ស៊ើប​អង្កេត​៖ ស្រ្តីធ្វើការក្នុងវិស័យ​សេវាកម្សាន្តមួយចំនួនត្រូវបង្ខំឱ្យ​រំលូតកូនដើម្បីរក្សាការងារ

ស្ត្រី​បម្រើការ​នៅ​ផ្នែក​សេវា​កម្សាន្ត​ម្នាក់ រៀបរាប់​ពី​ការងារ​ប្រចាំថ្ងៃ​នៅកន្លែង​បំពេញការងារ​ដែល​ជាផ្នែក​មួយ​នៃ​សេវា​កម្សាន្ត ពេល​ផ្ដល់​បទ​សម្ភាស​ដល់​អ្នកកាសែត។ (ហេង វិចិត្រ​)

អ្នក​ស្រី រស្មី៖ «ដំបូង​យើង​អត់​ដឹង​ថា​គេ​ពិនិត្យ​ទឹក​នោម​ទេ​ ដល់​ពេល​ខ្ញុំ​ចូល​ទៅ​ គេ​ប្រាប់​ថា​ស្ងាត់​ភ្ញៀវ​ប្រហែល​២ទៅ​៣​ថ្ងៃ​ ទើប​គេ​ចាប់​ផ្ដើម​ពិនិត្យ​។ ដល់​ពេល​ពិនិត្យ គេ​ទិញ​ប្រដាប់​ពិនិត្យ​មកឱ្យ​មេការ​ ទៅ​ប្រាប់​ ពេល​យើង​ទៅ​វ៉ៃ​ប៉ុង​ គេ​ប្រាប់​ថា ​ឥលូវ​ពិនិត្យ​ទឹក​នោម​។ គេយក​លេខ​កូដ​យើង​ទៅ​ដាក់​ជាមួយ​ស្រីៗ​ប៉ុន្មាន​នាក់ ​អ៊ីចឹង​ហើយ​គេ​ពិនិត្យ​ម្នាក់​ម្ដងៗ​ ទាំង​មេការ​ស្រី​ ទាំង​ម្ចាស់​បន្ទប់​ទាំង​អស់​ និយាយរួម​មួយ​កន្លែង​ហ្នឹង​ ឱ្យ​តែ​ស្រីៗ​គឺ​ពិនិត្យ​ទាំង​អស់! អត់​តែ​មេការ​ប្រុស​ទេ។ គេ​យក​ក្រដាស​ពិនិត្យ​ទឹក​នោម​ គេ​យក​មក​ឱ្យ​យើង​ហើយ​ មាន​មេការស្រី​មួយ​នៅ​ក្នុង​បន្ទប់​ទឹក​ ហើយ​មាន​មេការ​ស្រី​ពីរ​បី​នាក់​នៅ​ក្រៅ​ចាំ​កត់​លេខ​កូដ​ បើ​ថា​យើង​ពិនិត្យ​ហើយ​អត់​មាន ​គេ​ធីក ​យើង​អត់​អី​ទេ តែ​ប្រសិន​ជាយើង​មាន ​គេ​ចុច​ឈ្មោះ​យើង​ ហើយ​គេ​ប្រាប់​ឱ្យ​យើង​ឈប់​ធ្វើ​ការ » ។

រស្មី​ អាយុ​២៦ឆ្នាំ ជា​អ្នក​បម្រើភ្ញៀវ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នាង​ប្រកប​របរ​នេះ​ជាង​៦ឆ្នាំ​មក​ហើយ​។ អ្នក​ស្រី​លើក​ឡើង​ថា ការងារ​នៅ​ក្នុងហាង​ខារ៉ាអូខេ​ឬ​បៀហ្គាឌិន ថៅ​កែ​មិន​អាច​ទទួល​​យក​អ្នក​មាន​ផ្ទៃ​ពោះឬ​បុគ្គលិក​ដែល​មាន​ផ្ទៃ​ពោះ​ឱ្យធ្វើ​ការ​នោះ​ទេ។

អ្នក​ស្រីថា៖ «គេ​ថា ​យើង​ធ្វើ​យ៉ាង​ម៉េចធ្វើ​ទៅ​ បើ​សិន​ជា​យើង​មាន! ស្រេចលើ​ចិត្ត​យើង យើង​ចង់​យក​ចេញ​យ៉ាង​ម៉េច​ក៏​បាន ​គឺ​គេ​អត់​ដឹង​ទេ! គ្រាន់​តែ​ថា​ បើ​សិន​ជា​យើង​មាន [កូន] គឺ​គេអត់​ឱ្យ​ធ្វើ​ការ​ទេ!»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​ អ្នក​ស្រី​ អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា៖ «យើង​អាច​អង្កេត​មើល​ដោយ​ងាយ​ថា​ មាន​ស្ត្រីវ័យ​ក្មេង​ដែល​ធ្វើការ​ក្នុង​វិស័យហ្នឹង ​ជា​វ័យ​ត្រូវ​មាន​គ្រួសារ ​វ័យ​បន្ត​ពូជ ប៉ុន្ដែ​មិន​មាន​នរណា​ម្នាក់​ដែល​មានផ្ទៃ​ពោះ​ដែល​អាច​ធ្វើ​ការ​នៅ​ហ្នឹង​ហើយ​ទទួល​បាន​ប្រាក់​លំហែ​មាតុភាព​៥០ភាគរយនោះ​ទេ​ ព្រោះ​ដោយ​សារ​តែ​មាន​ផ្ទៃ​ពោះ ​គឺ​គេ​អត់​ស្វាគមន៍ » ។

ក្រោយកិច្ចព្រមពៀងក្រុងប៉ារីសឆ្នាំ១៩៩១ រដ្ឋាភិបាលកម្ពុជាបានបើកឱ្យអង្គការសហប្រជាជាតិគ្រប់គ្រងបណ្ដោះ​អាសន្ន។ អង្គការពិភពលោកមួយនេះបាននាំមកនូវការរស់នៅបែបថ្មីសម្រាប់កម្ពុជា ក៏ដូចជាការកម្សាន្តនានាដល់ពលរដ្ឋដែលទើបនឹងរួចផុតពីការញាំញីនៃសង្គ្រាមជាច្រើនសតវត្សមក ដែល​នេះ​ហើយ​ជា​សេចក្តី​ផ្ដើម​នៃ​សេវា​កម្ម​កម្សាន្ត​នៅ​កម្ពុជា​បន្ទាប់​ពី​ងើប​ពី​សង្គ្រាម​​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម អ្នក​ស្រី ​អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា៖ « ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ពេល​ដែល​ប្រទេ​ស​យើង​មាន​ការ​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ហើយ​វិស័យ​សេវា​កម្ម​កម្សាន្ត​ក៏​កើត​មាន​ពេល​ហ្នឹង​ដែរ​ ព្រោះដោយ​សារ​តែ​មាន ​អ៊ុន​តាក់។ គ្រាន់​តែ​ពេល​នោះ​មិន​ទាន់​មាន​ជា​រូប​ភាព​ខារ៉ាអូខេទេ ភាគ​ច្រើន​គឺ​មាន​ជា​រង្គសាល​ មាន​ជា​ក្លិប​ ហើយ​មាន​ជា​ភោជនីយដ្ឋាន។ […] យើង​មើល​ឃើញ​ថា ​ប្រហែល​នៅ​ឆ្នាំ​២០០០ មាន​ការ​កើត​ឡើង​ច្រើន​តាម​រយៈ​ម៉ូឌែល​ថ្មីៗ​របៀប​ជា​អាជីវកម្ម​កម្សាន្ត​ហ្នឹង​មាន​ដូច​ជា​បៀ​ហ្គាឌិន​កើន​ឡើង​ច្រើន កន្លែង​ខ្លះ​មាន​ជា​កញ្ចប់តែ​ម្ដង មាន​ជា​អូតែល​ ខារ៉ាអូខេ ម៉ាស្សា​ ហើយនិង​ភោជនីយដ្ឋាន។ មក​ដល់​ឆ្នាំ​២០១៨​ យើង​ឃើញ​មាន​ការ​កើន​ឡើង​សេវា​កម្ម​ផ្នែក​ម៉ាស្សា ហើយ​និង​ខារ៉ា​អូខេស្ដង់ដារ​ធំៗ​តែ​ម្ដង​ មាន​ន័យ​ថា​ អតិថិជន​ខ្លះ​គាត់​ចង់​ចូល​កន្លែង​មាន​ដែល​ស្ដង់ដារ​ធំ​ៗ​អ៊ីចឹង​ទៅ​។ អ៊ីចឹង​គេចាប់​ផ្ដើម​មើល​ចរិតលក្ខណៈ​របស់​អតិថិជន ​អ៊ីចឹង​គេចាប់​ផ្ដើម​ធ្វើ​កន្លែង​ខារ៉ា​អូខេ​មាន​ស្ដង់​ដារ​ធំ​ៗ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ​ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២០ កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ ចំនួន ១ ២៩៣កន្លែងនៅ​ទូទាំង​ប្រទេស ក្នុងនោះមាន ខារ៉ាអូខេ ​(KTV) ចំនួន ១ ០៨៤​កន្លែង ក្លិបឌីស្កូត​ (Club Disco) ចំនួន ១០៩​កន្លែង​  អាជីវកម្មរង្គសាល (Night Club) ចំនួន ១៦​កន្លែង អាជីវកម្មបៀរហ្កាឌិន​ ចំនួន ៨៤​កន្លែង ដែល​ផ្ដល់​ការងារ​​ ១៨ ៣៨១​កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​ អ្នក​ស្រី ​អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ​ស្ត្រី​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ តែង​ត្រូវបាន​មហាជន​មិន​ឱ្យតម្លៃ និង​រង​នូវ​ការ​គាប​សង្កត់​នូវ​សិទ្ធិ​ពី​សំណាក់​ថៅ​កែផង​ដែរ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ « ម្ចាស់​ហាង​គេ​មើល​ទៅ​ពួកគាត់ ​គឺ​គ្រាន់​តែ​ទុក​ថា​ ជាឧបករណ៍​ទាក់ទាញ​អតិថិជន គេ​ធ្វើ​អី​ក៏​ដោយ គេ​គិត​ថា​ ជំនួញ​របស់​គេ​ហ្នឹង​មាន​ប្រសិទ្ធភាពជាជាង​គិត​អំពី​មនុស្ស​ នៅ​ពេល​ដែល​ជំនួញគេ​មាន​ប្រសិទ្ធភាព​ [ទើប]បាន​គេ​ជោគជ័យ​។ អ៊ីចឹង​គេ​អត់​ដែល​គិត​ថា​ មើលទៅ​តម្លៃ​កម្មករ​និយោជិត​បែប​ម៉េចទេ​ គឺ​ប្រៀប​ដូច​ជា​ទាសករ​សម័យ​ទំនើប​អ៊ីចឹង​! ពីព្រោះ​យើង​មើល​ទៅ​ ការ​ការពារ​ដល់​ពួកគាត់​គឺ​អត់​បាន​ពេញ​លេញ។ […] រីឯ​បញ្ហា​សុខភាព​ និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ​ យើង​មើល​ឃើញ​ថា ប្រព័ន្ធ​ការ​ពារ​សុខភាព​សុវត្ថិភាព​របស់​ពួកគាត់​ហ្នឹង​ក៏​អត់​មាន​ដែរ។ ឧទាហរណ៍​យើង​ឃើញ​ថា​ ដូចជា​ពេល​គាត់​មាន​ផ្ទៃ​ពោះ​ គាត់​អត់​ត្រូវ​បាន​មាន​គេ​ការពារ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែរ​ បើ​ទោះ​ច្បាប់​និយាយ​អំពី​ការ​ការពារ​ស្ដ្រី​នៅ​ពេល​មាន​ផ្ទៃពោះ​ក៏​ដោយ​! »

ការ​គាប​សង្កត់​ពី​ថៅ​កែនេះហើយ បាន​ធ្វើ​ឱ្យ​ស្ត្រី​ដែល​បម្រើ​សេវា​កម្សាន្ត​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​​មាន​កូន ហើយ​បើ​មាន​ ក៏​មួយ​ចំនួន​សម្រេច​ចិត្ត​យក​ចេញ​ដែរ ដើម្បី​រក្សា​ការងារ​របស់​ខ្លួន​។ ស្ត្រី​មួយ​ចំនួន​បាន​ប្រើប្រាស់​ការ​ពិនិត្យ​និង​​យក​ចេញដោយ​ខ្លួន​ឯង​។

អ្នក​ស្រី ​រស្មី បាន​លើក​ឡើង​ថា៖ «ខ្ញុំធ្លាប់​យក​ចេញ​ពីរដង! ដំបូង ​ម៉ាក់​ខ្ញុំ​ជូន​ខ្ញុំ​ទៅ​យក​មួយសារកាល​ហ្នឹង​កូន​១ខែ​ជាង ដល់​យក​ចេញ​មួយ​សារ​ទៀត ​កូន​ហ្នឹង​ជិត​៤ខែ​ហើយ​ វា​ធំ លក្ខណៈ​ថា​ដុះ​ដៃ​ដុះ​ជើង​ហើយ។ ខ្ញុំ​យក​ភ្លាម ​ត្រូវ​ស្អំ​ទឹក​កក ស្អំ​ហើយ​មក​ដល់​ផ្ទះ​ត្រូវ​ដាំ​ទឹក​ក្ដៅ​ងូត ហើយ​លាប​ពន្លៃ ព្រោះ​តែ​យើង​សរសៃ​ខ្ចី។ […] ពីរ​ថ្ងៃ [បន្ទាប់​ពីយក​ចេញ​] ខ្ញុំ​ទៅ​ធ្វើ​ការ​ តែ​ធ្វើ​ការ​លក្ខណៈ​ធម្មតា​ ដោយ​មិន​ឱ្យ​គេ​ដឹង​ អត់​ចង់​ឱ្យ​គេ​ដឹង​ថា​យើង​មាន​កូន​។ ហូប​ស្រា​បាន​តិចៗ​ អត់​ដាក់​ទឹក​កក​ ខ្ញុំ​ខ្លាច​វា​ចុក​ទៀត។ ព្រោះ​អីកាល​មុន ​ខ្ញុំ​យក​ចេញ​ហើយ ​ខ្ញុំ​អត់​បាន​លេប​ថ្នាំ ខ្ញុំ​ចូល​ភ្ញៀវ​ទៅ យើង​ហូប​ស្រា យើង​ហូប​ស្រាទៅ​ វា​ប៉ះពាល់​ដោយ​សារ​យើង​អត់​បាន​លេប​ថ្នាំ​ វា​ចុក​ដល់​ថ្នាក់​ប្រកាច់​តែ​ម្ដង​ ហើយ​ដល់​ថ្នាក់​យំ យំហើយ​ខ្ញុំ​រក​បង់​លុយ​ទៅ​ផ្ទះ​ទៀត។ តែ​មិត្ត​ភក្តិខ្ញុំ​គេ​ចិត្ត​ល្អ​ដែរ គេ​យក​ថង់​មួយ​ហ្នឹង​ដាក់​ទឹក​កក​អនាម័យ​មក​ស្អំ​ឱ្យ​ខ្ញុំ ដល់​អ៊ីចឹង​វា​រាង​ធូរ​ល្មម ខ្ញុំ​ទៅ​ឆុង​មី​ហូប​ ហើយ​បាន​លេប​ថ្នាំ​ កុំ​ឱ្យ​ខូច​ក្រពះ»។

អ្នក​ស្រី ​សុផល អាយុ៣២​ឆ្នាំ ដែលធ្លាប់​បាន​​បម្រើ​ការងារនៅ​តាម​ KTV ជាអ្នក​កំដរភ្ញៀវ និងជាមេការ ហើយ​ក៏​ធ្លាប់​ជា​អ្នក​រត់តុ​នៅ​ហាង​​បៀរ​ហ្គាឌិនតាំង​ពី​ឆ្នាំ​២០១៦ បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ខែ​ម្ដង ​កន្លែង​ធ្វើ​ការ​អ្នក​ស្រី​បាន​តម្រូវ​ឱ្យ​អ្នក​ស្រីនិង​ស្ត្រី​បម្រើ​ការ​ផ្សេង​ទៀត​ធ្វើ​តេស្តទឹក​នោម ​ដើម្បីឱ្យ​ប្រាកដ​ថា ​គ្មាន​ស្ត្រី​អ្នក​បម្រើ​ណា​ម្នាក់​មានផ្ទៃ​ពោះ​ដែល​បម្រើ​ការងារ​ក្នុង​កន្លែង​របស់ពួកគេ​។

អ្នក​ស្រី​ថា៖ «ពេល​ពិនិត្យ​ គេ​បាន​ប្រាប់​យើង​ជា​មុន​ថា​ នៅ​ក្នុង​ខែ​ហ្នឹង ​ធ្វើ​ការ​បាន​ប៉ុន្មាន​ក៏​ដោយ​ បើសិន​ជា​គេ​ពិនិត្យ​ឃើញ​ថា​យើង​មាន​ គឺ​ប្រាក់​ខែ​គេ​អត់​បើក​ឱ្យ​យើង​ទេ។ គេ​នឹង​បញ្ឈប់​យើង​ ហើយ​ប្រាក់​ខែ​គេ​អត់​បើ​កឱ្យ​យើង​ទេ! គេ​ប្រាប់​ហើយ​ តែ​ធ្វើ​យ៉ាង​ម៉េច​ បើ​យើង​មាន ​គេ​នឹង​បញ្ឈប់​យើង​អ៊ីចឹង​ទៅ។ […] ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ការ​យក​ចេញ​ពីរ​ទៅបី​ដង​ហើយ​ ខ្ញុំ​មិន​ចាំ​ថា​ឆ្នាំ​ណា​ខ្លះ​ទេ។ [សំណួរ៖ ហេតុ​អ្វី​បាន​ជា​ទៅ​យក​ចេញ​?] ព្រោះ​យើង​ត្រូវ​ធ្វើ​ការ​យក​លុយ​ដើម្បី​ជីវភាព​ បើ​អត់​ធ្វើ​ការ​ យើង​អត់​មាន​លុយ។ [សំណួរ​៖ ពេល​ដែល​យក​ចេញ​ហ្នឹង​ កន្លែង​ធ្វើ​ការ​មាន​ជួយ​យើង​ទេ?] អត់​ទេ​! លុយ​យើង​ខ្លួន​ឯង»។

អ្នក​ស្រី សុផល ជាស្ត្រី​មេម៉ាយដែល​មានកូន​២នាក់ក្នុង​បន្ទុក​ បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ធ្លាប់​ប្រើ​ថ្នាំ​ទម្លាក់​ម្ដង និង​យក​ចេញ​២ដង។ [សំណួរ៖ តើ​ឥលូវ​វា​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ?] ឥលូវ​ខ្ញុំ​ចុះ​ខ្សោយ​កម្លាំង ហើយ​ស្រវាំង​ភ្នែក​ច្រើន​ណាស់​ឥលូវ​»។

អតីត​អ្នក​កាន់​បន្ទប់​ខារ៉ាអូខេ​ម្នាក់ គឺ​អ្នក​ស្រី​ ស្រីមិច អាយុ​៣២​ឆ្នាំ ធ្លាប់​ធ្វើ​ការ​​ក្នុង​វិស័យ​សេវា​កម្សាន្ត​តាំង​ពី​ឆ្នាំ២០០១​ មាន​ប្រសាសន៍​ថា៖ «មាន​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ គាត់មាន​កូន​ប្រហែល​៤ខែ តែ​គាត់​អត់​ដឹង​ថាប៉ុន្មាន​ទេ! គាត់​ទៅ​ទិញ​ថ្នាំ [ទម្លាក់] ខ្ញុំ​បញ្ជាក់​សួរ​គាត់ដែរ​ថា​ “អ្ហែង! ប៉ុន្មាន​ខែ​ហើយ?” គាត់ថា​ “ទើប​តែ​ជិត​ពីរ​ខែ​ទេ។” ខ្ញុំ​ថា “អើ​! បើ​ជិត​២ខែ ​អ្ហែង​លេប​ថ្នាំ​អាច​ទម្លាក់​បាន តែ​បើ​លើស​ហ្នឹង​ អត់​បាន​ទេ​ គ្រោះ​ថ្នាក់​ខ្លួន​ឯង​ណា។” វា​កុហកខ្ញុំ​ថា​ពីរ​ខែ តាម​ពិត​កូន​ហ្នឹង​៤ខែ​ ពេល​ទម្លាក់​ហើយ​អត់​ទាន់​ធ្លាក់​ទេ​កូន​ហ្នឹង។ ដល់​ពេល​វា​ទៅ​កន្លែង​ធ្វើ​ការ ​វា​ប្រាប់​ថៅ​កែ​ថា​ទម្លាក់រួច​ហើយ​។ ពេល​កំពុង​ចូល​បន្ទប់​ខារ៉ាអូខេ​ច្រៀងៗ វា​រត់​ចូល​បន្ទប់​ទឹក មាន​ឯណា! ធ្លាក់​កូន​ក្នុង​បន្ទប់​ទឹក​ខារ៉ាអូខេ​ហ្នឹង​តែ​ម្ដង​ ហើយ​គេ​ថា​ចង្រៃ គេ​និមន្ត​លោក​មក​ឱ្យ​សូត្រ​មន្ត គេ​ថា​ធ្លាក់​កូន​នៅ​កន្លែង​គេ​រកស៊ី​អ៊ីចឹង​ វា​ចង្រៃ ហើយ​វា​ចៃ​ដន្យ​គ្មាន​ភ្ញៀវ​ទៀត ​គេ​ថា​ពួក​ម៉ាកខ្ញុំ​ហ្នឹង​ចង្រៃតែ​ម្ដង»។

​របាយការណ៍​អង្កេត​ប្រជា​សាស្ត្រ​ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤​ ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ បាន​បង្ហាញ​ថា ស្ត្រីកម្ពុជា​ដែល​មាន​អាយុ​ពី​១៥​ដល់​៤៩​ឆ្នាំ​ ចំនួន​១២​ភាគ​រយ ​បាន​ធ្វើ​ការ​រំលូត​កូន​យ៉ាងហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆាក​ជីវិត​ ហើយ​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​រំលូត​ច្រើន​ជាង​គេ ​មាន​នៅ​ភ្នំពេញ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ក្នុង​ការ​រំលូត​មាន​ ៦១,៤​​ភាគ​រយ ​បានទៅ​ធ្វើ​ការ​រំលូត​នៅ​មន្ទីរ​សុខាភិបាលនិង​ពេទ្យ​ជំនាញ ១ភាគរយ​ប្រើប្រាស់​ការ​រំលូត​បែប​បុរាណ ៧,៦​ភាគរយ​ទទួល​ជំនួយ​ពី​មិត្ត​ភក្តិ​ឬ​អ្នក​ស្គាល់​គ្នា​ ៣០ភាគរយ​ប្រើប្រាស់​ការ​រំលូត​ដោយ​ខ្លួន​ឯង​។ ​

ប្រធាន​គ្លីនិក​រ៉ាក់ ​អ្នក​ស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា បាន​ឱ្យ​ VOD ដឹងថា ការរំលូត​ដោយ​ខ្លួន​ឯង​ឬ​ទៅ​រំលូតនៅ​កន្លែង​គ្មាន​វីជ្ជាជីវៈ​ត្រឹម​ត្រូវ អាច​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​ទាំង​នោះ ដែល​អាច​ឈាន​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត​ថែម​ទៀត​។

វេជ្ជបណ្ឌិត ​ពឹង ជុតិម៉ា មាន​ប្រសាសន៍​ថា៖ «ស្ត្រី​ខ្លះ ​ក្រោយ​ពី​ការ​រំលូត​ អាច​មាន​ការ​ធ្លាក់​ឈាម​រយៈពេល​យូរ​ ហើយ​ខ្លះ​ទៀត​អាច​សល់​នៅ​សំណល់​ដែល​មាន​ក្នុង​ហ្នឹង ​មាន​ន័យ​ថា ​ធ្លាក់​មិន​អស់​ឬ​ក៏​យើង​បូម​សម្អាត​មិន​ស្អាត ​វា​អាច​មាន​សំណល់​នៅ​ក្នុង​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​ការ​ធ្លាក់​ឈាម​ ហើយ​ក្រៅ​ពី​នេះ ​វា​អាច​មាន​ការ​ពិបាក​ដ៏​កម្រ​ណាស់ ​ដោយ​សារ​មាន​ការ​របួស​នៅ​លើ​តួ​ស្បូន​យើង​ហ្នឹង​ឬ​ក៏​សរីរាង្គ​នៅ​ក្នុង​ពោះ ដែល​ភាគ​ច្រើន​គុណ​វិបត្តិ​ទាំង​អស់​នេះ​ច្រើន​តែ​កើត​មាន​នៅ​លើ​អ្នក​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​មិន​ត្រឹម​ត្រូវ​ឬ​មិន​សូវ​មាន​បទ​ពិសោធន៍។ ហើយ​ផល​វិបាក​ចុង​ក្រោយ​ គឺ​មាន​ការ​ក[កកើត]រោគ គឺ​ស្ត្រី​បន្ទាប់​ពី​រំលូត​ហើយ​ គាត់​មាន​អាការគ្រុន​ឬ​ក្ដៅ​ខ្លួន រងារ​ញាក់​អី​អ៊ីចឹង​ទៅ ដែល​ថា​ មេរោគ​អាច​សាយ​ភាយ​ក្នុង​ខ្លួន​ធ្វើ​ឱ្យ​ស្ត្រី​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ហើយ​បើ​សិន​យើង​ព្យាបាល​មិន​បាន​ទាន់​ពេល​វេលា​ទេ គឺ​អាច​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត»។

ជំនឿមនុស្ស​ស្រី​ភ្នែក​បួន​​ ចង្រៃ​កន្លែងរកស៊ី

ថ្វីត្បិត​តែ​មក​ដល់​សតវត្ស​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ហើយ​ក៏​ដោយ​ ក៏​ជំនឿ​នៅ​តែដើរ​ជាមួយ​ការ​វិវត្ត​នេះ​ផង​ដែរ​នៅ​កម្ពុជា។ ជំនឿ​ដែល​រារាំង​ស្ត្រី​មិន​ឱ្យ​មាន​កូន​នៅ​កន្លែង​ធ្វើ​ការ​ ដោយ​ថា ​ការ​មាន​កូន​ជារឿង​ចង្រៃ​នៅ​កន្លែង​ធ្វើ​ការ​ នៅ​តែ​មាន​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​រាត្រី​នៅ​កម្ពុជា។​

សំណួរ​៖ មូល​ហេតុ​អ្វី​បាន​ជា​ពេល​អត់​មាន​ភ្ញៀវ ថៅ​កែ​ឱ្យ​យើង​ពិនិត្យ​ទឹកនោម?

អ្នក​បម្រើក្នុង​ហាង​បៀរហ្គាឌិន​មួយនៅ​ភ្នំពេញ អ្នក​ស្រី​ ស្រីអូន អាយុ​៣២​ឆ្នាំ​ លើក​ឡើង​ថា៖ «គេ​ថា ​ហាង​គេ​លក់​អត់​ដាច់ មក​ពី​យើង​មាន​កូន​មាន​អី​ ចង្រៃ​ហាង​គេ! កាល​ខ្ញុំ​ចូល​ធ្វើ​ដំបូង​នៅ​ហាង​មួយ​នៅ​ក្បាល​ថ្នល់ កាល​ខ្ញុំ​ចូល​ដំបូង​ គេបាចអង្ករ​ អំបិល ដុត​ក្រដាស​ឱ្យ​យើង​កន្លងទៀត»។

អតីត​អ្នក​សម្អាត​តាម​ហាង​ខារ៉ាអូខេ អ្នក​ស្រី ស្រីរី លើក​ឡើង​ថា៖ «បើ​មាន​កូន​នៅ​ក្នុង​ហាង​ខារ៉ាអូខេ គេ​ថា​ស្រី​ចង្រៃ គេ​មិន​ឱ្យ​មនុស្ស​មាន​កូន​នៅ​ក្នុង​ហាង​គេ​ទេ។ […] វា​ជា​ការ​គាប​សង្កត់​របៀប​ជាន់​ពលកម្ម​ ដូច​ថា ​គ្នា​ចង់​មាន​កូន ​តែ​យើង​មិន​ឱ្យគេ​មាន ដោយ​​ថា ​វាធ្វើ​​ឱ្យស្ងាត់​ក្នុង​ហាង​រក​ស៊ី​គេ គេ​ថា​មនុស្ស​ភ្នែក​បួន​ជា​ស្រី​ចង្រៃ​អី​អ៊ីចឹង»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​ អ្នក​ស្រី ​អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា៖ «វា​ជា​ជំនឿ​មួយ​ដ៏​អាក្រក់ ​ព្រោះ​យើង​ឃើញ​ថ្លឹង​ថ្លែង​គ្នា​ទៅ​ ឃើញ​ខុស​គ្នា​ថា ​ពេល​ដែល​គ្រួសារ​គាត់ ថៅ​កែ​ គាត់​មាន​កូន ​គឺ​គេ​ស្វាគមន៍​បែប​​មួយ​ជា​វិជ្ជមាន​របស់​គេ​។ តែ​ដល់​កម្មករ​ជា​ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​ គេ​បែរ​ជា​ចាត់​ទុក​ថា ​មិន​នាំ​លាភ​សំណាង​ដល់​គេ​។ ចុះ​ខាង​ណោះ​ គាត់​មាន​កូន​ផ្ដល់​កំណើត​សមាជិក​ថ្មីដល់​គ្រួសារ​គាត់​ដែរតើ! អ៊ីចឹង​ស្ត្រី​សេវា​កម្សាន្ត​ក៏​គាត់​ត្រូវ​ការ​ផ្ដល់​កំណើត​ថ្មី​មក​កាន់​គ្រួសារ​គាត់ មក​កាន់​សង្គម​យើង​ដែរ»។

ការ​បាត់​បង់​អត្ថ​ប្រយោជន៍​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ពី​ការ​ងារ​នៅពេល​មាន​ផ្ទៃ​ពោះ

ក្នុងពេលជួបជាមួយកម្មករ-កម្មការិនីនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញថ្មី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា«ស្រ្តីមានផ្ទៃពោះត្រូវបានទទួលការឈប់សម្រាករយៈពេល៣ខែ ដោយមានប្រាក់បៀវត្សចំនួន១២០ភាគរយ ដែលត្រូវអនុវត្តឱ្យខានតែបាន។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម ត្រូវបង់៧០ភាគរយ និងនិយោជកបង់៥០ភាគរយ។ ដូច្នេះ កង្វល់របស់ក្មួយៗទាក់ទិនជាមួយនឹងបញ្ហាពេលសម្រាលកូន ក៏ត្រូវបានដោះស្រាយជាមួយនឹងការកំណត់ធ្វើឱ្យប្រាកដជាមួយនឹងការបានឈប់សម្រាករយៈពេលបីខែ ហើយដែលមានបៀវត្ស១២០ភាគរយ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលក៏នឹងត្រូវបានផ្តល់ប្រាក់ជាកម្មវិធីសាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ ចាប់ពីសូន្យម៉ោង ថ្ងៃ០១ ខែមករា [២០១៨] តទៅ។ […] ពេលនោះ រាជរដ្ឋាភិបាលនឹងផ្តល់សាច់ប្រាក់ជូនកម្មការិនីដែលឆ្លងទន្លេ។ ឆ្លងបានកូនមួយ បាន៤០ម៉ឺនរៀល ស្មើនឹង១០០ដុល្លារ, បានកូន២ [ភ្លោះ] គឺបាន៨០ម៉ឺនរៀល, ឯកូនភ្លោះ៣ គឺបាន១លាន២សែនរៀលពីរដ្ឋ និងបាន៤លានរៀលពី ហ៊ុន សែន»។

ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ ការ​បញ្ឈប់​ស្ត្រី​មិន​ឱ្យ​ពួកគាត់​ធ្វើ​ការ​ ធ្វើ​ឱ្យ​គាត់​បាត់បង់​អត្ថ​ប្រយោជន៍​ជា​ច្រើន ​ទីមួ​យ​គឺ​ប្រាក់​ពរពោះក្នុង​រយៈពេល​៣ខែ ប្រាក់​ឆ្លង​ទន្លេ និង​កិច្ច​គាំពារ​មួយ​ចំនួន​ទៀត​ផង​ដែរ។

​ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា៖ «បញ្ហា​ធំ​បំផុត​នោះ​គឺ​បាត់​បង់​ចំណូល​មួយ​សំខាន់​ណាស់! ព្រោះ​បើ​សិន​ជា​គាត់​ធ្វើ​ការ​ពីរនាក់​ប្ដី​ប្រពន្ធ ហើយ​សមាជិកគ្រួសារ​មាន​បន្ទុក​ទៀត អ៊ីចឹង​ធ្វើ​ឱ្យ​គាត់​ឈប់​សម្រាក់​ម្នាក់​ទៅ ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​គ្រួសារ បើ​សិន​ជា​ប្ដី​តែ​ម្នាក់​រត់ ​វា​ដូច​ជា​យើង​បាត់​ដៃ​ម្ខាង​អ៊ីចឹង​ណា! នៅពេល​ដែល​យើង​ពឹង​តែ​លើ​ចំណូល​គ្រួសារ​ម្នាក់​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​រីក​ចម្រើន​ក្នុង​សមាជិក​គ្រួសារ កាល​ណា​ពល​រដ្ឋ​ក្រី​ក្រ​ ក៏​វា​ប៉ះពាល់​ទៅ​ដល់​សង្គម​ដែរ។ ទីពីរ ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​កូន​ទៅ​រៀន​ ព្រោះ​អ្នក​ខ្លះ​គាត់​មាន​កូន​ហើយ​គាត់​អត់​មាន​លទ្ធភាព​ឧបត្ថម្ភ​កូន​ទៅ​រៀន ធ្វើ​ឱ្យ​កូន​បង​ៗ​ត្រូវ​ឈប់​រៀន​ ដើម្បី​ជួយ​ម្ដាយ​ដែល​ពរពោះ ឬ​ក៏​ជួយ​ឪពុក​ដែល​មាន​បញ្ហា​ផ្នែ​សេដ្ឋកិច្ច​ហ្នឹង » ។

ការ​អនុវត្ត​របស់​កម្ពុជា​ឆ្លើយ​តប​នឹង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ

នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​១៩៧៩ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សន្ធិសញ្ញាស្ដីពី​ការ​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រីភេទ ​(CEDAW)។ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ភាគី​នៃ​អនុសញ្ញានេះ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩២។

ចំណុច”ក” ក្នុង​ផ្នែក​ទី២ នៃ​មាត្រា​១១ នៃអនុសញ្ញា​នេះ​ចែង​ថា៖ «ហាម​ឃាត់​ដោយ​ដាក់ទណ្ឌកម្ម​នូវ​ការ​បណ្ដេញ​ចេញ​ពីការងារ ដោយ​មូល​ហេតុ​មាន​គភ៌ ឬ​ការ​ឈប់​សម្រាក​មាតុភាព និង​ការ​រើស​អើង​ក្នុង​ការ​បណ្ដេញ​ចេញ​ពី​ការងារ​ ដោយ​ផ្អែក​លើ​ស្ថានភាព​រៀប​អាពាហ៍ពិពាហ៍»។

ច្បាប់ការងារ​​កម្ពុជា មាត្រាផ្នែក​ទី​៨ ចំណុច​ “-ការងារ​សម្រាប់​ស្ត្រី” បាន​កំណត់​ថា ស្ត្រី​ទាំង​ឡាយ​ត្រូវ​មាន​សិទ្ធិ​ឈប់​សម្រាក៩០​ថ្ងៃ​ដើម្បី​សម្រាល​កូន ក្រោយ​ពី​ឈប់​សម្រាល​កូន​មក​ក្នុង​រយៈពេល​២ខែ​ ត្រូវ​ឱ្យ​ស្ត្រី​នោះ​ធ្វើ​តែ​ការងា​រ​ណា​ស្រាល​ៗ និង​ហាម​ឃាត់​ដាច់​ខាត​មិន​ឱ្យ​និយោជក​បញ្ឈប់​ស្ត្រី​សម្រាល​កូន​នៅពេល​ឈប់​ឆ្លង​ទន្លេឬ​នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​ឈប់​សម្រាល​កូន​នេះ ទោះ​ដោយ​វិធី​ឱ្យ​ដំណឹង​មុន​ក៏​ដោយ​។

បន្ថែម​លើ​សពី​នេះ ​ក្រសួង​ការងារ​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ បាន​ចេញ​ប្រកាស​១៩៤ ស្ដីពីលក្ខខណ្ឌ​ការងារ វិធាន​អនាម័យ​ និង​សន្ដិសុខការងារនៃ​សហគ្រាស​ គ្រឹះស្ថាន​ ក្រុម​ហ៊ុន​ផ្នែក​សេវា​កម្សាន្ត​ ប្រកាស​៧​ បាន​ចែង​ថា៖ «បុគ្គល​ណា​ក៏​ដោយ​មិន​អាច​យក​ការងារ​ដោយ​បង្ខំ ទៅ​ប្រគល់​ឱ្យ​កម្ម​ករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត​អនុវត្ត​ទេ ដូច​ជា ការ​បង្ខំ​ឬ​ប្រើ​មធ្យោបាយ​បង្ខំ​កម្មករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត​ឱ្យ​ធ្វើ​ការ​លើសម៉ោង ឬ​ផឹក​គ្រឿង​ស្រវឹង​ ឬ​ប្រើប្រាស់​គ្រឿង​ញៀន ឬ​រំលូត​កូន​ ជា​ដើម»។

VOD បាន​ដាក់​លិខិត​ចំនួន​៣​ច្បាប់​ទៅ​កាន់​ស្ថាប័ន​ជាតិ​ចំនួន​៣ ​ដែល​រួម​មាន​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ក្រសួង​កិច្ច​ការ​នារី និង​ក្រសួង​ការងារ​ តែ​មាន​តែ​ក្រសួង​ការងារ​មួយ​ប៉ុណ្ណោះ​ដែល​អនុញ្ញាតិ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ឆ្លើយ​តប​ចំពោះ​ករណីនេះ ខណៈ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​ឆ្លើយ​មក​វិញ​តាម​ទូរសព្ទ​ថា ​ខ្លួន​មិន​មាន​សមត្ថកិច្ច​គ្រប់ដណ្ដប់​លើ​រឿង​ស្ត្រី​នោះ​ទេ ​ដោយ​ជំរុញ​ដល់​អ្នក​សារព័ត៌មាន​ទៅ​សាកសួរ​ខាង​ក្រសួង​កិច្ច​ការនារីវិញ ទោះ​ជា​យ៉ាងណា រហូត​មក​ដល់​ថ្ងៃ​ចេញ​ផ្សាយ​នេះ ​VOD នៅ​មិន​ទាន់​មានការឆ្លើយ​តប​ពី​ក្រសួង​ដែល​ធ្វើ​ការ​លើ​ផ្នែក​ស្ត្រី​នេះ​នៅ​ឡើយ​ទេ។

អនុប្រធាន​នាយក​ដ្ឋាន​អធិការ​កិច្ច​ការ​នៃ​ក្រសួង​ការងារ​ លោក ខេម ប៊ុន​ឈាន មាន​ប្រសាសន៍​ថា​៖ «ប្រកាស​លេខ​ ១៩៤​ នេះ ​គ្រាន់​តែ​ជា​ប្រកាស​ដែល​ផ្ដោត​ទៅ​លើ​វិស័យ​សេវា​កម្សាន្ត​មាន​អ្វីខ្លះ។ ឃើញ​និយម​ន័យ​ក្នុង​ហ្នឹង​ហើយ ​ប្រការ​២​ ជា​សេវា​កម្សាន្ត​ គឺ​សំដៅ​លើ​ក្រុម​ហ៊ុន​ផលិត​ ឬ​ក៏​បោះ​ដុំ​ លក់រាយ​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន ដែល​បម្រើ​ឱ្យ​សេវា​កម្សាន្ត​នេះ ​យើង​ចង់​បញ្ជាក់​អ៊ីចឹង​! អ៊ីចឹង​បញ្ហា​ទាំង​អស់​នេះ កម្មករ​និយោជិត​ដែល​ធ្វើ​ការ​ប្រភេទ​នេះ ​ត្រូវ​បាន​ជា​ចំណុច​អាទិភាព​មួយ​ដែរ​ដែល​ច្បាប់​បញ្ជាក់​បន្ថែម​ ដែល​ច្បាប់​បាន​ផ្ដោត​ទៅ​លើ​គាត់ ជា​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ត្រី​ ក៏​ដូច​ជា​កម្មករ​ក្នុង​ផ្នែក​នេះ»។

ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​នេះ

សំណួរ៖ «មាន​ការ​លើក​ឡើង​ពី​ស្ដ្រី​ដែល​ធ្វើ​ការ​សេវា​កម្សាន្ត​ថា​ នៅពេល​ពួកគេ​មាន​ផ្ទៃ​ពោះ​ គឺ​ម្ចាស់​ហាង​មិន​ទទួល​ឱ្យ​ធ្វើ​ការ​ទេ! ដោយ​និយាយ​បែប​ដាក់​លក្ខខណ្ឌថា ​បើ​ចង់​មាន​កូន ​គឺ​គេ​មិន​អាច​ផ្ដល់​ការ​ងារ​ឱ្យ​ទេ។ តើ​ក្រសួង​មាន​ដឹង​ករណី​នេះ​ទេ?»

អនុប្រធាន​នាយក​ដ្ឋាន​អធិការ​កិច្ច​ការ​នៃ​ក្រសួង​ការងារ​ លោក​ ខេម ប៊ុនឈាន ហាក់​បី​ដូច​ជា​ឆ្លើយ​ពង្វាង​សំណួរ​ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​ថា បញ្ហា​នេះ​ជា​បញ្ហា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​លុប​បំបាត់និង​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ តែ​នៅ​ពេល​អ្នក​យក​ព័ត៌មាន ​VOD សួរ​បន្ថែម​លើ​បញ្ហានេះថា ​តើ​ក្រសួង​មាន​ដឹង​និង​អាច​ដោះស្រាយ​យ៉ាង​ណាជូន​ដល់​ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ពី​ថៅ​កែ​នេះ​​ លោក​បាន​ឆ្លើយ​ថា

«អ្វី​ដែល​ប្អូន​លើក​ឡើង​មក​នេះ​ យើង​ដឹង​ដែរ​ថា ​​កន្លង​មក​ កម្មករ​និយោជិត​របស់​យើង​ អ្វី​ដែល​ជា​បទ​ពិសោធន៍​របស់​យើង​ តាមរយៈ​ការ​ចុះ​ឬ​ក៏​តាម​ការ​បណ្ដុះ​បណ្ដាល​តាម​សហគ្រាស​ គ្រឹះស្ថាន​ គាត់​នៅ​មាន​កម្រិត​មួយ​ មាន​ន័យ​ថា​ ខ្វះភាព​ម្ចាស់​ការ​ មាន​ន័យ​ថា​ គាត់​គិត​ៗ​ដោយ​ខ្លួន​ឯង​។ តែ​តាម​ការ​ពិត ​អត់​ទេ​! ច្បាប់​បើក​ទូលាយ ​មាន​ន័យ​ថា​ យើង​មាន​សិទ្ធិ​ស្មើ​គ្នា​រវាង​កម្មករ​និយោជិត​និង​និយោជក»។

លោក​បានជំរុញ​ដល់​ជន​រងគ្រោះឱ្យ​មាន​ភាព​ក្លាហាន​​ដាក់​បណ្ដឹង​មក​ក្រសួង​ ដើម្បី​ឱ្យ​ក្រសួង​មាន​ដំណោះ​ស្រាយនិង​វិធាន​ការ​លើ​ម្ចាស់​កន្លែង​ទាំង​នោះ។

លោក​និយាយ​ថា៖ «ខ្ញុំ​ពុំ​បាន​ស្រង់​ទិន្នន័យ​ទេ តែ​គ្រាន់តែ​ថា​ យើង​ធ្លាប់​បាន​ចាត់​វិធាន​ការ​ទៅ​លើ​ប្រភេទ​ជា​ភោជនីយដ្ឋាន ជា​ក្លិប​កម្សាន្ត​ ខារ៉ា​អូខេ។ រហូត​មក​ដល់​ពេល​នេះ ចំពោះ​ប្រភេទ​សហគ្រាស​នេះ​ គឺ​យើង​អត់​ទាន់​មាន​បាន​បញ្ជូន​ទៅ​តុលាការ​ទេ មាន​តែ​ប្រភេទ​សហគ្រាស​ផ្សេង​ មាន​ន័យ​ថា​ អ្វី​ដែល​យើង​ដាក់​កំណត់​ យើង​ដាក់​ពិន័យ​គាត់​ទៅ​គាត់​មក​បង់​ប្រាក់​ផាក​ពិន័យ​នៅ​ក្រសួង។ […] ដូចខ្ញុំ​និយាយ​អ៊ីចឹង​! អ្វី​ដែល​ជា​ការ​ខ្វះ​ចន្លោះ​ គឺ​ថា​បងប្អូន​ទេ មាន​ន័យ​ថា ​ជួន​កាល​គាត់​យល់​ថា​ សិទ្ធិ​ដែល​ពួកគាត់​មាន​ហ្នឹង​គឺ​អត់​អាច​ទៅ​រួច ​អ៊ីចឹង​អ្វី​ដែល​ក្រសួង​មាន​ គឺ​ពួក​យើង​ចាំ​តែ​ទទួល​ទាំង​អស់​រាល់​បញ្ហា​ដែល​កើត​ឡើង​»។

ច្បាប់​រំលូត​កូន​ឆ្នាំ​១៩៩៧ មាត្រា​១៤ ចែង​ថា៖ «ជន​ទាំងឡាយ​ណា​ដែល​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន​ ឬ​ធ្វើ​ឱ្យ​រលូត​កូន​ដោយ​ចេតនា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ឆ្នាំ​ ទៅ​ ៥ឆ្នាំ។ បើ​ការ​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើ​ការ​រំលូត​កូន​ ឬ​​ធ្វើ​ឱ្យ​រលូត​កូន​ដោយ​ចេតនា​នោះ​ បណ្ដាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​ជំងឺរ៉ាំរ៉ៃ ពិការ​ ឬ​បណ្ដាល​ឱ្យ​ស្លាប់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ឆ្នាំ​ ទៅ​ ១០ឆ្នាំ»។

ការ​យល់​ឃើញ​របស់​សង្គម​ស៊ីវិល

បើ​ទោះ​បី​ជា​កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​អនុសញ្ញាលុបបំបាត់​រាល់ទម្រង់​នៃការរើសអើងលើស្ត្រីភេទ និង​មាន​ច្បាប់​ជាច្រើន​ទៀត​ដើម្បី​គាំទ្រ​ក្ដី តែ​សម្រាប់​​សង្គម​ស៊ីវិល​យល់​ថា ​វិធាន​ការដែល​ចែង​ក្នុង​ច្បាប់​ទាំង​នេះ​ហាក់​គ្មាន​ឥទ្ធិពល​​លើម្ចាស់​សហគ្រាស​កម្សាន្ត​នោះ​ឡើយ​។

អគ្គលេខាធិការ​​គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល​កម្ពុជា ​ដើម្បីអនុសញ្ញាលុបបំបាត់​រាល់ទម្រង់​នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា NGO-CEDAW អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍ថា​ រូប​ភាព​បែប​នេះ ​គឺ​ជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​ស្ត្រី​ ហើយ​វា​បាន​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​លើ​បញ្ហា​នេះ​ថែម​ទៀត។ អ្នក​ស្រី​បន្ថែម​ថា យន្ត​ការ​រង់ចាំ​បណ្ដឹងហើយ​ទើប​ដោះស្រាយ​ គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​សារ​ជន​គ្រោះ​ជា​អ្នក​ទន់​ខ្សោយ មិន​មាន​ទទួល​ព័ត៌មាន​ពី​ការ​គាំពារ​ផ្នែក​ច្បាប់​ និង​ខ្លាច​ការ​គុំកួន​ពី​ម្ចាស់​ទីតាំង។

អ្នក​ស្រីមាន​ប្រសាសន៍​ថា៖ «តាម​បទ​ពិសោធន៍​ដែល​ NGO-CEDAW និង​សមាជិក​របស់ ​NGO-CEDAW ដែល​យើង​បានធ្វើ​ការ​ជាមួយ​ជន​រងគ្រោះ​កន្លង​មក​ យើង​ឃើញ​ថា ការ​អនុវត្ត​​តួនាទី​របស់​អាជ្ញាធរ​នៅ​គ្រប់​លំដាប់​ថ្នាក់​ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​ទៅ​លើ​ច្បាប់​ទាំង​អស់​ហ្នឹង​។ ជា​ទម្លាប់​យើង​ឃើញ​ថា​ ការ​ដោះស្រាយ​ជូន​ជន​រងគ្រោះ​ ជា​ពិសេស​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​ ក៏​ដូចជា​ការ​រើស​អើង​លើ​ស្ត្រី​ហ្នឹង​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជារឿង​តូចតាចសម្រាប់អាជ្ញាធរ ​នេះ​មួយ​! មួយ​វិញ​ទៀត ​អាជ្ញាធរ​ពេល​ខ្លះ​តែង​តែដោះស្រាយ​ដោយ​មិន​យោង​ទៅ​លើ​ផ្នែក​ច្បាប់​ទេ ជួន​ណា​គាត់​យោង​ទៅ​លើ​មនោ​សញ្ចេត​នា​ ហើយ​និង​ទម្លាប់​របស់​គាត់​ដែល​គាត់​បាន​ធ្វើ​កន្លង​មក​ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​របស់​យើង​ គឺ​អត់​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ទៅ​លើ​ការ​ដោះស្រាយ​ជូន​ជន​រងគ្រោះ​ហ្នឹង​»។

អ្នក​ស្រី​បន្ថែម​ថា៖ «យន្ត​ការ​ចាំ​តែ​ទទួល​បណ្ដឹង​ពី​ជន​រងគ្រោះ​បែប​នេះ ​គឺ​​វា​អត់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង​កើត​មាន​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ! រដ្ឋាភិបាល​ កាតព្វកិច្ច​របស់​គាត់​គឺ​គាត់​ត្រូវ​តែ​ធានា​ថា​ ទាំង​ស្ថាប័ន​រដ្ឋ​ ទាំង​សហគ្រាស​ឯកជន​ហ្នឹង​ គឺ​អត់​អាច​ធ្វើ​អី​មួយ​ដើម្បី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី​ឬ​ក៏​ប្រព្រឹត្ត​ការ​រើស​អើង​ទៅ​លើ​ស្ត្រី​អ៊ីចឹង​ទេ។ រដ្ឋាភិបាល​គួ​រតែ​ចាត់​វិធាន​ការ​ណា​ដែល​សម​ស្រប​ឬ​មួយ​ក៏​ទៀង​ទាត់​ណា​មួយ ​ដើម្បី​ពិនិត្យ​មើល​»។

អគ្គលេខាធិការគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា NGO-CEDAW អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍ថា៖

«ខ្ញុ​គិត​ថា ​រដ្ឋាភិបាល​គាត់​គួរ​តែ​ស្វែង​យល់​អំពី​ឥទ្ធិពល​ចិត្ត​សង្គម​ទៅ​លើ​ជន​រងគ្រោះ​ ថា​តើ​នៅពេល​ដែល​គាត់​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​តែ​ការ​រើស​អើង​ហ្នឹង​ហើយ ​តើ​នៅពេល​ដែល​គាត់​ក្លាយ​ជាជន​រងគ្រោះ​ដោយ​សារ​តែការ​រើស​អើង​ហ្នឹង​ហើយ ​តើ​មក​ពី​មូល​ហេតុ​អី​? ហើយ​ណា​មួយ​មាន​ឫសគល់​អី​ដែល​គាត់ ​[ជន​រងគ្រោះ] ដែល​គាត់​មិន​ធ្វើ​ការ​ប្ដឹង​ផ្ដល់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ