លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាត់ផ្ទៃដីជាង ១៤០ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យកូនមន្ត្រីជាន់ខ្ពស់ ឧកញ៉ា និងឈ្មួញដីមួយចំនួន ធ្វើជាកម្មសិទ្ធិ ខណៈមន្ត្រីបញ្ជាក់ថា អ្នកទាំងនោះ ពិតជាបានកាន់កាប់ដីជាក់ស្តែងនៅតំបន់នោះយូរឆ្នាំហើយ។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីទំហំជាង ៧៦ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក កើត សុទ្ធារ៉ា ដែលកាន់កាប់ដីនោះ ជាក់ស្តែង។
អនុក្រឹត្យមួយទៀត ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ដដែល ក៏បានសម្រេចកាត់ដីទំហំជិត ១០ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅ ឧកញ៉ា ឡាវ កាង អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ, ឧកញ្ញា តាន់ តាត់ ប្រធានក្រុមហ៊ុនដឹកជញ្ជូនធំមួយនៅខេត្តព្រះសីហនុ និងឧកញ៉ា តេង ហឿង ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនដឹកជញ្ជូន តេង ឡាយ គ្រុប និងជាអនុប្រធានគម្រោងរបស់បុរី អ័រគីដេវីឡា។
យោងតាមអនុក្រឹត្យដាច់ដោយឡែកមួយផ្សេងទៀត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក៏បានសម្រេចកាត់ដីទំហំជាង ៤ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅឧកញ៉ា តុង ហុកសេង និងលោក ណៃ យ៉ឺន ដែលកាន់កាប់ជាក់ស្តែង។
អនុក្រឹត្យមួយទៀត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីទំហំជាង ៥២ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅ លោក សោ លី និងឈ្មោះ លាង ទ្រី ដែលកាន់កាប់ដីជាក់ស្តែង។
ទាក់ទងនឹងការកាត់ដីប្រគល់ឱ្យទៅ លោក សោ លី និងឈ្មោះ លាង ទ្រី ដែលកាន់កាប់ជាក់ស្តែងនេះ លោក ប្រាក់ ពុទ្ធា មេប៉ុស្តិ៍សង្កាត់លេខ១ ក្រុងព្រះសីហនុ បានថ្លែងនៅថ្ងៃទី២៤ខែវិច្ឆិកានេះថា លោក សោ លី គឺជាអ្នកជំនួញដីធ្លីម្នាក់ ហើយលោកពិតជាមានដីស្ថិតនៅគម្របព្រៃឈើរបស់ក្រសួងបរិស្ថាន នៅតំបន់ក្បាលឆាយមែន។
តែយ៉ាងណា លោកមិនជឿថា រាជរដ្ឋាភិបាល កាត់ដីឱ្យលោក សោ លី នោះទេ ដោយសារតែតំបន់ក្បាលឆាយនេះ តំបន់រក្សាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «គេមិនឱ្យទេ ពីព្រោះវាចូលទៅក្នុងគម្របព្រៃឈើរបស់[ក្រសួង]បរិស្ថាន ហើយដីចង់អស់ក្បាលឆាយហើយហ្នឹង ៥២ហិកតាមិនមែនតិចទេ បើគេឃ្វៀលដីក្បាលឆាយអស់ តើប្រជាជនមានទឹកឯណាផឹក? ខ្ញុំមិនទាន់ជឿថាគេកាត់ឱ្យនោះទេ គេដាក់ពាក្យស្នើសុំគ្រប់គ្នា ហើយវាគ្មានកន្លែងឯណាកាត់ឃ្វៀលដីរដ្ឋឱ្យនោះទេ ៥២ហិកតា ដីក្បាលឆាយអស់ហើយ»។
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុកព្រៃនប់ លោក ឃួន គឹមស៊ីន បានថ្លែងថា រដ្ឋាភិបាល ពិតជាបានសម្រេចកាត់ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាមួយចំនួនមែន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្វើតាមអនុក្រឹត្យ ហើយអនុក្រឹត្យធ្វើម៉េចខ្ញុំធ្វើចឹង យើងអត់មានរំលោភអីលើហ្នឹងកើត។ លោក (កើត សុទ្ធារ៉ា) បានដាក់ពាក្យសុំចុះបញ្ជី។ អនុក្រឹត្យចេញ ច្រើនណាស់ ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ ខ្ញុំអត់សូវដឹងដែរ ពេលគេហៅទៅវាស់ ខ្ញុំទៅវាស់ដោយ សារយើងជំនាញតែប៉ុណ្ណឹង»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបដិសេធអត្ថាធិប្បាយពាក់ព័ន្ធនឹងការកាត់ដីនៃតំបន់ដែនគម្របព្រៃឈើ២០០២នេះ កាលពីថ្ងៃម្សិលមិញ។
ថ្មីនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីទំហំជាង ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅកូនស្រីពីរនាក់របស់លោក និងមន្ត្រីមួយចំនួនផងដែរ។
តែយ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា ការកាត់ឆ្វៀលដីនេះ ដោយសារពួកគាត់បានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង នៅទីតាំងដីនោះ ជាយូរឆ្នាំហើយ៕









