ជប៉ុន​ផ្តល់​​ឥណ​ទាន​​សម្ប​ទាន​​ជាង​២៣០​លាន​​ដុល្លារ​ដល់​​កម្ពុជា​ ដើម្បី​​ឆ្លើយ​តប​​វិបត្តិ​​កូ​វីដ១៩

លោក Yuichi Sugano ប្រធាន​ស្តីទី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា កាន់​កិច្ច​ព្រមព្រៀង​ផ្ដល់​ឥណទាន​សម្បទាន​ដែល​បាន​ចុះហត្ថលេខា​ទទួល​ដោយ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ JICA Cambodia Office – JICA カンボジア​事務所​)

​រាជរដ្ឋាភិបាល​ជប៉ុនផ្តល់​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតបទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​មាន​ទឹកប្រាក់​ជាង២៣០លានដុល្លារ​អាមេរិកដល់​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JICA​) នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទានសម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ ដើម្បី​ឆ្លើយតបទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មាន​ទឹកប្រាក់២៥ប៊ី​លាន​យ៉េន ស្មើ​ប្រមាណ២៣៤,៦លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ចុះហត្ថលេខា​ដោយលោក អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធាន​ស្តីទី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ការ​ផ្តល់​ឥណទាន​សម្បទាន​របស់​ជប៉ុនទៅ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព​សេដ្ឋកិច្ចនិង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ន៍​ផ្សេង​ៗរបស់​កម្ពុជា រួមមាន ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល កម្មវិធី​ជំនួយ​សង្គម បណ្តាញ​ភស្តុភារ​កម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ដែល​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ដោះស្រាយ​វិ​បតិ្តជំងឺ​កូ​វីដ១៩នេះ JICA ក៏បាន​កំពុង​ជួយ​គាំទ្រ​កែ​លម្អ​អគារ​មន្ទីរពេទ្យ​និង​បំពាក់​បរិក្ខារ​ពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ផ្តល់​សម្ភារអនាម័យ​ដល់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន បំពាក់​ម៉ាស៊ីន​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ និង​ផ្តល់​សម្ភារ​មួយចំនួន​ដល់​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ។ 

ទន្ទឹម​នឹង​នេះ JICA ក៏បាន​និង​កំពុង​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល តាមរយៈ​ការ​បញ្ជូន​ជំនាញការ​មក​ប្រទេស​កម្ពុជា និង​រៀបចំ​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ