សម្ព័ន្ធ​​អ្នក​សារ​ព័ត៌មាន​​កម្ពុជា​​ជាប់​​ឈ្មោះ​​ក្នុង​​បញ្ជី​​សម្រាប់​​ជ័យ​លាភី​​ពាន​រង្វាន់​​សេរី​ភាព​​សារ​ព័ត៌មាន​​នៅ​​ឆ្នាំ​នេះ​​

បុរស​ម្នាក់​កាន់​កាមេរ៉ា​ថត​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា “ខេម​បូ​ចា​” ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ (ជន ចាន់​រ៉ែ​ន)

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេម​បូ​ចា (CamboJA​) ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​មួយ​សម្រាប់​ពានរង្វាន់​សេរីភាព​សារព័ត៌មាន​ឆ្នាំ២០២០នេះ ដែល​ជ្រើសរើស​ដោយ​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (RSF​) មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​បារាំង។

ការ​សម្រិតសម្រាំង​បេក្ខភាព​សម្រាប់​ពានរង្វាន់​មួយ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​លើ​គេហទំព័រ​របស់ RSF កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ខេម​បូ​ចា​ ត្រូវ​បាន​សម្រិតសម្រាំង​នៅក្នុងចំណោម​អ្នកសារព័ត៌មាន​អន្តរជាតិ ៧រូប និង​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ចំនួន៤ផ្សេងទៀត មក​ពី​បណ្ដា​ប្រទេស​ចំនួន១២។

បេក្ខភាព​អ្នកសារព័ត៌មាន​អន្តរជាតិ​ទាំង៧រូប​ ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ចុងក្រោយ​នោះ មាន​មក​ពី​ប្រទេស​រុស្ស៊ី ហ្វីលីពីន ឥណ្ឌា អ៊ីរ៉ង់ ប្រេស៊ីល អេហ្ស៊ីប ហុងគ្រី ហើយ​ស្ថាប័ន​សារព័ត៌មាន​ទាំង៥ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ចុងក្រោយ​នោះ មាន​មក​ពី​ប្រទេស​ឌី​ជី​បូ​ទី បារាំង អា​ហ្វ​ហ្កា​នី​ស្ថាន នី​ហ្កា​រ៉ា​ហ្គ័រ និង​ស្ថាប័ន​ខេម​បូ​ចា​នៅក្នុង​ប្រទេស​កម្ពុជា។

បើ​តាម RSF ជ័យលាភី​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​ឆ្នាំ២០២០នេះ នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃទី៨ ខែធ្នូ​ខាងមុខនេះ​ នៅ​ឯទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

នាយក​ប្រតិបត្តិ​ខេម​បូ​ចា លោក ណុប វី ប្រាប់​ថា ការ​ជ្រើសរើស​យក​ខេម​បូ​ចា​ជា​បេក្ខភាព​ជ័យលាភី​នៃ​ពានរង្វាន់​សេរីភាព​សារព័ត៌មាន​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នោះ​ឡើយ។

លោក ណុប វី ប្រាប់​ថា៖ «អ្វី​ដែល​សំខាន់គឺ​ចង់​បង្ហាញថា ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​យើង មិន​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​នោះ​ទេ។ នេះ​មានន័យថា អ្នក​ផ្សេងទៀត​នៅ​លើ​ពិភពលោក គេ​តាមដាន គេ​សង្កេតមើល គេ​ឃ្លាំមើល​ចំពោះ​ការ​វិវត្តនៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង»។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ចេញ​ដោយ RSF បង្ហាញថា ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​នៅក្នុង​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បាន​ធ្លាក់​ពីចំណាត់ថ្នាក់១២៨ នៅ​ឆ្នាំ២០១៦ មកដល់១៤៤ នៅ​ឆ្នាំ២០២០នេះ បើ​ធៀប​នឹង​បណ្ដា​ប្រទេសឬដែនដី​សរុប១៨០នៅ​ទូទាំង​ពិភពលោក។

ខេម​បូ​ចា ត្រូវ​បាន​ផ្ដួចផ្ដើមនិង​បង្កើត​ឡើង​ដោយក្រុម​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​មួយ​ក្រុម​កាលពី​ខែធ្នូ ​ឆ្នាំ២០១៩ បន្ទាប់ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​សារព័ត៌មាន​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ចុងឆ្នាំ២០១៧មក។

លោក ណុប វី និយាយ​ថា៖ «ដូច្នេះ បើ​ស្ថានភាព ​[សេរីភាព​] យើង​មានការ​ស្រុត​ចុះ វា​អាច​ប៉ះពាល់​ទៅដល់​មុខមាត់​របស់​ប្រទេស​កម្ពុជា​យើង​ដែរ។ បើសិន​ស្ថានភាព​យើង​ល្អ​ប្រសើរ ក៏​វា​ទាក់ទាញ​ដល់​ពិភពលោក​ឱ្យ​គេ​ចាប់អារម្មណ៍​អំពី​ការ​យកចិត្ត​ទុកដាក់ និង​ការ​ជ្រោមជ្រែង​លើកស្ទួយ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ពីសំណាក់​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​យើង​ហ្នឹងឯង​!»។

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​សម្ដែង​ភាព​រីករាយ បន្ទាប់ពី​បានដឹង​ថា ស្ថាប័ន​អ្នកសារព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ចុងក្រោយ​សម្រាប់​ពានរង្វាន់​អន្តរជាតិ​មួយ​នេះ។

លោក Patrick Murphy សរសេរ​លើ​ទ្វី​ធ័រ​របស់​លោក​នៅ​ថ្ងៃនេះ​ថា៖ «សារព័ត៌មាន​ឯករាជ្យ មាន​សារៈសំខាន់​ចាំបាច់​ចំពោះ​សង្គម​ប្រជាធិបតេយ្យ​ដ៏​វិបុលភាព​មួយ ហើយ​យើង​មាន​មោទកភាព​គាំទ្រ​ដល់​ការងារ​ដ៏​ល្អ​របស់​ខេម​បូ​ចា»។

ខណៈ​ដែល​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​នោះ ក្លឹប​អ្នកកាសែតឬសមាគម​អ្នកសារព័ត៌មានដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង មាន​ចំនួន​រហូតដល់​ទៅ៤៨ស្ថាប័ន​គិត​ត្រឹម​ឆ្នាំនេះ។

ជាមួយ​ការចូលរួម​ត្រេកអរ អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ពុយ គា ចាត់ទុក​ការ​ជ្រើសរើស​នេះ​ថា ជា​ការ​លើកទឹកចិត្ត​ដល់​ក្លឹបឬសមាគម​អ្នកសារព័ត៌មាន ឱ្យ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ពួក​គេ​ឱ្យ​សកម្ម​ថែមទៀត ​ក្នុង​ការ​ជួយ​គាំទ្រនិង​គាំពារ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា។

លោក ពុយ គា ប្រាប់​ថា៖ «ខ្ញុំ​គិតថា​ល្អ លើកទឹកចិត្ត​ឱ្យ​ប្រឹងប្រែង​តទៅទៀត ក្លឹប​ណាក៏ដោយ សមាគម​ណាក៏ដោយ យើង​ប្រឹង​ទៅ ប្រឹង​ទាំងអស់គ្នា ដើម្បី​ផលប្រយោជន៍​អ្នកសារព័ត៌មាន​ខ្លួនឯង​ផង ហើយ​ដើម្បី​ផលប្រយោជន៍​សង្គមនិង​ប្រទេសជាតិ​ទាំងមូល»។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍​ថា ក្រសួង​លើកទឹកចិត្តនិង​គាំទ្រ​ទៅដល់​អង្គភាព​សារព័ត៌មាន ក្លឹប ឬសមាគម​អ្នកសារព័ត៌មាន​ទាំងអស់ដែល​បាន​ចូលរួម​ចំណែក​កសាង​សមត្ថភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក មាស សោភ័ណ្ឌ ប្រាប់​ថា៖ «ក្រសួង​តែងតែ​លើកទឹកចិត្តនិង​គាំទ្រ​ទៅដល់​អង្គភាព​សារព័ត៌មាន ក្លឹប ឬក៏​សមាគម ធ្វើ​យ៉ាងណា​ឱ្យ​ក្លាយជា​សមាគម​បំពេញវិជ្ជា​ជីវៈ​របស់​ខ្លួន​ប្រកបដោយ​ក្រមសីលធម៌ គោរពច្បាប់ លិខិត​បទដ្ឋាន​គតិ​យុត្តិជាធរមាន​នៅ​កម្ពុជា ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សមត្ថភាព​អ្នកសារព័ត៌មាន​ជាស​មា​ជិ​ករបស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​អ្នកសារព័ត៌មាន​កម្ពុជា ឱ្យ​មានការ​រីកចម្រើន ហើយ​ឱ្យ​មានចំណេះ​ដឹង​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​បំពេញវិជ្ជា​ជីវៈ​របស់​ខ្លួន»។

តួលេខ​របស់ក្រ​សួង​ព័ត៌មាន បង្ហាញថា កម្ពុជា​មាន​សារព័ត៌មាន​បោះពុម្ព​ផ្សាយ​ដល់ទៅ​៦៧០​ស្ថាប័ន សារព័ត៌មាន​ផ្សាយ​តាម​អន​ឡាញ​មានដល់​ទៅ៦២១អង្គភាព ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​វិទ្យុ​មានដល់​ទៅ២២១ស្ថានីយនៅ​ទូទាំង​ប្រទេស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ទូរទស្សន៍​សរុប២៧ស្ថានីយ ដោយ​មិនទាន់​រាប់បញ្ចូល​បណ្ដាញ​ទូរទស្សន៍​ខ្សែកាប​រាប់​រយ​នៅ​ទូទាំង​ប្រទេស​ទៀតផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ