កម្ពុជា​​ដឹក​ជញ្ជូន​​ម៉ាស់​និង​​បរិ​ក្ខា​រ​ពេទ្យ​​ផ្សេង​ទៀត​​ជួយ​​ដល់​​ឡាវ​​ទប់​ស្កាត់​​ជំងឺ​​កូ​វីដ១៩

ម៉ាស់​និង​បរិក្ខារ​ពេទ្យ​ដែល​នឹង​ត្រូវ​ដឹកជញ្ជូន​ផ្ដល់​ទៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

​កម្ពុជា​ដឹកជញ្ជូន​ម៉ាស់​ចំនួន២លាននិង​បរិ​ក្ខា​រពេទ្យ​ផ្សេងទៀតផ្ដល់​ទៅ​ប្រទេស​ឡាវ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ខណៈ​ប្រទេសជិតខាង​កម្ពុជា​មួយ​នេះប្រឈមមុខនឹង​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​តិចតួច​ប៉ុណ្ណោះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបរាប់​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ និង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ ត្រូវ​បាន​ចាត់តាំង​ជា​តំណាង​ពិសេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ នៅក្នុង​ការ​ដឹកជញ្ជូន​ម៉ាស់និង​បរិ​ក្ខា​រពេទ្យ​ផ្សេងទៀតប្រគល់​ជូន​ប្រទេស​ឡាវ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ដដែល ម៉ាស់២លាននិង​បរិ​ក្ខារ​ពេទ្យ១២មុខ​ផ្សេងទៀត ត្រូវ​បាន​ដឹកជញ្ជូន​តាមយន្តហោះ​ពិសេស​នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ជួយ​ប្រទេស​ឡាវ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

បើ​តាម​តួលេខ​កត់ត្រា​ដោយ​អង្គការសុខភាព​ពិភពលោក ប្រទេស​ឡាវ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប២៤ករណី​រហូតមកដល់​ថ្ងៃនេះ ក្នុង​នោះ​អ្ន​កជំងឺដល់ទៅ២៣នាក់​ហើយត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​នៅសល់​អ្នកជំងឺ​ម្នាក់ទៀត​កំ​ពុង​សម្រាក​ព្យាបាល​បន្ត ប៉ុន្តែគ្មាន​នរណា​ស្លាប់​នោះ​ឡើយ។

ទន្ទឹមគ្នា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប៣០២ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ ​អ្នកជំងឺ២៨៩នាក់ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ថាបាន​ជាសះស្បើយ​ហើយ ខណៈ​អ្នកជំងឺ១៣នាក់​ទៀតកំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​ទៀត​នៅឡើយ។

ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ស្ថិត​ក្នុង​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធ័រ ស៊ី​ចា​តូ នៅ​កម្ពុជា​កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា។ គណៈប្រតិភូ​ហុងគ្រី​រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ១៩ នៅពេល​លោក​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជាទៅដល់​ប្រទេស​ថៃ​នៅក្នុង​ថ្ងៃ​ដដែល​នោះ។

គិត​មកដល់​ថ្ងៃនេះ មន្ត្រី​កម្ពុជា៣រូប និង​មន្ត្រីទូត​ហុងគ្រី១រូប ត្រូវ​បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ១៩ ក្រោយពី​ពួក​គេ​បាន​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ហុងគ្រី​រូប​នេះ។

អាជ្ញាធរ​សុខាភិបាលនិង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃ​របស់​កម្ពុជា បាន​ហាមឃាត់​ការ​ជួបជុំ​នានា បិទ​ផ្អាក​ទីតាំង​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ៗ ផ្អាកសាលារៀន​នៅ​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្ដាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ