បវរកញ្ញាផែនដីប្រទេសកម្ពុជាឆ្នាំ២០២០ ជំរុញឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសជាការគិតគូដល់អនាគតមនុស្សជំនាន់ក្រោយ។
បវរកញ្ញាផែនដីគឺជាកម្មវិធីមួយរបស់ស្ថាប័នអន្តរជាតិបង្កើតឡើងរាល់ឆ្នាំដើម្បីជ្រើសរើសអ្នកមានសម្រស់ស្រស់ស្អាត ហើយជួយផ្សព្វផ្សាយជំរុញឱ្យមានការចូលរួមថែរក្សាបរិស្ថាន។ បេក្ខនារីហេង និស្ស័យ ជាប់ជាបេក្ខនារីបវរកញ្ញាផែនដីរបស់កម្ពុជានៅឆ្នាំ២០២០នេះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយវីអូឌី កញ្ញា ហេង និស្ស័យ លើកឡើងថា បញ្ហាដីហុយ និងខ្យល់កខ្វក់នៅតាមផ្លូវធ្វើដំណើរមួយចំនួននៅតែចោទជាបញ្ហា។
កញ្ញា ហេង និស្ស័យ៖«ខ្យល់ពិត ជាសំខាន់ ណាស់សម្រាប់ សុខភាពប្រជាជនរបស់យើង ទាំងផ្លូវចិត្ត និង រាងកាយ ជាពិសេសសម្រាប់កូន ៗ របស់យើង លើសពីនេះ ទៀតដោយ ពិចារណា លើការពិតដែលថាប្រទេសកម្ពុជាគឺ ជាតំបន់ត្រូពិច ដែលទទួលបានអារកាសធាតុ ក្តៅហើយសើម វាអាចបង្កើត បរិយាកាសរស់ នៅមិនមានផាសុខភាពល្អ» ។
និស្ស័យកំពុងតែបង្កើតកម្មវិធីមួយឈ្មោះ«សង្វៀនគំនិត» បំផុសឱ្យយុវជនរៀននៅថ្នាក់ទី១០ និងទី១១ជជែកពិភាក្សាពីបញ្ហាបច្ចេកវិទ្យា និងបរិស្ថាន។ អ្នកដែលឈ្នះកម្មវីធីប្រកួតប្រជែងនេះ នឹងទទួលបានរង្វាន់ចំនួន១៧ ០០០ ០០០ រៀល។
និស្ស័យ ប្តេជ្ញាជំរុញ ឱ្យមានការយល់ដឹង និង ចូលរួមការពារបរិស្ថានពីសំណាក់មហាជនកើនឡើងថែមទៀត។
កញ្ញា ហេង និស្ស័យ៖«“ខ្ញុំ គិតថា ការក្លាយ ជាបវរកញ្ញាផែនដី គឺជាអ្នកតស៊ូមតិ ដើម្បី ការយល់ ដឹងអំពីបរិស្ថាន។អ្នក មិនចាំបាច់ ក្លាយជា អ្នកវិទ្យាសាស្ត្រ ឬ ជាអ្នកបរិស្ថាន ទើបអាចមាន សមត្ថភាព ដើម្បីជួយបរិស្ថានរបស់អ្នកបាន»។
កញ្ញា ហេង និស្ស័យ លើកឡើងថា គាត់ចូលចិត្តរស់នៅក្នុងខេត្តសៀម ដោយសារតែទីនោះមានព្រៃឈើច្រើន និងបរិយាកាសល្អ។ ទោះយ៉ាងណានិស្ស័យបញ្ជាក់ថា ការដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជាបច្ចុប្បន្នមានភាពប្រសើរឡើងច្រើនហើយ មិនដូចកាលពី១០ឆ្នាំមុននោះទេ៕
អត្ថបទដោយ ម៉ិច ជូឡាយ