លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកនិងភរិយា ព្រមទាំងមនុស្សពាក់ព័ន្ធដទៃទៀតនៅជុំវិញលោក មិនបានឆ្លងជំងឺកូវីដ១៩នោះឡើយ បន្ទាប់ពីការធ្វើតេស្តចំនួន៤លើករួចមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងបែបនេះនៅលើទំព័រហ្វេសប៊ុកលោកនៅព្រឹកថ្ងៃនេះ ចំថ្ងៃដែលលោកត្រូវផ្ដល់សំណាកយកទៅធ្វើតេស្តលើកទី៤ អំឡុងពេលនៃការរក្សាខ្លួនដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃនោះ។
ទំព័រលោក ហ៊ុន សែន សរសេរថា៖ «លទ្ធផលនៃការធ្វើតេស្តលើកទី៤ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់ខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ»។
មេដឹកនាំរូបនេះ ប្រកាសថា លោកនឹងចេញទៅធ្វើការឬទៅហាត់ប្រាណនៅខាងក្រៅដូចធម្មតាឡើងវិញ ប៉ុន្តែលោកថា លោករក្សាខ្លួននៅឆ្ងាយពីកូនចៅលោកមួយរយៈទៀត ដើម្បីធានាថា លោកគ្មានមេរោគកូវីដ១៩ចម្លងទៅកូននិងចៅលោកនោះឡើយ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា ក្រោយពីបានដំណឹងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធ័រ ស៊ីចាតូ ដែលបានធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជានោះ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកជំងឺកូវីដ១៩នៅពេលធ្វើដំណើរទៅដល់ប្រទេសថៃ៕









