ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួនម្នាក់ទៀត នាំឱ្យកម្ពុជារកឃើញមានកូវីដ១៩កើនដល់៣០៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បញ្ជាក់ថា ១ករណីថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេស កូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់ថា តាមជើងហោះហើរខាងលើនេះ មានអ្នកដំណើរសរុបចំនួន៣៩នាក់ ហើយមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តលើកទី១ ដែលលទ្ធផលបង្ហាញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានបុរសជនជាតិខ្មែរ ២នាក់ រកឃើញវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្ននេះ មានម្នាក់កំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯម្នាក់ទៀតជាសះស្បើយ។ ចំណែក នៅសល់ជាង៣០នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កបន្តទៀត។
របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទី២២ខែវិច្ឆិកានេះ កម្ពុជារកឃើញអ្នកមានមេរោគកូវីដ១៩ មានចំនួន៣០៦នាក់ ក្នុងនោះព្យាបាលជាបាន២៩៥នាក់។
អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៨នាក់ និងសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន៣នាក់៕









