កម្ពុជាអរគុណWHOដែលសរសើររដ្ឋាភិបាលកម្ពុជាគ្រប់គ្រងមិនឆ្លងកូវីដបន្តនៅថ្ងៃ៣វិច្ឆិកា

រដ្ឋមន្រ្តីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីកន្លងទៅ

ក្រសួងសុខាភិបាល បានសរសេរលិខិតថ្លែងអំណរគុណតំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជា ដែលកោតសរសើររដ្ឋាភិបាលកម្ពុជា ដែលបានត្រួតពិនិត្យ និងគ្រប់គ្រងមិនឱ្យឆ្លងរាលដាលជំងឹកូវីដ នៅព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាកន្លងទៅជោគជ័យ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង កាលពីម្សិលមិញ បានសរសេរលិខិតមួយអរគុណចំពោះ លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលបានអបអរសាទរ និងកោតសរសើរលើការដឹកនាំ និងជោគជ័យ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣ វិច្ឆិកា កន្លងទៅនេះ។

កាលពីម្សិលមិញ តំណាងអង្គការសហប្រជាជាតិរូបនោះ បានបង្ហោះសារលើបណ្តាញសង្គមធ្វីតទ័រ ដោយកោតសរសើររដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ និងគ្រប់គ្រងព្រឹត្តិការណ៍៣វិច្ឆិកា ទទួលបានជោគជ័យ តាមរយៈរកឃើញឆាប់ ឆ្លើយទាន់ពេលវេលា ធ្វើកិច្ចអន្តរាគមន៍លើគោលដៅដែលបានកំណត់។

បន្ថែមពីនេះ រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ជឿជាក់ថា អង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា នឹងផ្តល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាព ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ចំនួនប្រមាណជាង ៤ពាន់នាក់ ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានមនុស្សតែ ៤នាក់ ប៉ុណ្ណោះ ដែលត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ។ គិតត្រឹមថ្ងៃ២០ ខែវិច្ឆិកានេះ មានអ្នកជំងឺពីរនាក់ បានព្យាបាលជាសះស្បើយ ខណៈនៅសល់តែពីរនាក់ទៀតកំពុងសម្រាកព្យាបាល។

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទី២១ខែវិច្ឆិកានេះ កម្ពុជារកឃើញអ្នកមានមេរោគកូវីដ១៩ មានចំនួន​៣០៥នាក់ ក្នុងនោះព្យាបាលជាបាន២៩៥នាក់។

អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៨នាក់ និងស​ម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ