ប្រជាពលរដ្ឋនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បារម្ភមានការផ្ទុះឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងសហគមន៍ដោយពួកគេថា តំបន់ព្រៃធំនៅក្នុងឃុំនេះជាកន្លែងមានជនបរទេសច្រើននៅតែបន្តបើកខារ៉ាអូខេធម្មតា បើទោះបីជាក្រសួងសុខាភិបាលប្រកាសឱ្យផ្អាកក៏ដោយ។
តំបន់ជ្រៃធំនៅក្នុងឃុំសំពៅពូនស្ថិតនៅជាប់ព្រំដែនជាមួយវៀតណាម ជាកន្លែងដែលមានកាស៊ីណូ ហើយមានជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ីច្រើនធ្វើការងារនៅទីនោះ។
ប្រជាពលរដ្ឋរស់នៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល លោក រឹម នី បានប្រាប់វីអូឌីនៅថ្ងៃនេះថា ហាងការខារ៉ាអូខេ ដែលមានទីតាំងស្ថិតនៅច្រកទ្វារចូលវត្តព្រែកស្បូវ ចំងាយប្រហែលជា៥០ទៅ៦០ម៉ែត បានបើកអាជីវកម្មរបស់ខ្លួន ដោយមិនមានអាជ្ញាធរចុះបង្ក្រាបនោះទេ។
លោក នី បង្ហាញការព្រួយបារម្ភខ្លាចឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារតែអ្នកដែលចូលទៅច្រៀងនៅកន្លែងនោះ ភាគច្រើនជាជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី។
លោកនិយាយថា៖ «មានជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ីចូលច្រៀង ពេលចេញមករញ៉េរញ៉ៃពេញផ្លូវ ខ្ញុំនៅជិតហ្នឹង លាន់ឮរំខានខ្លាំង អត់ឃើញសមត្ថកិច្ចចុះបង្ក្រាបទេ ខ្ញុំខ្លាចតែឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍»។
លិខិតអនាមិកដែលវីអូឌីទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ខារ៉ាអូខេនៅតំបន់ផ្លូវចូលទៅវត្តព្រែកស្បូវនៅតែបន្តបើកហើយមានអ្នកចូលទៅច្រៀង និង មានការទទួលទានគ្រឿងស្រវឹងទាំងយប់ទាំងថ្ងៃ។
លិខិតចំហនោះបញ្ជាក់ចោទ មេប៉ុស្តិ៍នគរបាលនៅឃុំសំពៅពូន លោក ហុង សុខលី ថាបានចេញចូលហាងខារ៉ាអូខេនោះញឹកញាប់ និងចេញមកស្រវឹងស្រាទៀតផង។ ប៉ុន្តែមេប៉ុស្តិ៍សំពៅពូន លោក ហុង សុខលី បដិសេធនឹងការលើកឡើងនេះ។
ដោយឡែក ក្រោយពីក្រសួងសុខាភិបាលណែនាំឱ្យបិទខារ៉ាអូខេបណ្តោះអាសន្ននោះ មេប៉ុស្តិ៍រូបនោះអះអាងថា សមត្ថកិច្ចបានហៅម្ចាស់ហាងធ្វើការអប់រំ និងណែនាំចំនួន២ដងមកហើយ។ លោកថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងាររបស់លោក បានចុះល្បាតរហូតដល់ម៉ោងជាង១២រំលងអធ្រាតជារៀងរាល់ថ្ងៃ តែមិនឃើញមានហាងខារ៉ាអូខេណាមួយបន្តបើកនោះទេ ។
លោកមានប្រសាសន៍ថា៖ «យប់មិញពួកខ្ញុំម៉ោងជាង១២អត់ទាន់ចូលសម្រាកទេ អត់ឃើញ ហាងខារ៉ាអូខេណាបើកទេ ព្រោះដើរល្បាតមើលការងារហ្នឹងផង និងការងារផ្សេងផង អត់អីទេ បើសិនជាបានព័ត៌មានប៉ុណ្នឹង ចាំខ្ញុំពិនិត្យតាមដានបន្តទៀត»។
អធិការស្រុកកោះធំ លោក ស៊ីម ឃាង មានប្រសាសន៍ថា លោកបានចាត់ក្រុមការងារចុះពិនិត្យនៅតាមគោលដៅផ្សេងគ្នា កុំឱ្យបើកខារ៉ាអូខេ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ផងដែរ។ ប៉ុន្តែលោកថា ក្រោយពីទទួលបានព័ត៌មាននេះ លោកនឹងចាត់ក្រុមការងារចុះតាមដានករណីនេះបន្ថែមទៀត ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖ « ក្រែងមានការចន្លោះប្រហោង ប៉ុន្តែខ្ញុំបានដាក់វិធានការតឹងរឹង ខ្ញុំបានឱ្យសមត្ថកិច្ចចុះល្បាតជារៀងរាល់យប់ ខ្ញុំនឹងឱ្យសមត្ថកិច្ចបន្តតាមដានទៀត អគុណដែលបានផ្តល់ព័ត៌មាន »។
តាមលិខិតអនាមិកបញ្ជាក់ថា ពេលដែលថ្នាក់លើចុះទៅត្រួតពិនិត្យគឺមានមន្ត្រីលួចផ្តល់ដំណឹងទៅម្នាក់ខារ៉ាអូខេឱ្យរៀបចំទុកមុនទើបរកមិនឃើញកំហុស។
ក្រោយពីព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកានេះ ក្រសួងសុខាភិបាលចេញលិខិតមួយ កាលពីថ្ងៃទី៨ក្នុងខែដដែលនេះ ដោយស្នើទៅក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ដើម្បីបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរទូទាំងប្រទេស ដោយមិនកំណត់ពេល រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។ចំណែកសាលារៀននៅក្នុងរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងតំបន់មួយចំនួនទៀតដែលសង្ស័យមានការឆ្លងរាលដាលមេរោគកូវី១៩ ក៏ត្រូវផ្អាកបណ្តោះអាសន្នដែរ៕









