កម្ពុជា ​ផ្ដល់​ម៉ាស់​​និង​​សម្ភារ​​វេជ្ជ​សាស្ត្រ​​មួយ​ចំនួន​​ទៀត​ដល់​​មីយ៉ាន់ម៉ា​ដើម្បី​​ទប់​ស្កាត់​​កូ​វីដ​

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា។ រូបភាព៖ ហួត វុទ្ធី

​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ម៉ាស់​ចំនួន២លាននិង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​ទៀត ជូន​ដល់​រដ្ឋាភិបាលនិង​ប្រជាជន​មីយ៉ាន់ម៉ា ដើម្បី​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

យោង​តាម​លិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​លោកស្រី អោង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា លោក ​ម៉ម ប៊ុ​នហេង នឹង​នាំ​យក​អំណោយ​ម៉ាស់និង​សម្ភារ​វេជ្ជសាស្ត្រ​ទាំងនោះ ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​មីយ៉ាន់ម៉ា តាមរយៈ​យន្តហោះ​ពិសេស នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ។

លោក​បន្ត​ថា៖ «ជាមួយនឹង​ការ​ខិតខំ​រួមគ្នា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួល​បាន​ជោគជ័យក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ហើយ​យើង​នឹង​ងើបឡើង​វិញ​យ៉ាង​រឹងមាំ​ជាមួយគ្នា»។

បើ​តាម​បញ្ជីរាយនាម​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ជូន​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នោះ មាន​ដូចជា ម៉ាស់៣ប្រភេទ វ៉ែនតាការពារ សម្លៀកបំពាក់​ការពារ ឧបករណ៍​វាស់​កម្តៅ របាំង​ការពារ​មុខ ម៉ាស៊ីន​ជួយ​ដល់​ការដកដង្ហើម ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ស្បែកជើងកវែង និង​ទឹកសាប៊ូ​លាងដៃ។

លិខិត​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្តែង​នូវ​ការ​អបអរ​ចំពោះលោកស្រី អោង សាន​ស៊ូ​ជី ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​ក្នុង​ការបោះឆ្នោត​សកល​នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ពេល​ថ្មី​ៗនេះ​ផង​ដែរ។

លោក​ថា៖ «ខ្ញុំ​សូម​អះអាង​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ក្នុង​ក្របខណ្ឌ​ទ្វេភាគីនិង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែ​ច្រើន​ថែមទៀត​សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ដ៏​ធំធេង​សម្រាប់​សហគមន៍​អាស៊ាន»។

កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ​ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជាក៏បាន​ផ្ដល់​ជំនួយ​ជា​ម៉ាស់​ចំនួន២លាននិង​បរិក្ខារ​ពេទ្យ​ផ្សេងទៀតដល់​ប្រទេស​ឡាវផង​ដែរ ដើម្បី​ឱ្យ​ប្រទេសជិតខាង​កម្ពុជា​មួយ​នេះ យក​ទៅ​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ