មន្ត្រី​​បរិស្ថាន​ បន្ត​​ជំរុញ​​ពលរដ្ឋ​​និង​​អាជ្ញាធរ​​ដាំ​​ដើម​ឈើ​​នៅ​​មូល​ដ្ឋាន​​ដើម្បី​​បង្កើន​​ភាព​​បៃតង​​

មន្ត្រី​បរិស្ថាន មន្ត្រី​អាជ្ញាធរ​ខេត្ត និង​យុវជន​ដែល​ចូលរួម​សកម្មភាព​ដាំ​ដើមឈើ​ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣វិច្ឆិកា ក្រោម​ប្រធានបទ «អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ» នៅ​ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Ministry of Environment​)

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បន្ត​លើកទឹកចិត្ត​អាជ្ញាធរ​មូលដ្ឋាននិង​ប្រជាពលរដ្ឋឱ្យ​បង្កើន​ការចូលរួម​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ សាលារៀន វត្តអារាម និង​នៅ​តាម​ស្ថាប័នរដ្ឋ ដើម្បី​បង្កើន​ភាព​បៃតង និង​ចូលរួម​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា មានប្រសាសន៍​ក្នុង​ការ​ប្រារព្ធ​«ទិវា​អនាម័យ​បរិស្ថាន​ជាតិ» នៅ​សាលាខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ព្រៃឈើ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការ ពារ​ប្រព័ន្ធ​អេកូឡូស៊ី បង្កើន​គុណភាព​ខ្យល់ ថែរក្សា​គុណភាព​ដី និង​ការពារ​ប្រភព​ទឹក​ក្រោម​ដី រួម​នឹង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​ដាំ​បន្ថែម​ពីលើ​ឈើ​ធម្មជាតិ​ដែល​កម្ពុជា​មាន។

ដោយ​មើលឃើញ​ពី​សារៈប្រយោជន៍​សំខាន់​របស់​ដើមឈើ​សម្រាប់​ភពផែន​ដី លោក​បាន​ថ្លែង​ដោយ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋនិង​អាជ្ញាធរ​មូលដ្ឋាន បន្ត​ចូលរួម​ដាំ​ដើមឈើនៅ​តាម​ផ្ទះនិង​ទី​សាធារណៈ​នានា ដើម្បី​បង្កើន​ភាព​បៃតង និង​ជាផ្នែក​មួយ​នៃ​ការ​បន្ស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ។ 

លោក ​នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា៖ «ទាំង​ការ​បង្កើន​ភាព​បៃតង​នៅក្នុង​សហគមន៍​ដោយ​ការ​ដាំ​ដើមឈើ​និង​ការ​សម្អាត​អនាម័យ​បរិស្ថាន​ជាប្រចាំ​នោះ​ នឹង​ធ្វើ​ឱ្យ​ភូមិដ្ឋាន សហគមន៍​ និង​ទីក្រុងរបស់​យើង​មាន​បរិស្ថាន​ល្អ​ស្អាត មាន​អនាម័យ និង​ផ្តល់​នូវ​ផាសុ​កភាព​ដល់​ការរស់នៅ និង​ធ្វើ​ឱ្យ​សហគមន៍របស់​យើង​មាន​សុខភាព​ល្អ»។

បើ​តាម​លោក​ នេត្រ ភក្ត្រា បច្ចុប្បន្ន គម្រប​ព្រៃឈើ​កម្ពុជា មាន​ជាង៨,៥លាន​ហិ​កតា ស្មើនឹង៤៦,៨៦​% នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា។ ដោយឡែក ផ្ទៃដី​ព្រៃឈើ​ដែល​ស្ថិត​ក្រោម​ការ​ការពារនិង​អភិរក្សដោយ​ក្រសួងបរិស្ថាន លោក​ថា មាន​ទំហំ​ប្រមាណ៧,៣លាន​ហិ​កតា ដោយ​ចែកចេញជា៦៥តំបន់ការពារធម្មជាតិ រួមមាន ​ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង រួម​នឹង​របៀង​អភិរក្ស​ជីវ​ចម្រុះ។ 

ក្នុង​ពិធី​ប្រារព្ធ​«ទិវា​អនាម័យ​បរិស្ថាន​ជាតិ»នេះ​ដែរ អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​ក្រើន​រំឭកនិង​ជំរុញ​ឱ្យ​ស្ថាប័ន​សាធារណៈនិង​ឯកជន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យនិង​ថែរក្សា​បរិស្ថាន​ជាប្រចាំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។ 

លោកក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាននិង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការគ្រប់គ្រង ទុកដាក់​សំរាម និង​សំណល់រឹង​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ