រយៈពេល១០ខែកម្ពុជានាំអង្ករទៅបរទេសកើនឡើងជាង៥សែនតោន

កម្ពុជាអះអាងថា ការនាំអង្ករចេញទៅក្រៅប្រទេសក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ មានការកើនឡើងចំនួនជាង៥សែនតោន ដែលកំណើននេះស្មើនឹង ១៧,១១%  ហើយទីផ្សារដែលទទួលទិញច្រើនជាងគេគឺចិន។​

ក្នុងគេហទំព័ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក ៣៦%។

រីឯបណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុប មានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣%។ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ី និងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី ញូហ្សេឡេន មានចំណែក៦%  បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% រួមទាំងបណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%។

ករណីនេះ សហព័ន្ធស្រូវអង្ករបញ្ជាក់ថា គិតត្រឹម១០ខែ នៃឆ្នាំ២០២០នេះ តួលេខនាំអង្ករចេញទៅក្រៅប្រទេសទាំង​នោះ មានចំនួន ៥៣៦ ០៣៥ តោន ដែលកំណើននេះស្មើនឹង ១៧.១១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ចំណែកឯចំណូលវិញ សហព័ន្ធស្រូវអង្ករឱ្យដឹងដែរថា កម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ កើនឡើងជិត៤៧លានដុល្លារសហរដ្ឋអាមេរិក ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ