តំណាងរដ្ឋាភិបាលអាមេរិកជំរុញរដ្ឋាភិបាលកម្ពុជាឱ្យការពារសិទ្ធិសេរីភាពរបស់សកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្របក្សប្រឆាំង ដោយលើកឡើងថា ពួកគេក្លាយជាគោលដៅនៃការប្ដឹងទៅតុលាការជាបន្តបន្ទាប់។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់ទៅលើការកើនឡើងនៃករណីបណ្ដឹងនៅតុលាការ ដែលសំដៅទៅលើសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
ស្ថានទូតអាមេរិកបានរៀបរាប់បន្តថា សេរីភាពនៃការជួបជុំ និងបញ្ចេញមតិ និងការអន់ឱនចំពោះមតិផ្ទុយគ្នា មានសារៈសំខាន់ចាំបាច់នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ស្ថានទូតអាមេរិក សរសេរថា៖ «យើងអំពាវនាវឱ្យអាជ្ញាធរការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយប្រកាន់ជំហានប្រកបដោយអត្ថន័យក្នុងការបើកឡើងវិញនូវលំហនយោបាយនិងលំហសម្រាប់ពលរដ្ឋនៅអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣»។
តំណាងរដ្ឋាភិបាលអាមេរិកបានអំពាវនាវបែបនេះ តែមួយថ្ងៃប៉ុណ្ណោះក្រោយពីអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ អ្នកស្រី Mary Lawlor ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស បានសម្ដែងក្ដីបារម្ភផងដែរចំពោះកំណើននៃការចាប់ខ្លួនជាបន្តបន្ទាប់នេះ។
អ្នកស្រី Lawlor លើកឡើងថា ការលើកស្ទួយនិងការពារសិទ្ធិមនុស្សតាមមធ្យោបាយសន្តិវិធី មិនមែនជាបទល្មើសនោះទេ ហើយអ្នកស្រីថា កម្លាំងសន្តិសុខរបស់អាជ្ញាធរបានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី មិនឱ្យប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការជួបជុំដោយសន្តិវិធី។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានកត់ត្រាឃើញថា សកម្មជន សិល្បករ អ្នកការពារសិទ្ធិមនុស្សរហូតដល់១៩នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាបន្តបន្ទាប់ចាប់ពីចន្លោះចុងខែកក្កដាដល់ខែកញ្ញាកន្លងមកនេះ៕