សមត្ថ​កិច្ច​​មិន​​ឱ្យ​​អតីត​​សកម្ម​ជន​​ប្រមូល​ផ្ដុំ​​មុខ​​អតីត​​ទី​ស្នាក់​ការ​​បក្ស​​សង្គ្រោះ​​ជាតិ​ នៅ​​ថ្ងៃ​ខួប​​រំលាយ​​គណ​បក្ស​

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែ ក្រុងភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សមត្ថកិច្ចបាន​រារាំង​អតីត​សកម្មជននិង​អ្នកគាំទ្រ​មិន​ឱ្យទៅ​ប្រមូលផ្ដុំ​គ្នា​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ថ្ងៃនេះ​ជា​ខួប៣ឆ្នាំ​នៃ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ។ 

កម្លាំង​សន្តិសុខ​ចម្រុះ​ជាច្រើន​នាក់ និង​រនាំង​ដែកត្រូវ​បាន​សមត្ថកិច្ច​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​ទីស្នាក់ការ​កណ្ដាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ក្រៅពី​ដាក់​កម្លាំង​ពង្រាយនិង​រនាំង កម្លាំង​សមត្ថកិច្ចក៏​មានការ​ត្រួតពិនិត្យ​យានយន្តនៅ​ខាងមុខ​អតីត​ទី​ស្នាក់​ការគណបក្ស​នេះ ក្រោម​ហេតុផល​ថា ដើម្បី​ពង្រឹង​សន្តិសុខ។ 

អតីត​ក្រុមប្រឹក្សា​ឃុំ​មក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តស្វាយរៀង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួក​គាត់​ដែល​ជា​អតីត​សកម្មជន​បក្ស គ្រោង​នឹង​ទៅ​ជួបជុំគ្នា​នៅ​អតីត​ទីស្នាក់ការ​គណបក្ស ដើម្បី​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​រំលាយ​អតីត​គណបក្ស​នេះ កាលពី៣ឆ្នាំមុន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំងនិង​មិន​ឱ្យ​ពួក​គាត់​ទៅ​ក្បែរ​ទីនោះ​ឡើយ។

លោក​ថា៖ «ប្រជាពលរដ្ឋ​មួយចំនួនមក​ពី​តាម​ខេត្ត​ដែល​គាត់​មកកាន់​ទុក្ខ​ [គណបក្ស​ដែលគេ​រំលាយ​] ហើយក៏​ជា​អតីត​ក្រុម​អ្នកតស៊ូ​របស់​គណបក្ស​ប្រឆាំង ដើម្បី​មកកាន់​ទុក្ខ​នៅ​ទីស្នាក់ការ​នេះ​ប្រហែល៤ទៅ១០នាក់ ហើយក៏​វិលទៅផ្ទះវិញ នេះ​ជា​គម្រោង ប៉ុន្តែ​ពេល​មកដល់​មិនបាន​ដូច​បំណង ​[…] សូម្បីតែ​ឡាន​តាក់ស៊ី [រថ​យន្ត​ឈ្នួល​] ណា​ដែល​មាន​មនុស្ស​ច្រើន​ ក៏​គេ​ហៅ​ឈប់​ពិនិត្យសួរនាំ​អ៊ីចឹង​ទៅ»។

លោក​បញ្ជាក់​ថា ពួក​គាត់​មិន​ហ៊ាន​ជម្នះ​ដើម្បី​ប្រមូល​ផ្តុំ​នោះ​ទេ ដោយសារ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន។

តំណាង​យុវជន​មក​ពីអ​តី​តគណ​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តស្វាយរៀង លោក ស៊ុន មករា និយាយ​ថា ពួក​គាត់ទៅ​ទីស្នាក់ការ​អតីត​គណបក្ស​ថ្ងៃនេះ ដើម្បីរំឭក​ខួប៣ឆ្នាំនៃ​ការ​រំលាយ​គណបក្ស និង​ទៅ​មើល​ដី​កាដែ​លតុ​លា​ការបាន​យក​ទៅ​បិទ​នៅ​ទីនោះ​ ថា​មានឈ្មោះ​ពួក​គាត់​ឬអត់​តែប៉ុណ្ណោះ។

លោក​ថា៖ «ខ្ញុំ​ទៅ​នេះ គឺ​ចង់ទៅ​មើល​ឈ្មោះ​បិទ​នៅកន្លែង​ទីស្នាក់ការ​ចាស់​នេះ​ផង​ដែរ ហើយក៏​រំ​ឭកអនុ​ស្សា​វរីយ៍​កន្លែង​ធ្លាប់ធ្វើ​ការចេញចូល​អ៊ីចឹង​ទៅ ហើយ​នឹកឃើញ​អតីតកាល​គេ​រំលាយគណបក្ស»។

អតីត​យុវជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ លោក ឡុញ ស៊ុំ​សុ​ម៉ា បង្ហាញ​ការ​សោកស្ដាយ​ដែល​សមត្ថកិច្ច​មិន​ឱ្យ​ពួក​គាត់​ជួបជុំគ្នា​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រៅពី​រារាំង​មិន​ឱ្យ​ជួបជុំ​ហើយ លោក​ថា សមត្ថកិច្ច​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​គាត់​តាំង​ចេញពី​ស្នាក់​ការ​គណបក្ស​រហូតដល់​ផ្ទះ។ លោក​ចាត់ទុក​សកម្មភាព​នេះ​ថា ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាពនិង​គំរាមកំហែង​ពួក​គាត់​មិន​ឱ្យ​ចេញ​តស៊ូ​មតិ។

លោក​ថា៖ «ខ្ញុំ​គ្រាន់តែ​ដឹង​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ​មិន​ខុសច្បាប់​ទេ ដោយសារយើង​គ្រាន់តែ​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្បែរ​ហ្នឹង រឿង​អី​គេ​តាមខ្ញុំ​ដល់​ផ្ទះ។ ខ្ញុំ​មានការ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ទេ»។

អភិបាលរង​ខណ្ឌមានជ័យ លោក ឌី រ័ត្ន​ខេម​រុ​ណ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ដាក់​ពង្រាយ​កម្លាំង​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​តែប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖ «កម្លាំង​របស់​យើង​ដាក់​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ ហើយ​ទី២ ពង្រឹង​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​តែ​ប៉ុណ្ណឹង​ទេ អត់មាន​ពាក់ព័ន្ធ​អី​ទេ»។

សន្តិសុខ​ខណ្ឌមានជ័យ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​អ្នកសារព័ត៌មាន​វី​អូ​ឌី​ថា ការ​ដាក់​កម្លាំង​ពង្រាយ​នៅ​ជុំវិញ​ទីស្នាក់ការ​បែបនេះ បន្ទាប់ពី​ទទួល​ដំណឹង​ថា មាន​ក្រុមសកម្ម​ជន​និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទៅ​ជួបជុំគ្នា​នៅ​ទីនោះ នៅ​ខួប៣ឆ្នាំ​នៃ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

សន្តិសុខ​ខណ្ឌមានជ័យ បាន​និយាយ​ថា៖ «មក ​[មុខ​ស្នាក់​ការ​] ហ្នឹង ព្រោះ​ឮ​ថា ​មាន​សកម្មជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មក​ប្រមូលផ្ដុំ​នៅ​ទីនេះ»។

នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា​នេះ​ដែរ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ថា ទោះបីជា​រដ្ឋាភិបាល​រំលាយ​គណបក្ស​នេះ​អស់​រយៈពេល៣ឆ្នាំ​ហើយក៏​ដោយ ប៉ុន្តែ​គណបក្ស​នេះនៅតែ​ស្ថិតនៅ​ក្នុង​បេះដូង​របស់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដដែល។

សេចក្ដីថ្លែង​ការណ៍​បន្ត​ថា៖ «ទោះបីជា​ទទួលរង​នូវ​ការ​ធ្វើទុក្ខ​បុ​កម្នេញ​ឥត​ឈប់ឈរ​ពីសំណាក់​របប​ឯក​បក្ស​ដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ជាពិសេសខ្មែរ​អ្នកស្នេហាជាតិ​ និង​អ្នក​ស្រឡាញ់​សិទ្ធិ​សេរីភាពនិង​លទ្ធិប្រជាធិបតេយ្យ​គ្រប់​មជ្ឈ​ដ្ឋា​នទាំង​ក្នុងនិង​ក្រៅប្រទេស»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា បាន​ចាត់ទុក​ការរារាំង​របស់​អាជ្ញាធរ​ថា ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ។ 

លោក​ថា៖ «ការ​ជួបជុំគ្នាដើម្បី​ធ្វើការ​សម្ដែង​មតិ​ដោយសន្តិវិធី អាហ្នឹង​វា​ជា​ការរំលោភ​សិទ្ធិ​របស់​ពួក​គាត់​ហើយ ព្រោះ​សង្គម​ប្រជាធិបតេយ្យ​ អា​សិទ្ធិ​ក្នុង​ការ​ជួបជុំទាមទារ​តវ៉ា​សម្ដែង​មតិ​ទាំងអស់​ហ្នឹង វា​ជា​មូលដ្ឋាន​គ្រឹះសម្រាប់​សង្គម​ប្រជាធិបតេយ្យ»។

តុលាការ​កំពូលបាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន១១៨នាក់ ក្នុង​ម្នា​ក់ៗ​ចំនួន៥ឆ្នាំ កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បណ្តឹ​ងរ​បស់​ក្រសួងមហាផ្ទៃ ដោយ​ចោទ​ថា គណបក្ស​ប្រឆាំង​មួយ​នេះបាន​ឃុបឃិតជាមួយ​បរទេស តាមរយៈ​រូបភាព​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រោយពី​រំលាយ​គណបក្ស​នេះ មាន​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​សរុប​ជាង១០០នាក់​ហើយ ត្រូវ​បាន​កោះ​ឱ្យ​ចូលខ្លួន​ទៅ​ក្នុង​សវនាការ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ក្រោម​បទចោទប្រកាន់ «រួមគំនិតក្បត់​ និងញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ