អស់រយៈពេល១៧ឆ្នាំហើយដែលជង្រុកសិល្បៈដ៏ធំមួយក្នុងខេត្តសៀមរាប បានបើកដំណើរការផ្ដល់ទស្សនីយភាពសិល្បៈដល់ពលរដ្ឋខ្មែរ។ ស្ថិតក្នុងដីទំហំ២១ម៉ឺនម៉ែត្រការ៉េ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ភូមិវប្បធម៌បានបើកដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០០៣មក ដោយមានបុគ្គលិកជាង៣០០នាក់ ក្នុងនោះជាង១០០នាក់គឺជាអ្នកសិល្បៈ។
ទោះជាយ៉ាងណា វិបត្តិកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់លំហូរទេសចរណ៍និងហិរញ្ញវត្ថុនៃស្ថាប័ននេះ បានរុញឱ្យជង្រុកសិល្បៈដ៏ធំមួយនេះឈានដល់ការបិទទ្វារទាំងស្រុងនៅថ្ងៃទី៧ ខែវិច្ឆិកា។ ទោះជាយ៉ាងណា មុនបិទទ្វារ ភូមិវប្បធម៌បានបើកសម្ដែងជាលើកចុងក្រោយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅ មុននឹងចាកចេញរហូតដោយមិនមានសង្ឃឹមថានឹងត្រលប់វិញ។
ខណៈដែលភ្ញៀវទេសចរដែលមកទស្សនាសើចសប្បាយជាមួយការសម្តែងរបស់សិល្បករ ទីប្រឹក្សាផ្នែកសិល្បៈនៃភូមិវប្បធម៌កម្ពុជា លោក នុត សាម៉ូនី កំពុងអង្គុយយ៉ាងស្ងប់ស្ងាត់ ប្រកបដោយទឹកមុខស្រងូតស្រងាត់មើលទៅសិស្សកំពុងសម្ដែង។
បុរសវ័យជាង៦០ឆ្នាំរូបនេះ ថ្លែងដោយរំឭកប្រាប់វីអូឌីថា ក្នុងឆ្នាំ២០០៣ លោកគឺជាមនុស្សដំបូងដែលប្រមូលសិល្បករ-សិល្បការិនី មកចងក្រង និងបង្ហាត់ឱ្យពួកគាត់ចេះសម្ដែង ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យសប្បាយនិងចង់មកភូមិវប្បធម៌នេះម្ដងហើយម្ដងទៀត។
លោក នុត សាម៉ូនី បានថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា ទីផ្សារសិល្បករវាមិនសូវសម្បូរនៅក្នុងប្រទេសកម្ពុជាយើង ដល់អញ្ចឹងយើងមានការរីករាយដែលលោកប្រធានក្រុមប្រឹក្សាភិបាល លោកបានបើកនៅទីនេះ។ ហើយយើងសង្ឃឹមថា ទីផ្សារផ្នែកសិល្បៈនេះនឹងមាននៅក្នុងខេត្តសៀមរាប ហើយក៏អាចមានកន្លែងដទៃៗទៀតនិងនៅខេត្តផ្សេងទៀត ដើម្បីឱ្យសិស្សដែលចេញពីសាលាវិចិត្រសិល្បៈហ្នឹងមានកន្លែងទៅធ្វើការ។ តែក៏មានការសោកស្តាយដែលមានឧបសគ្គខ្លះៗនិងបញ្ហាខ្លះៗដែលធ្វើឱ្យមានការបិទភូមិវប្បធម៌នេះ»។
លោក នុត សាម៉ូនី បន្ថែមថា៖ «និយាយរួមទៅ សិល្បករទាំងអស់គឺមានពហុជំនាញ បានសេចក្តីថា គាត់ចេះរបាំប្រពៃណី គាត់ចេះរបាំបុរាណ គាត់ចេះសៀក ហើយគាត់ចេះបច្ចេកទេសរបាំបាឡេខ្លះទៀត។ ដូច្នេះមិនតម្រូវថា ភូមិនេះត្រូវតែមានអ្នកនេះសម្តែង ភូមិនោះត្រូវតែមានអ្នកនោះសម្តែងនោះទេ»។
ក្រោយពីបញ្ចប់ការសម្តែងនៅក្នុងភូមិគ្រឹង សិល្បករ-សិល្បការិនី បានថតរួមគ្នាទុកជាអនុស្សាវរីយ៍មុនពេលដែលពួកគាត់លែងបានសម្តែងរួមគ្នាបន្តទៀត។
សិល្បករមួយរូបដែលបានសម្តែងនៅក្នុងភូមិវប្បធម៌កម្ពុជានេះ១៧ឆ្នាំមកហើយ លោក ប៊ុត ភិរម្យ អាយុ៤០ឆ្នាំ សង្ឃឹមថា អ្វីដែលលោកបានសម្ដែងនិងបំពេញការងារក្នុងភូមិវប្បធម៌ នឹងក្លាយជាអនុស្សាវរីយ៍មួយដែលភ្ញៀវទេសចរដែលមកទស្សនាចងចាំ ខណៈដែលលោកមិនទាន់រកការងារថ្មីបាននៅឡើយ។
លោក ប៊ុត ភិរម្យ បាននិយាយថា៖ «បាទ! ខ្ញុំសង្ឃឹមថា នឹងមានកន្លែងផ្សេងៗទៀតបើកការសម្តែងដូចនេះ។ បើសិនជាបើកឡើងវិញ ប្រហែលជាអាចមានអ្នកមកសម្ដែងឡើងវិញ ព្រោះមានគេស្ដាយច្រើន មានគេចង់ធ្វើការច្រើន»។
ចាប់ពីព្រលឹមរហូតដល់រសៀល ថ្ងៃទី៣១ ជាថ្ងៃទី៣នៃថ្ងៃសម្ដែង ដែលជាលើកចុងក្រោយរបស់សិល្បករ-សិល្បការិនីនៅក្នុងភូមិវប្បធម៌កម្ពុជានោះ ភ្ញៀវទេសចររាប់ពាន់នាក់ដែលឈរតម្រៀបជួរគ្នា និងខ្លះទៀតទើបតែចុះពីរថយន្ត ខ្លះម៉ូតូ ដើម្បីចូលទស្សនា។
នៅខាងក្នុងវិញ ស្ទើរគ្រប់ទីកន្លែងគឺមានភ្ញៀវទេសចរដើរទស្សនា រហូតដល់ម៉ោងមានទស្សនីយភាពសិល្បៈមួយបានសម្ដែងគឺ«មន្តស្នេហ៍ក្រមុំគ្រឹង»ដោយមានសិល្បករជាង១០រូបចូលរួមសម្ដែង។ អ្នកទស្សនារាប់រយនាក់ មានអ្នកខ្លះឈរ ខ្លះអង្គុយ បានរីករាយជាមួយការសម្ដែងនេះ។
បុគ្គលិកដែលបម្រើការងារនៅក្នុងភូមិវប្បធម៌កម្ពុជា ឱ្យដឹងថា រយៈពេលសម្តែង៤ថ្ងៃចុងក្រោយមានភ្ញៀវទេសចរប្រមាណ៥ទៅ៦ម៉ឺននាក់បានចូលរួមទស្សនា ខណៈដែលថ្ងៃធម្មតានៅមុនវត្តមានកូវីដ១៩ គឺមានប្រមាណតែ៦ទៅ៧រយនាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
អ្នកស្រី ពិសី វ័យ៣០ឆ្នាំ គឺជាអ្នកដែលទើបនឹងបានទៅទស្សនានៅភូមិវប្បធម៌នេះជាលើកដំបូង មិននឹកស្មានថា កន្លែងទស្សនាសិល្បៈចម្រុះនិងទាក់ទាញបែបនេះត្រូវបានបិទនោះទេ។
អ្នកស្រី ពិសី ប្រាប់ថា៖ «គេឈប់ច្រើនថ្ងៃ ហើយឮថាភូមិវប្បធម៌គេជិតបិទផង ក៏មកមើលទៅ តែដល់មកមើល ស្អាតមែន! ហើយមានកន្លែងត្រូវដើរមើលច្រើនទៀត ខ្ញុំដើរអត់អស់ផង ហត់បាត់ តែស្តាយ ត្រូវតែមើលឱ្យអស់មុននឹងគេបិទ»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ ម៉ាណារ៉ា មានប្រសាសន៍ប្រាប់វីអូឌីថា ភូមិវប្បធម៌កម្ពុជា ក្នុងទឹកដីខេត្តសៀមរាប បានចូលរួមយ៉ាងសំខាន់ក្នុងការចែករំលែកអ្វីដែលជាប្រវត្តិសាស្ត្រខ្មែរ តាមរយៈការដើរកម្សាន្តនិងការរៀនសូត្រ បើទោះបីជាមានការសម្តែងពីវប្បធម៌បរទេសខ្លះក៏ពិតមែន។
ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យមានការបង្កើតព្រឹត្តិការណ៍ឬចំណែកតូចៗដើម្បីសម្ដែង ដែលនេះលោកហៅថា ជំរុំវប្បធម៌តូចៗសម្រាប់សង្គម ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។
លោក សំបូរ ម៉ាណារ៉ា លើកឡើងថា៖ «ខ្ញុំគឺពិតជាមានការសោកស្តាយ ទោះបីជាផលប្រយោជន៍ឯកជនចំណេញជាលុយកាក់អីក៏ដោយចុះ ក៏ខ្ញុំមិនគិតត្រង់កន្លែងហ្នឹងពេកទេ ទី១ ដែលបង្កើតសម្រាប់ជាតិយើង គឺវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដែលគួរស្តាយ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ភូមិវប្បធម៌ដែលជាផលិតផលទេសចរណ៍មួយដែរនោះ គឺជាកន្លែងមួយដែលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសិល្បករ-សិល្បការិនី តាមរយៈការសម្ដែងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឱ្យចូលទស្សនា។
លោកស្រី ឆាយ ស៊ីវលីន៖ «ប្រទេសនីមួយៗ គឺយើងត្រូវមានផលិតផលឱ្យសម្បូរបែបបន្តិច ទាំងធម្មជាតិ ទាំងបេតិកភណ្ឌ ហើយមានអស់ហើយ ប៉ុន្តែយើងត្រូវការអ្វីបន្ថែមពីលើហ្នឹងដែរដូចជាការកែច្នៃកន្លែងមួយដែលយើងអាចបង្ហាញពីទំនៀមទម្លាប់របស់យើង ដូចនេះ [ភូមិវប្បធម៌] គឺរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ»។
អគ្គនាយករដ្ឋបាលក្រសួងវប្បធម៌ និងជាអ្នកនាំពាក្យ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា ក្រសួងមានការសោកស្ដាយចំពោះការបិទទ្វាររបស់ភូមិវប្បធម៌នេះ។ លោកបន្តថា ភូមិវប្បធម៌ជាប្រភេទក្រុមហ៊ុនឯកជន ដូចនេះក្រសួងមិនមានលទ្ធភាពជួយឣ្វីបានទេ។
លោកថា៖ «អ្វីដែលកើតឡើងហើយបាត់ទៅវិញ កុំថាឡើយតែភូមិវប្បធម៌ធំស្កឹមស្កៃអ៊ីចឹង សូម្បីតែសមាគមសិល្បៈមួយដែលបើកដំណើរការហើយក្ស័យធនបិទទៅវិញ អាហ្នឹងក៏ស្ដាយដែរ ប៉ុន្ដែវាមិនដឹងធ្វើយ៉ាងម៉េចណាប្អូន។ ប៉ុន្ដែស្អីដែលថា ឥលូវភូមិវប្បធម៌ក្ស័យធនហើយត្រូវផ្ទេរមករដ្ឋវិញ រដ្ឋត្រូវមានយន្តការអីបែបណានោះហ្នឹង ដូចជាមិនមានទេប្អូន»។
ទីប្រឹក្សាផ្នែកសិល្បៈនៃភូមិវប្បធម៌កម្ពុជា លោក នុត សាម៉ូនី បានបង្ហាញអារម្មណ៍ស្រណោះដល់សមាជិកនៃភូមិនេះ ដោយលោកថា លោកមិនចង់ឃើញសិល្បករនៅទីនេះបាត់បង់ការងារ និងលះបង់នូវអាជីពដែលខ្លួនស្រលាញ់នោះឡើយ។
លោក នុត សាម៉ូនី មានប្រសាសន៍ថា៖ «វាជារឿងមួយដែលគួរឱ្យសោកស្ដាយណាស់! ដោយមានឧបសគ្គខ្លះៗ ទៅជាមានការបិទភូមអ៊ីចឹងទៅៗ វាហាក់ដូចជាបិទទីផ្សារដែលអ្នកដែលខំរៀនទាំងប៉ុន្មានមក ទៅជាពិបាកក្នុងការរកការងារធ្វើ។ អត់ដឹងថាយ៉ាងម៉េចក្រៅពីពាក្យថាសោកស្ដាយ ដោយថា ខំប្រឹងធ្វើមកហើយ លទ្ធផលចុងក្រោយគឺទីផ្សារអស់នៅត្រឹមហ្នឹង»៕