ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃពុធនេះ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ស្របពេលក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមួយករណីទៀត។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍នោះ និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងចំពោះបុគ្គលដែលមានលទ្ធផលអវិជ្ជមានកន្លងមក ហើយក៏អាចសម្រាប់ការវិលត្រឡប់ទៅកាន់ការរស់នៅធម្មតាវិញ។
ករណីនេះ ក្រសួង បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើតេស្តលើកទី៤នេះ ឱ្យបានគ្រប់ៗគ្នា នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ទៅលើស្ត្រីវ័យចំណាស់មួយរូបផងដែរ។
ក្រសួងបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ អាយុ ៨៩ឆ្នាំ ដែលរកឃើញឆ្លងជំងឺកូវីដ១៩នោះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២។
ក្រសួងបន្តថា អ្នកដំណើរតាមយន្តហោះជាមួយស្ត្រីរូបនេះ មានចំនួន ១២៤នាក់ មានលទ្ធផលតេស្តអវិជ្ជមាន ប៉ុន្តែក្រសួងតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន និងនៅអនុវិទ្យាល័យបុរី១០០ខ្នង ព្រមទាំងស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ក្រសួងបន្តទៀតថា មិនមានករណីជាសះស្បើយទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣០៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២៩១នាក់ និងកំពុងសម្រាកព្យាបាល ១៣នាក់៕