ក្រសួងសុខាភិបាលបានប្រកាសថា បានធ្វើតេស្តទៅលើសំណាក២៨នាក់បន្ថែមទៀតដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា កន្លងមកនេះ ប៉ុន្តែក្រសួងថា គ្មាននរណាម្នាក់បង្ហាញសញ្ញាវិជ្ជមាននោះឡើយ។
ក្រសួងសុខាភិបាលបានប្រកាសបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ បន្ទាប់ពីការធ្វើតេស្តលើកទី៣ ទៅលើមនុស្សជាច្រើននាក់ដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធ័រ ស៊ីចាតូ កាលពីដើមខែនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងសុខាភិបាលបានអះអាងថា លទ្ធផលវិភាគលើកទី៣ទៅលើសំណាក១ ៣៥២ បង្ហាញថា គ្មានរណាម្នាក់ឆ្លងជំងឺកូវីដ១៩នោះទេ ខណៈដែលលទ្ធផលតេស្តទៅលើសំណាក២៨បន្ថែមទៀត ក៏បង្ហាញសញ្ញាអវិជ្ជមានដូចគ្នា។
ក្រសួងបញ្ជាក់ថា សំណាកដល់ទៅ៣ ៩១៨ ត្រូវបានធ្វើតេស្តនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ ដែលសុទ្ធតែបង្ហាញសញ្ញាអវិជ្ជមានទាំងអស់ លើកលែងតែមន្ត្រីជាន់ខ្ពស់កម្ពុជា៣រូប និងមន្ត្រីការទូតហុងគ្រី១រូបប៉ុណ្ណោះ ដែលត្រូវបានរកឃើញផ្ទុកជំងឺកូវីដ១៩។
គិតមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស៣០២នាក់ហើយឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីចុងខែមករាមក ប៉ុន្តែក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន២៨៩នាក់ ឬស្មើនឹង៩៥,៧០ភាគរយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ១៣នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាលបន្ត៕