ច​និង​សន្តិសុខ​ខណ្ឌដូនពេញ រារាំង​និង​ទប់ស្កាត់​ដោយ​មិន​ឱ្យ​ពួក​គេ​យក​ញត្តិ​ទៅ​ដាក់ ហើយក៏​មិន​ឱ្យទៅ​ឈរ​ជិត​របង​ច្រក​ទ្វារ​ខាងត្បូង​ព្រះបរមរាជវាំង​ដែរ។

អ្នកស្រី សេង ចាន់​ថន ជា​ភរិយា​របស់ លោក ស៊ុន ធន់ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និយាយ​ថា ការដែល​ពួក​គាត់​មក​សុំ​ឱ្យ​ព្រះមហាក្សត្រ​ព្រះរាជទាន​អន្តរាគមន៍​នេះ ដោយសារតែ​អ្នកស្រី​អស់ជំនឿ​លើ​ប្រព័ន្ធ​តុលាការដែល​ចោទប្រកាន់​លើ​ប្ដី​របស់​គាត់​ដោយ​អយុត្តិធម៌។

អ្នកស្រី​ថា៖ «គាត់ ​[ប្តី​អ្នកស្រី​] អត់មាន​កំហុស​ដូច​ការចោទប្រកាន់​ទេ ពាក្យ ​”ក្បត់ជាតិ” មួយ​ម៉ាត់ ទាល់តែ​គាត់​លក់​ជាតិ លក់​ទឹកដី តែ​គាត់​អត់មាន​ធ្វើ​អ៊ីចឹង​ទេ។ ដូច្នេះ ទើប​ខ្ញុំ​មករ​ក ព្រះអង្គ​ [ព្រះមហាក្សត្រ​] ឱ្យ​ព្រះអង្គ​ជួយ ព្រោះ​ខាង​ខ្ញុំ​តវ៉ា​ប៉ុន្មាន​ដង​ហើយ​នៅ​មិនទាន់​ដាច់​ស្រេច​ទេ អ៊ីចឹងស្វាមី​ពួក​ខ្ញុំ​នៅតែ​ជាប់​ក្នុង​ពន្ធនាគារដោយ​វេទនា ហើយ​ខ្ញុំ​ក៏​វេទនា​ដែរ»។

ភរិយាលោក កាក់ កុម្ភា​រ អតីត​សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​អ្នកស្រី ព្រុំ ចន្ថា បង្ហាញ​ការ​ខកចិត្ត​នៅពេល​មករ​កព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​ជួយ ប៉ុន្តែ​បែរជា​មិន​មាន​មន្ត្រី​ព្រះបរមរាជវាំង​មក​ទទួល​ញត្តិ ខណៈ​អាជ្ញាធរ​បាន​រារាំងនិង​រុញ​មិន​ឱ្យ​ពួក​គាត់​ទៅ​ជិត​របង​ព្រះបរមរាជវាំង​ទៀត។ 

អ្នកស្រី​ថា៖ «មានតែ​ព្រះអង្គ​ទេដែល​អាច​ជួយ​កូនចៅ​បាន បើ​ព្រះអង្គ​យុត្តិធម៌ ព្រះអង្គ​សុ​ក្រឹត្យ មែន ព្រះអង្គ​ជួយ​កូនចៅ​ផង សម្ដេចម៉ែជួយ​ផង កូនចៅ​វេទនាណាស់ មក​ឈរហាលថ្ងៃ គេ​ដេញ​ត្រណាត់ត្រណែង គេ​ធ្វើបាប​សព្វសារពើ មាន​អ្នក​វាយ មាន​អ្នក​តប់ មាន​អ្នក​ទាញ មក​មើលកូន​ចៅ​ឈរហាលថ្ងៃ​យំ​ស្រែក ដើម្បី​ឱ្យ​សម្ដេចម៉ែ​ជួយ តើ​យុត្តិធម៌នៅត្រង់​ណា​? ជួយ​ផង​ទៅ។ ជួយ​លើកលែង​ការចោទប្រកាន់​របស់​តុលាការ រាជរដ្ឋាភិបាលទាំងមូល ឡាយ​ព្រះ​ហត្ត [ព្រះហត្តលេខា] លើកលែងទោស​ទាំងអស់​ឱ្យ​ប្ដី​កូនចៅ​មាន​សេរីភាព​មក»។

នេះ​ជា​លើក​ទី២ ដែល​ក្រុម​ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ស្វែងរក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ក្រោយពី​ពួក​គេ​បរាជ័យ​ក្នុង​ការ​ដាក់​ញត្តិ​ម្តង​រួចមក​ហើយ កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន ដោយសារ​អាជ្ញាធរ​រារាំងនិង​មិន​មាន​មន្ត្រី​ព្រះបរមរាជវាំង​ចេញ​មក​ទទួល​ញត្តិ។

តែ​យ៉ាងណា ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ លោក គឹម វុត្ថា ដែល​នៅ​ឈរ​ចាំ​បញ្ជា​ក្រុម​សន្តិសុខ​ឱ្យ​រារាំង​ក្រុម​ស្រ្តី​ទាំងនោះ បាន​ថ្លែង​ថា ព្រះបរមរាជវាំងមិនមែន​ជា​កន្លែង​ដែល​ទទួល​ញត្តិ​នោះ​ទេ។

លោក​ថា៖ «ទៅផ្ទះ​បាន តែបើ​មិនទៅ​ទេ ឱ្យ​នៅកន្លែង​ហ្នឹង មិន​ឱ្យ​ចេញ​ទេ​ណា។ អ្នកណា ចេញ​ រឿងជាមួយ​ខ្ញុំ​ហើយ»។ 

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ អះអាង​ថា ស្វាមី​របស់​ពួក​គាត់​ដែល​ជា​អតីត​សកម្មជននិង​សមាជិក​ក្រុមប្រឹក្សា​មក​ពីអ​តី​តគណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ «ញុះញង់ និង​រួមគំនិតក្បត់» ពាក់ព័ន្ធ​សំណុំរឿង​វិល​ចូល​ស្រុករបស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ២០១៩។ ប៉ុន្តែ​ក្រុម​ស្ត្រី​ថា ស្វាមី​របស់​ពួក​គាត់​ទាំងអស់គ្នាមិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា សង្កេតឃើញ​ថា ការណ៍ដែល​ភរិយានិង​កូន​ៗរបស់​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ដាក់​ញត្តិ​នៅ​ព្រះបរមរាជវាំង នា​ពេលនេះ ដោយសារតែ​កន្លងមក ពួក​គេ​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ មិន​មាន​ដំណោះស្រាយ។ លោក​ចាត់ទុក​ការរារាំង​និង​ទប់ស្កាត់​របស់​អាជ្ញាធរ ទៅលើ​ភរិយា​និង​កូន​ៗអតីត​សកម្មជន​បក្ស​ប្រឆាំង​មិន​ឱ្យ​ដាក់​ញត្តិ​នេះ ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

លោក​ថា៖ «ខ្ញុំ​យល់ថា ការរារាំង​របស់​អាជ្ញាធរ​ហាក់ដូចជា​មិនមែន​ជា​រឿង​សម​ហេតុផល​ទេ ពីព្រោះ​ព្រះ​ហា​ក្សត្រ ព្រះអង្គ​ជាអ្នកធានា​ផ្តល់​នូវ​យុត្តិធម៌​សង្គម​ទៅ​ប្រជាពលរដ្ឋ។ ការ​ផ្ដល់​ព័ត៌មាន​ទៅ​ព្រះអង្គ​ គឺជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ ដើម្បី​ឱ្យ​សេនាធិការ​ក្រុមការងារ​របស់​ព្រះអង្គ​អាច​ជួយការ​ងារ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ដើម្បី​ជួយ​រក​ដំណោះស្រាយ​ក្នុង​រឿង​យុត្តិធម៌សម្រាប់​ពួក​គាត់»។ 

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា៨ ចែងថា ព្រះមហាក្សត្រ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នកធានា​ឯករាជ្យជាតិ អធិបតេយ្យ​ភាព និង​បូរណភាពទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នកធានា​ការគោរព​សិទ្ធិនិង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ។ 

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​និង​ឪពុក​របស់​ពួក​គាត់​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ទូត​នានា អស់​រយៈពេល២២សប្តាហ៍​មក​ហើយ គិត​មកដល់​ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា​នេះ។ កន្លងមក ពួក​គេ​បាន​ដើរ​ដាក់​ញត្តិ​នៅ​ស្ថានទូត​តំណាង​ឱ្យ​ប្រទេស​មហា​អំ​ណាច​ធំៗ​មួយចំនួន ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង់គ្លេស អូស្ត្រាលី បារាំង និង​ជប៉ុន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ