សង្គម​​ស៊ីវិល​៖​ កង្វះ​​ការ​សិក្សា​​ផល​​ប៉ះ​ពាល់​​ឆ្លង​ដែន​​នៃ​​ទំនប់​​សាណា​ខាំ​ នឹង​​ធ្វើ​​ឱ្យ​​ទន្លេ​មេគង្គ​​​មាន​​ហានិភ័យ

អ្នកការពារ​ព្រៃ​តំបន់​«រ៉ាម​សារ» ក្នុង​ខេត្ត​ស្ទឹងត្រែង​ម្នាក់ បើកទូក​កាត់​ព្រៃលិចទឹក​ទន្លេមេគង្គ នា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (Enric Català​)

​អង្គការ​សង្គម​ស៊ីវិល​ចំនួន១១ បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​ឆ្លងដែន​ដល់​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម ជា​ពិ​សេស​បឹងទន្លេសាប​កម្ពុជា ខណៈ​ពួក​គេ​រក​ឃើញថា ​អ្នក​អភិវឌ្ឍន៍​គម្រោង​ទំនប់​វារីអគ្គិសនី សាណា​ខាំ លើ​ដងទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ បាន​ប្រើប្រាស់​ទិន្នន័យ​ចាស់​សម្រាប់​សិក្សា​ផល​ប៉ះពាល់។ 

ការ​ព្រួយបារម្ភ​នេះ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​ទន្លេមេគង្គ កំពុង​រៀបចំ​វេទិកា​អ្នក​ពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី១០ ដើម្បី​ពិគ្រោះ​យោបល់​ទៅលើ​សំណើ​គម្រោង​ទំនប់​វារីអគ្គិសនី​សាណា​ខាំ នៅ​លើ​តួ​មេ​ទន្លេមេគង្គ នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅ​ទីក្រុង​ប៉ាក​សេ ប្រទេស​ឡាវ។ 

សេចក្តី​ថ្លែង​កា​រណ៍រួ​មរ​បស់​អង្គការ​ទាំង១១ ដែល​ធ្វើការ​លើ​វិស័យ​អភិបាល​ទឹក​និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃអង្គារ​នេះ បាន​លើកឡើង​ថា យោង​តាម​ឯកសារ​គម្រោង​ទំនប់​វារីអគ្គិសនី សាណា​ខាំ ពួក​គេ​រក​ឃើញថា អ្នក​អភិវឌ្ឍន៍​គម្រោង​បាន​ប្រើប្រាស់​ទិន្នន័យ​ចន្លោះ​ឆ្នាំ២០១០​-២០១១ មក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសិក្សា​ផល​ប៉ះពាល់​ជលផល ជលសាស្ត្រ លំហូរ​ដីល្បាប់ គុណភាព​ទឹក សុវត្ថិភាព​ទំនប់ និង​ផល​ប៉ះពាល់​នានា ទោះជា​មានការ​សិក្សា​ថ្មី​ៗត្រូវ​បាន​ធ្វើរួចហើយ​ក្តី។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា៖ «ការប្រើ​ទិន្នន័យ​ចាស់​ជា​មូលដ្ឋាន​ក្នុង​ការសិក្សា​នេះ បាន​បង្កើត​ក្តី​មន្ទិល​អំពី​គុណភាព​របស់​របាយការណ៍​គម្រោង ថា​វា​នឹង​មិន​ឆ្លើយតបទៅនឹង​ស្ថានភាព​ប្រែប្រួល​នា​ពេល​បច្ចុប្បន្ន​របស់​ទន្លេមេគង្គ ដែល​មិន​អាច​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់និង​គ្រប់ជ្រុងជ្រោយ​ដល់​ក្រុមប្រឹក្សា​រួម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​នូវ​ការណែនាំ​ផ្នែក​បច្ចេកទេស​ដែល​អាច​ទុកចិត្ត​បាន​ឡើយ»។

អង្គការ​ទាំងនោះមាន​ដូចជា អង្គការ​សកម្មភាព​ដើម្បី​អភិវឌ្ឍន៍ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា សមាគម​ថែរក្សា​បរិស្ថាន​និង​វប្បធម៌ ក្រុមប្រឹក្សា​យុវជន​កម្ពុជា សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ជលផល និង​អង្គការ​មួយចំនួន​ទៀត។

អង្គការ​ទាំងនោះក៏បាន​លើកឡើង​ដែរ​ថា ការប្រែប្រួល​អាកាសធាតុជា​កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គនិង​បឹងទន្លេសាប មានកម្រិត​ទាប​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​វត្តមាន​របស់​ទំនប់​វារីអគ្គិសនី​កាន់តែ​ច្រើន​ឡើង​ៗនៅ​លើ​អាងទន្លេ​មេគង្គនិង​ដៃទន្លេ ក៏បាន​បង្កើន​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗអំពី​និរន្តរភាព​របស់​ទន្លេ​មេ​ង្គនិង​បឹងទន្លេសាប​នៅក្នុង​ប្រទេស​កម្ពុជា។

ករណីនេះ អង្គការ​ទាំង១១ បាន​ស្នើ​ដល់​គណៈកម្មការ​ទន្លេមេគង្គ (MRC​) ដែល​មាន​ប្រទេស​ទាំង៤ជាស​មា​ជិ​ក រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម ត្រូវ​មាន​ជំហរ​ម៉ឺង​ម៉ាត់ តម្រូវ​ឱ្យ​អ្នក​អភិវឌ្ឍន៍​គម្រោងប្រើប្រាស់​ទិន្នន័យ​ថ្មី​បំផុត ជា​មូលដ្ឋាន​ក្នុង​ការសិក្សា​គម្រោង ដើម្បី​អាច​ផ្តល់​នូវ​ព័ត៌មាន​គ្រប់គ្រាន់និង​គ្រប់ជ្រុងជ្រោយ សម្រាប់​ការពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ។ 

​ពួក​គេ​ក៏បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ រង់​ចាំ​មើល​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​សាកល្បង ស្តី​ពី ការ​តាមដាន​បរិស្ថាន​រួម​នៃ​ដំណើរការ​របស់​ទំនប់ សា​យ៉ា​បូរី និង​ ដន​សា​ហុង ឆ្នាំ២០២០​-២០២១ ដើម្បី​យក​ជា​មូលដ្ឋានក្នុង​ការសិក្សា​កែ​លម្អ​គម្រោ​ងថ្មី​ៗ ដែល​អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទន្លេមេគង្គ។

លេខាធិការដ្ឋាន​សម្ព័ន្ធទន្លេកម្ពុជា លោក ម៉ក់ ប៊ុនធឿន ស្នើទៅរដ្ឋាភិបាលឡាវ និងអ្នកអភិវឌ្ឍន៍​គម្រោង​ ធ្វើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ មុននឹងសាសង់ទំបន់វារីអគ្គិសនីនេះ។  

លោកក៏​បានស្នើឱ្យ​ពន្យារពេលពិគ្រោះយោបល់លើ​គម្រោ​ងទំនប់វារីអគ្គិសនីនានា​ ក្នុង​អំឡុង​ពេល​​មានការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានាឱ្យមានការ​ផ្តល់​​យោបល់បានពេញលេញពីគ្រប់​អ្នកពាក់ព័ន្ធ។

លោកថា៖ «ការស្នើ​នេះ ដើម្បីឱ្យលោកឆ្លើយតបនឹងការកង្វល់​របស់អង្គការសង្គមស៊ីវិលពីកម្ពុជា អំពីផលប៉ះពាល់ឆ្លងដែនដែលអាចនឹងកើតមានឡើងនៅថ្ងៃមុខ បើសិនជាគម្រោងនេះសាង​សង់»។

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានទេ នៅថ្ងៃអង្គារនេះ។

បើ​យោង​តាម​របាយការណ៍ Council Study ដែល​ធ្វើឡើង​ក្នុងរយៈពេល៦ឆ្នាំ ពីឆ្នាំ២០១២​-២០១៧ ដោយ​គណៈកម្មការ​ទន្លេមេគង្គ បង្ហាញថា ទំនប់​វារី​អគ្គិ​សនី​ធំៗ​ចំនួន១១ នៅ​លើ​តួ​មេ​ទន្លេមេគង្គ​ក្រោម និង​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដៃទន្លេ​មេគង្គ​ចំនួន១២០ទៀត ដែល​គ្រោង​សាង​សង់​រួច​នៅ​ត្រឹម​ឆ្នាំ២០៤០ នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​ក្នុង​តំបន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ