ប្រធានរាជបណ្ឌិតសភាកម្ពុជាបារម្ភពីឈើធំៗនៅក្នុងឧទ្យានដែលលោកគ្រប់គ្រងត្រូវកាប់បំផ្លាញអស់ហើយថា ក្រុមកាប់បំផ្លាញមិនមែនជាមនុស្សសាមញ្ញទេគឺក្រុមដែលមានការទំនាក់ ទំនងគ្នាជាប្រព័ន្ធ។
នៅម៉ោងជាង១១យប់ថ្ងៃទី១៣ខែវិច្ឆិកា លោក សុខ ទូច អះអាងថា លោកបានឃាត់ជនសង្ស័យ និងរថយន្តដឹកឈើដែលគ្រោងដឹកចេញពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា។ លោក សុខ ទូច អះអាងថា លោកបានដឹងគឺអ្នកដែលដឹកឈើនោះមិនមែនជាមនុស្សសាមញ្ញាទេ។
លោក សុខ ទូច៖«ពេលថ្ងៃគាត់កាប់ ហើយពេលយប់គាត់ដឹក។ ហើយអ្នកដឹកហ្នឹងយើង ដឹងហើយប្រភពដឹកមិនមែនអ្នកសាមញ្ញទេ មានកម្រិតទំនាក់ទំនងជាប្រព័ន្ធ»។
លោក សុខ ទូច លើកឡើងថា ក្រុមកាប់ឈើធំៗនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប មានទិដ្ឋភាព។
លោក សុខ ទូច៖«១-បំផ្លាញមរតកដែលមនុស្សជំនាន់មុនបានបន្សល់ទុក ២-បំផ្លាញឆ្នាំង បាយរបស់ខ្លួនឯង ៣-បំផ្លាញមរតកវប្បធម៌របស់ខ្លួន ៤-បំផ្លាញបរិស្ថាន ៥-រស់មួយថ្ងៃចង្រៃ មួយជាតិ»។
លោក សុខ ទូច បានប្រគល់ជនសង្ស័យ ឈើ និង រថយន្តទៅឱ្យសមត្ថកិច្ច។ លោកក៏ បានបញ្ជាក់ថា បើលោកមិនខិតខំការពារនោះទេ ព្រៃឈើក្នុងឧទ្យានដែលលោក គ្រប់គ្រងនឹង ត្រូវកាប់បំផ្លាញអស់។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប មានផ្ទៃដីសរុបចំនួន ១១៤,៣៥គីឡូម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ឃុំឆែប១ និង ឃុំឆែប ២ស្រុកឆែប ខេត្តព្រះវិហារ៕
អត្ថបទដោយ ម៉ិច ជួឡាយ