ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៥០០នាក់ មកពីសហគមន៍ចំនួន៦ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាបោះតង់សម្រាកនៅមុខសាលាដំបូងខេត្ត កាលពីយប់មិញ និងបន្តជួបជុំគ្នានៅថ្ងៃពុធនេះ ដើម្បីគាំទ្រតំណាងពលរដ្ឋចំនួន៨នាក់ដែលតុលាការកោះហៅឱ្យចូលបំភ្លឺ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី៨នាក់ នៅឃុំជីខលើ ស្រុកស្រែអំបិល ត្រូវបានតុលាការខេត្តកោះកុង កោះហៅឱ្យឆ្លើយបំភ្លឺជាបន្តបន្ទាប់តាំងពីម្សិលមិញនិងថ្ងៃនេះ ក្រោមបទចោទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្តឹងរបស់លោកឧកញ៉ា ហេង ហ៊ុយ និងបុគ្គលម្នាក់ទៀតឈ្មោះ ឆាយ វី។
អ្នកស្រី ដេត ហួរ ដែលអះអាងថាជាតំណាងពលរដ្ឋ១៩៧គ្រួសារ និងកំពុងជាប់បណ្តឹងនៅតុលាការដែរនោះ ប្រាប់វីអូឌីថា ថ្ងៃម្សិលមិញ តំណាងពលរដ្ឋ៥នាក់ដែលតុលាការបានកោះហៅបំភ្លឺពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលមានដើមបណ្តឹងគឺលោកឧកញ៉ា ហេង ហ៊ុយ រួមមាន អ្នកស្រី អិប តឹង, លោក ឆាន ឈឿន, លោក ហេង ជៃ, លោក សុខ ជៃ និងលោក គង់ មែន។
អ្នកស្រីបន្តថា ចំណែកតំណាងពលរដ្ឋចំនួន៣នាក់ទៀត រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ខន ផុន និងអ្នកស្រី សេង លីន ត្រូវបានតុលាការហៅឱ្យឆ្លើយបំភ្លឺនៅថ្ងៃពុធនេះ តាមបណ្តឹងរបស់អ្នកស្រី ឆាយ វី។
ចំណែកពលរដ្ឋប្រមាណ៥០០នាក់ដែលឡើងទៅប្រមូលផ្តុំនៅមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងរបស់ខ្លួននោះ អ្នកស្រីថា មានពលរដ្ឋសហគមន៍១៩៧ សហគមន៍បូទុមសាគរ សហគមន៍៧៦៦ សហគមន៍១៧៥ សហគមន៍៨៤៨ និងសហគមន៍១២៩ ស្ថិតក្នុងខេត្តកោះកុង។ អ្នកស្រីបញ្ជាក់ថា ក្រុមអ្នកភូមិឡើងទៅប្រមូលផ្តុំនេះ គឺដោយសារតំណាងទាំងនោះពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
អ្នកស្រីបន្ថែមថា៖ «អញ្ចឹងពួកយើងមកមើលថា តើតុលាការកាត់ក្តីនេះមានភាពយុត្តិធម៌ដែរទេ ត្រឹមត្រូវតាមច្បាប់ដែរឬទេ តុលាការគាត់វិនិច្ឆ័យត្រឹមត្រូវដែរទេ ពីព្រោះតំណាងពលរដ្ឋទាំងនោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ពួកគាត់និយាយតែអ្វីដែលជាការពិត មិនបានបរិហារកេរ្តិ៍អ្នកណាទេ»។
អ្នកស្រី យី គន្ធា អះអាងជាតំណាងពលរដ្ឋសហគមន៍១៧៥ មកពីឃុំជីខលើ បានចាត់ទុកការចោទប្រកាន់និងការកោះហៅរបស់តុលាការថាជារឿងអយុត្តិធម៌ ខណៈដែលដីធ្លីរបស់ពួកគាត់ត្រូវគេរំលោភយកហើយ ហើយត្រូវបានគេប្តឹងទៅតុលាការថែមទៀត។
អ្នកស្រីថា៖ «ខ្ញុំមើលទៅវាអយុត្តិធម៌សម្រាប់ពួកគាត់ខ្លាំងណាស់ អ៊ីចឹងហើយបានជាពួកយើងមកគាំទ្រគាត់។ ហើយយើងសង្ឃឹមថា តុលាការខេត្តកោះកុងនឹងកាត់ក្តីដោយយុត្តិធម៌ចំពោះពួកគាត់។ ពួកយើងបានគិតហើយថា ប្រសិនបើមានការឃាត់ខ្លួន គឺពួកយើងនឹងប្រមូលផ្តុំគ្នាតវ៉ាមុខតុលាការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគាត់»។
អ្នកស្រី ឆាយ វី ដែលជាដើមបណ្តឹង និងជាអតីតតំណាងពលរដ្ឋសហគមន៍១៧៥ លើកឡើងថា កន្លងមក អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ខន ផុន និងអ្នកស្រី សេង លីន ដែលតុលាការកោះហៅទៅបំភ្លឺតាមបណ្តឹងរបស់អ្នកស្រីនោះ ធ្លាប់បានចោទអ្នកស្រីថា បានឃុបឃិតគ្នាលួចលក់ដីសហគមន៍ទៅឱ្យឧកញ៉ានៅខេត្តកោះកុង។ អ្នកស្រីចាត់ទុកការចោទប្រកាន់នេះ ថាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី ខណៈអ្នកស្រីមិនបានលួចលក់ដីរដ្ឋឬដីសហគមន៍ដូចការចោទប្រកាន់នោះឡើយ។
អ្នកស្រីបន្ថែមថា៖ «ទី១ សុំឱ្យអ្នកស្រី ផាវ ញ៉ើង រកទីតាំងដែលចោទខ្ញុំថាលួចលក់ដី៤០ហិកតានៅត្រង់ចំណុចណា។ ទី២ សុំឱ្យអ្នកស្រី ផាវ ញ៉ើង រកលិខិតដែលខ្ញុំផ្ទេរសិទ្ធិទៅឱ្យឈ្មោះ “ក” ឬ “ខ”។ បើរកភស្តុតាងមិនឃើញដូចគាត់ចោទប្រកាន់ខ្ញុំទេ ខ្ញុំសុំឱ្យគាត់សងជំងឺចិត្តខ្ញុំ ២ម៉ឺនដុល្លារ និងជាប់គុករយៈពេល៥ឆ្នាំ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីលោកឧកញ៉ា ហេង ហ៊ុយ និងអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក អ៊ិន សុវណ្ណធានី បានទេ នៅថ្ងៃពុធនេះ។
បើតាមអ្នកស្រី ដេត ហួរ តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៨នាក់ដែលបានចូលបំភ្លឺកាលពីថ្ងៃម្សិលមិញ គឺពួកគាត់ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលពីតុលាការ ដោយតម្រូវឱ្យពួកគេចូលទៅបង្ហាញខ្លួននៅអធិការស្រុកស្រែអំបិលមួយខែម្តង ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ករណីតុលាការហៅពលរដ្ឋឱ្យឆ្លើយបំភ្លឺនេះ គឺពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី។ លោកថា ការដែលយកប្រព័ន្ធតុលាការទៅដោះស្រាយជម្លោះដីធ្លីបែបនេះ គឺជាការគំរាមកំហែងនិងបំបាក់ស្មារតីដល់ពលរដ្ឋរងគ្រោះដីធ្លី មិនឱ្យហ៊ានតវ៉ាទៀត។
លោកបន្ថែមថា៖ «យើងមើលឃើញថា តំណាងសហគមន៍ដែលមានការឈឺឆ្អាលពាក់ព័ន្ធនឹងដីសហគមន៍ ដើម្បីទុកជាដីសមូហភាពសម្រាប់នៅពេលខាងមុខហ្នឹង ត្រូវបានរងបណ្តឹងពីតុលាការវិញ។ អ៊ីចឹងបានន័យថា ពួកគាត់មិនត្រូវបានលើកទឹកចិត្តទេ បែរជាដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរតាមផ្លូវតុលាការទៅវិញ។ អ៊ីចឹងខ្ញុំថា តុលាការគួរតែពិចារណាទម្លាក់ចោលការចោទប្រកាន់លើពួកគាត់»។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលរដ្ឋសហគមន៍១៧៥ រាប់រយនាក់ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាផ្តិតមេដៃប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី អតីតតំណាងពួកគេថា បាន«ញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បម្រុងទុករបស់សហគមន៍ ទៅឱ្យឧកញ៉ានិងអ្នកមានលុយមានអំណាច»៕









