នាយក​​រដ្ឋ​មន្ត្រី​និង​​មន្ត្រី​​មួយ​ចំនួន​ទទួល​​បាន​​លទ្ធ​ផល​​តេ​ស្ត​​អវិជ្ជ​មាន​​វីរុស​​កូ​វីដ​១៩​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា បាន​អះអាង​ថា លទ្ធផល​ធ្វើតេស្ត​លើក​ទី៤ របស់​ពួក​គាត់ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ១៩។ 

លោកនាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ថា ការ​ធ្វើតេស្ត​លើក​ទី៤ ដែល​ជា​ការ​ធ្វើតេស្ត​លើក​ចុងក្រោយ​នេះ គឺ​ល្អ​ណាស់​សម្រាប់​រូបលោកនិង​ភរិយា ព្រមទាំង​អ្នក​នៅជា​មួយ ដោយ​លទ្ធផល​បញ្ជាក់​ថា អវិជ្ជមាន​វីរុស​កូ​វីដ១៩ទាំងអស់ ពោល​គឺ​ពុំ​មាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ។

លោក​បន្ត​ថា ចាប់ពី​ថ្ងៃស្អែក​ទៅ លោក​នឹងចេញទៅ​ធ្វើការឬហាត់ប្រាណ​នៅ​ខាងក្រៅ​ដូចមុន​ថ្ងៃទី៤ ខែវិច្ឆិកា​ ឡើងវិញ ប៉ុន្តែ​អំឡុង​ពេលនេះ លោក​ក៏​រង់ចាំ​តាមដាន​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ចំពោះ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ផង​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ការប្រកាស​បិទ​បញ្ចប់​ព្រឹត្ត​ការណ៍៣វិច្ឆិកា អាច​ធ្វើ​ទៅ​បានលុះត្រាតែ​មនុស្ស​រហូត១ ៨០២នាក់ នៅ​តាម​រាជធានីនិង​ខេត្ត​ចំនួន១១ ដែល​ពាក់ព័ន្ធ​ការ​ធ្វើតេស្ត និង​ការ​ធ្វើ​ចត្តាឡីស័​កបាន​គ្រប់​រយៈពេល១៤ថ្ងៃ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។ 

លោក​ថា៖ «បញ្ហា​នេះ ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រីនិង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល ប្រតិបត្តិ​ការនៃ​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ពិតជា​ធំធេង​និង​ស្មុគស្មាញក្នុង​ការស្វែងរក​អ្នក​ជាប់ពាក់ព័ន្ធ ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នៅ​រាជធានី-ខេត្ត ស្រុក-ខណ្ឌ-ក្រុង ឃុំ-សង្កាត់ និង​ភូមិ​ជាច្រើន​ ដែល​លំបាក​ដល់​ការស្វែងរក»។

លោក​បញ្ជាក់​ដែរ​ថា៖ «ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍៣វិច្ឆិកា មិនមែន​មានន័យថា យើង​បញ្ចប់​ការ​ខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ១៩នោះ​ទេ ផ្ទុយទៅវិញ យើង​ត្រូវ​ខិតខំ​ច្រើនជាង​មុន ដើម្បី​ទប់ស្កាត់​ឃាតករ​លាក់មុខ​ដែល​យើង​មើល​មិនឃើញ តាមរយៈ​ការ​ពាក់​ម៉ាស ការ​លាងដៃ ការ​រក្សា​គម្លាត​សុវត្ថិភាព។ល។ តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន ដែល​បាន​ចាប់ដៃ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​ដែល​មាន​ផ្ទុក​វីរុស​កូ​វីដ១៩នោះ មានប្រសាសន៍​ថា លោក​បាន​ទៅ​ធ្វើតេស្ត​លើក​ទី៤ ជាមួយ​ភរិយានិង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃពុធ​នេះ ដោយ​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ១៩ទាំងអស់គ្នា។

លោក​ថា៖ «ក្រុម​របស់ខ្ញុំ​គឺ​សុវត្ថិភាព​ទាំងអស់គ្នា ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​រយៈពេល​កន្លងទៅ គឺ​សំខាន់​ផ្ដោត​ជុំ​មក​លើ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ជា​តួឯក ដែល​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់ ដែល​មន្ត្រី​ដទៃទៀត​គ្រាន់តែ​ប្រយោល​។ អ៊ីចឹង​ខ្ញុំ​មាន​សេចក្ដីរីករាយ​ណាស់ អ្វី​ដែល​ជា​លទ្ធផល​ល្អ​ប្រសើរ»។

ចំណែករដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុ​ខុន បាន​អះអាង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែរ​ថា រូបលោក​និង​ក្រុម​គ្រួសារបាន​ធ្វើតេស្ត​សុខភាព​លើក​ទី៤រួចរាល់​ហើយ ហើយ​លទ្ធផល​ក៏​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ១៩ផង​ដែរ។

អ្នកថតរូប​នៅ​ទូរទស្សន៍​ហង្ស​មាស លោក អ៊ី​ង វុឌ្ឍិ​ន មានប្រសាសន៍​ថា រូបលោក​បាន​ធ្វើតេស្ត​លើក​ទី៤ រួចហើយ ហើយ​កំពុង​រង់ចាំ​លទ្ធផល។ លោក​រំពឹង​ថា​ នឹង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។

លោក​ថា៖ «និយាយរួម ​ក្រែងលោ​ល្ងាច​គេ​បង្ហើប​ឱ្យ​ដឹង​ខ្លះ តែ​លទ្ធផល​ច្បាស់​នៅ​ម៉ោង៧ព្រឹក​ថ្ងៃស្អែក ប៉ុន្តែ​បើ​ប្រភព​ខ្លះ ​ប្រហែល៤ទៅ៥ល្ងាច ​អាច​ដឹង​ខ្លះ​ហើយ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន និង​លោកស្រី យក់ សម្បត្តិ បានទេ ​នៅ​រសៀល​ថ្ងៃពុធ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គីម​អេង សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើក​ទី៤ ចំពោះ​មន្ត្រី​រដ្ឋាភិបាល បើ​ទោះបីជា​លទ្ធផល​តេ​ស្ត​ថ្ងៃនេះមិនទាន់​បង្ហាញ​ទាំងអស់​ក៏ដោយ។

លោក​ជំរុញ​ឱ្យ​ក្រសួងសុខាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ​ពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ១៩ ដល់​ប្រជាពលរដ្ឋបន្ថែម​ទៀត ដើម្បី​ឱ្យ​ពួក​គាត់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់និង​បញ្ចៀស​ហានិភ័យ​នា​ពេល​ខាងមុខ ខណៈ​ជំងឺ​កូ​វី​ដនៅតែ​បន្ត​រីករាល​ដាល​នៅ​លើ​ពិភពលោក​នៅឡើយ។

លោក​ថា៖ «ការដែល​ឃើញ​មន្ត្រី​ពាក់​ម៉ាស់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លោក​ចាប់ផ្ដើម​ពាក់​តាម គាត់​ចាប់ផ្ដើម​ប្រុងប្រយ័ត្ន។ កាលណា​អ្នករាជការ មន្ត្រី​រដ្ឋាភិបាល​អត់​ពាក់​ម៉ាស់ ប្រជាជនថាមន្ត្រី​ធំៗ​មិន​ពាក់​ផង ប្រហែលជា​មិន​អី​ទេ គាត់​ក៏​អត់​ពាក់​ដែរ អាហ្នឹង​ដែល​ធ្វើ​ឱ្យ​ហានិភ័យ​កើតឡើង​នៅក្នុង​សង្គម។ អ៊ីចឹង​នេះ​ជា​រឿង​មួយ​សំខាន់ ទាំង​ប្រជាពលរដ្ឋ​ ទាំង​វិស័យ​ឯកជន ទាំង​សង្គម​ស៊ីវិល អនុវត្ត​នូវ​វិធានការ​ក្រសួងសុខាភិបាល ជាពិសេស​មន្ត្រី»។

បើ​តាម​ក្រសួងសុខាភិបាល មាន​មនុស្ស​ប្រមាណ២ពាន់​នាក់ ត្រូវ​បាន​ក្រសួងសុខាភិបាល​យក​វត្ថុ​សំណាក​ទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ បន្ទាប់ពី​អ្នក​ទាំងនោះបាន​ប៉ះពាល់​ផ្ទាល់និង​ប្រយោល ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធើ ស៊ី​ចា​តូ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ក្នុង​នោះ​មាន​មនុស្ស​ចំនួន៤នាក់​បាន​ឆ្លង​ជំងឺ​នេះ ប៉ុន្តែ​បាន​ព្យាបាល​ជាសះស្បើយ​ម្នាក់។

ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៣០៤នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ២៩១នាក់ និង​កំពុង​សម្រាក​ព្យាបាល១៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ