មន្ទីរសម្រាក​ព្យាបាល លី ស្រីវីណា ប្រកាស​បើក​អាជីវ​កម្ម​​​ឡើងវិញ ក្រោយក្រសួង​បិទមួយ​​រយៈ

លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ។ (រូបថតពីហ្វេស​ប៊ុក គ្លីនិកលី ស្រីវីណា)

មន្ទីរសម្រាកព្យាបាល​ លី ស្រីវីណា បានប្រកាសពីការ​​​ផ្តើមបើកទទួលព្យាបាល​​អ្នកជំងឺឡើងវិញ ចាប់ពីរសៀល​ថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះទៅ បន្ទាប់​ពីបានបិទមួយ​រយៈដោយសារ​ខ្វះលក្ខណៈសម្បត្តិ​ក្នុងការជួយ​សង្គ្រោះអ្នកជំងឺ បណ្តាល​ឱ្យអ្នកជំងឺម្នាក់​ស្លាប់។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសំរាកព្យាបាល​​ឈ្មោះ លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង លោកស្រី លី ស្រីវីណា ដោយហេតុផលថា មន្ទីរសម្រាកព្យាបាលនេះ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ​ផ្តល់សេវាសង្គ្រោះអ្នកជំងឺ បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់។

យោងតាមសេចក្តីជូនដំណឹងរបស់​មន្ទីរសម្រាកព្យាបាល លី ស្រី វីណា នៅលើបណ្តាញសង្គម​ហ្វេស​ប៊ុករបស់ខ្លួន មន្ទីរសម្រាកព្យាបាលនេះ បានប្រកាសថា នឹង​ចាប់​ផ្តើម​បើកទទួលព្យាបាល​​អ្នកជំងឺឡើងវិញ ចាប់ពីម៉ោង​៣រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះតទៅ។

វីអូឌី នៅពុំទាន់​អាចសុំការបញ្ជាក់​ពី អ្នកនាំពាក្យក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេ នៅល្ងាច​ថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា បីថ្ងៃក្រោយពីក្រសួងសុខាភិបាល បាន​ប្រកាសបិទមន្ទីរសម្រាកព្យាបាល​នេះ លោក​ស្រី លី ស្រីវីណា ដែលជា​អតីត​តំណាងរាស្ត្រអតីត​គណបក្សសង្គ្រោះជាតិ បាន​ដាក់សំណើរ​ទៅក្រសួងមហាផ្ទៃ ដើម្បីសុំ​លើក​បម្រាមសិទ្ធិនយោបាយ និង​សុំ​ផ្តល់នីតិសម្បទាឡើង​​វិញ។

នៅថ្ងៃទី៩ ខែវិច្ឆិកានោះដែរ លោកស្រី លី ស្រីវីណា ក៏បាន​សរសេរលិខិត​ដាច់ដោយ​ឡែក​ទៀត ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។

ក្រោយពីមានសំណើរពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី បាន​ចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រាស់បង្គាប់​​​ផ្តល់​នីតិសម្បទាឡើងវិញ ដល់​លោកស្រី លី ស្រីវីណា ដែលត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​សកម្ម​ភាព​នយោបាយ​សម្រាប់​រយៈពេល ៥ឆ្នាំ តាមអំណាច​សាលដីកា​របស់​តុលាការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ