កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត និង​មានអ្នក​ជាសះស្បើយ​ពីរនាក់​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១​នាក់ លើ​បុរស​ជន​ជាតិនេប៉ាល់ដែលធ្លាប់ឆ្លងវីរុសនេះម្តងរួច​មក​ហើយ​ និង​​មានករណីជាសះស្បើយ​ចំនួន២នាក់។

សេចក្តីជូនដំណឹងរបស់​ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ឱ្យ​ដឹងថា អ្នក​ដែលឆ្លងជំងឺកូវីដ១៩ ដែលរកឃើញថ្មីនោះ ជាបុរសជនជាតិនេប៉ាល់ អាយុ៣៧ឆ្នាំ បាន​ធ្វើ​ដំណើរ​មកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្ត​​ជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា។

ក្រសួងបញ្ជាក់ថា៖ «អ្នកជំងឺរូបនេះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ១៩ កាលពីនៅប្រទេសនេប៉ាល់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័ក​ចំនួន​១៤ថ្ងៃនៅពេលនោះ។ នៅថ្ងៃទី២ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានធ្វើតេស្ត​ឡើងវិញ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងពីរលើក»។

ដោយឡែក សម្រាប់​អ្នកជាសះស្បើយ​ពីជំងឺកូវីដ​១៩វិញ ក្រសួងថា ជាបុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ បាន​ធ្វើដំណើរ​មក​ពីប្រទេសជប៉ុន មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ និងបុរសជនជាតិអាមេរិកកាំង អាយុ ៦៥ឆ្នាំ មកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយ​ពួកគេ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត។

បើតាមក្រសួង​សុខាភិបាល គិត​ត្រឹម​ម៉ោង៧ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នក​ឆ្លងជំងឺកូវីដ​១៩សរុបចំនួន ៣០៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ​ចំនួន ២៩៨នាក់ និង​អ្នក​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ