រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា រូបលោកនិងក្រុមគ្រួសារបានធ្វើតេស្តសុខភាពលើកទី៤រួចរាល់ហើយ ហើយលទ្ធផលបង្ហាញថា លោកនិងក្រុមគ្រួសារមិនមានផ្ទុកជំងឺកូវីដ១៩នោះឡើយ។
ប្រមុខការទូតកម្ពុជារូបនេះ បានអះអាងបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃនេះ ចំថ្ងៃទី១៤នៃការធ្វើចត្តាឡីស័កឬការរក្សាខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្រោយលោកបានពាក់ព័ន្ធដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។
លោក ប្រាក់ សុខុន សរសេរលើទំព័រហ្វេសប៊ុកលោកថា៖ «លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំនិងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា»។
លោក ប្រាក់ សុខុន គឺជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ដែលបានប្រាស្រ័យទាក់ទងនិងប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធ័រ ស៊ីចាតូ អំឡុងទស្សនកិច្ចរបស់លោករយៈពេល១ថ្ងៃនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា។
លោក ស៊ីចាតូ ត្រូវបានធ្វើតេស្តនិងរកឃើញផ្ទុកជំងឺកូវីដ១៩ នៅពេលលោកធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាទៅដល់ប្រទេសថៃនៅក្នុងថ្ងៃដដែលនោះ។
ក្រៅពីមន្ត្រីជាន់ខ្ពស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើជាគណៈអធិបតីនៃពិធីចុះហត្ថលេខារវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូហុងគ្រី នាថ្ងៃទី៣ ខែវិច្ឆិកានោះ ក៏បានរក្សាខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។
លោក ហ៊ុន សែន បានអះអាងលើទំព័រហ្វេសប៊ុកលោកនៅព្រឹកថ្ងៃនេះថា លោកនិងភរិយា ព្រមទាំងមនុស្សផ្សេងទៀតដែលពាក់ព័ន្ធនឹងលោក បានធ្វើតេស្តលើកទី៤រួចហើយ ហើយលទ្ធផលបញ្ជាក់ថា គ្មាននរណាផ្ទុកជំងឺកូវីដ១៩នោះឡើយ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកនឹងបន្តរក្សាខ្លួនដាច់ដោយឡែកមួយរយៈពេលទៀត ដោយមិនទាន់ជួបកូនៗនិងចៅៗរបស់លោកនៅឡើយទេ ដើម្បីធានាថា លោកគ្មានផ្ទុកជំងឺផ្លូវដង្ហើមមួយនេះទេ។
គិតមកដល់ថ្ងៃនេះ មានតែមនុស្ស៤នាក់ប៉ុណ្ណោះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីពួកគេបានពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងគ្រី៕