សណ្ឋា​គារ​​មួយ​​នៅ​​សៀមរាប​​ប្រកាស​​បិទ​ទ្វារ ក្នុង​​នោះ​​បុគ្គលិក​៣​នាក់​​អះអាង​​ថា​មិន​​​ទទួល​​បាន​​សំណង​​តាម​​ផ្លូវ​​ច្បាប់់​​

ថ្ងៃទី១១ ខែកញ្ញា​​ ឆ្នាំ២០២០ កម្មករនិយោជិតបម្រើការងារនៅ សណ្ឋាគារ Le Meridien Angkor Hotel ខេត្តសៀមរាប នៅតែបន្តការតវ៉ានៅមុខសណ្ឋាគារ ក្រោយពីរង់ចាំការសម្របសម្រួលរបស់សាលាខេត្តសៀមរាបមិនទទួលបានជោគជ័យករណីថៅកែបញ្ឈប់តំណាងសហជីព។ (សង់ត្រាល់)

បុគ្គលិក​ចំនួន៣នាក់ ធ្វើការ​នៅ​សណ្ឋាគារ ឡឺ ម៉េ​រី​ឌាន អង្គរ (Le Meridien Angkor​) ស្ថិត​ក្នុង​ខេត្តសៀមរាប មិនទាន់​ទទួល​បាន​សំណង​នៅឡើយ ខណៈ​បុគ្គលិក​ផ្សេងទៀត​ទទួលយក​សំណង​ទាំង​បង្ខំចិត្ត ក្រោយ​សណ្ឋាគារ​នេះប្រកាស​បិទ​អាជីវកម្ម​​របស់​ខ្លួន​បណ្តោះអាសន្ន។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​វី​អូ​ឌី​នៅ​ព្រហស្បតិ៍​នេះ​ថា ម្ចាស់​សណ្ឋាគារ ឡឺ ម៉េ​រី​ឌាន អង្គរ (Le Meridien Angkor​) បាន​ប្រកាស​បិទ​សណ្ឋាគារ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​ហេតុផល​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ចដោយសារ​ជំងឺ​កូ​វីដ​-១៩។

ទោះ​យ៉ាងណា លោក​យល់ថា ការប្រកាស​បិទ​សណ្ឋាគារ​នេះ​ជា​បណ្តោះអាសន្ន មិន​មែន​ជាហេុតផល​ដោយសារបញ្ហា​ជំងឺ​កូ​វី​ដទាំងស្រុង​នោះ​ទេ ប៉ុន្តែ​អាច​ជា​ចេតនា​ចង់​លុបបំបាត់​សហជីពនិង​បញ្ចប់​ការ​តវ៉ា​របស់​កម្មករ ខណៈ​សណ្ឋាគារ​នេះបាន​បញ្ឈប់​បុគ្គលិក៣នាក់ មិនទាន់​ដោះស្រាយ​ចប់។

លោក​បន្ថែម​ថា៖ «ដោយសារ​នៅ​ទីនោះ ​កន្លងមក វា​មាន​វិវាទ​អូស​បន្លាយ​រហូតមកដល់​ពេលនេះ គឺ​ករណី​បញ្ឈប់​ថ្នាក់ដឹកនាំនិង​សកម្មជន​សហជីព​ស្រ្តី​ចំនួន៣នាក់ពី​ការងារ។ ហើយ​ពួក​គាត់​នៅ​ធ្វើការ បន្តការងារ អ៊ីចឹង​ខ្ញុំ​គិតថា រឿង​បិទ​នេះ គេ​ចង់ ទី១ ចេតនា​របស់​គេ គឺ​ចង់​រំលាយ​សហជីព​ចោល ទី២ គេ​ចង់​បញ្ចប់រឿង​ហ្នឹង កុំឱ្យ​មានការ​តវ៉ា​ទៀត»។

ថ្នាក់ដឹកនាំ​សហជីពនិង​សកម្មជន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍ នៃ​សណ្ឋាគារ ឡឺ ម៉េ​រី​ឌាន អង្គរ រួមមាន អ្នកស្រី ខាំ សុ​ភ័ក្ត្រ អ្នកស្រី ឌឿម ឆៃ​យ៉ា និង អ្នកស្រី សុខ ណា​រ៉ែ​ន ត្រូវ​ម្ចាស់​សណ្ឋាគារ​បញ្ឈប់​ពី​ការងារ​ជាបន្តបន្ទាប់​ នៅ​ថ្ងៃទី៩ និង​ទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោយពី​អ្នក​ទាំង៣នាក់​នោះបាន​ដាក់​សំ​ណើ​ទៅ​សណ្ឋាគារ​ ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ជូន​បុគ្គ​លិ​កផ្សេង​ៗទៀត។

ក្រោយមក ចាប់ពី​អំឡុង​ដើមខែ​សីហា ឆ្នាំ២០២០ បុគ្គលិក​ប្រមាណ៤០នាក់​របស់​សណ្ឋាគារ​នេះ បាន​នាំគ្នា​ឈរ​លើក​បដា​តវ៉ា​មុខ​សណ្ឋាគារ​ជាបន្តបន្ទាប់ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យ​ទទួលយក​តំណាង​ពួក​គេ៣នាក់​ចូល​បម្រើការ​ងារ​វិញ។

ប្រធាន​គណៈកម្មការ​ស្ត្រី​នៃ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍ ​នៃ​សណ្ឋាគារ​ ឡឺ ម៉េ​រី​ឌាន អង្គរ អ្នកស្រី ឌឿម ឆៃ​យ៉ា និយាយ​ថា ការ​បិទ​សណ្ឋាគារ​ជា​បណ្តោះអាសន្ន​នេះ ខាង​ម្ចាស់​សណ្ឋាគារ​មិនបាន​ដោះស្រាយ​សំណង​ជូន​បុគ្គលិក​ត្រឹមត្រូវ​តាមច្បាប់​ស្តី​ពី​ការងារ​ឡើយ ជាពិសេស បុគ្គលិក៣នាក់​ដែល​ជា​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​សណ្ឋាគារ​នេះ។ 

អ្នកស្រី​បន្ថែម​ថា៖ «ពួក​ខ្ញុំ​បី​នាក់​ហ្នឹង វា​នៅ​ជាប់​គាំង​ត្រង់ថា ខាង​ក្រុមហ៊ុន​គាត់​អត់​បាន​គិតគូរ​លុយ​រយៈពេល​ដែល​គាត់​បញ្ឈប់​ខ្ញុំ​ពី​ការងារ​រយៈពេល៤ខែ​ហ្នឹង​ទេ អ៊ីចឹង​ពួក​ខ្ញុំ​នៅ​ទាមទារ​ប្រាក់​ទាំងអស់​ហ្នឹង​មកវិញ បូក​នឹង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ដូច​បុគ្គ​លិ​កផ្សេង​ៗទៀត​ដែរ»។

បើ​តាមអ្នកស្រី ឌឿម ឆៃ​យ៉ា ភាគី​សណ្ឋាគារបាន​ផ្តល់​សំណង​ដល់​បុគ្គលិក​ចំនួន៥ចំណុច មាន​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ប្រាក់​អតីតភាព​ការងារ​ឆ្នាំ២០២០ ប្រាក់​ជួស​ឱ្យ​ការ​ជូនដំណឹង​មុន ប្រាក់​ជួស​ឱ្យ​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់ឈ្នួល​ចុងក្រោយ ខណៈ​ប្រាក់សំណង​ជំងឺចិត្ត​មិន​ត្រូវ​បាន​ទូរ​ទាត់​ឱ្យ​ឡើយ។

វិ​អូ​ឌី មិន​អាច​សុំ​ការ​ឆ្លើយតប​ពីប្រធាន​ទីផ្សារនិង​ផ្នែក​លក់ នៃ​សណ្ឋាគារ ឡឺ ម៉េ​រី​ឌាន អង្គរ អ្នកស្រី ពូច អង្គ​ឧស​ភាព និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​បានទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។ ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​កាលពីដើម​ខែសីហា​ថា ក្រុមហ៊ុន​សម្រេច​បញ្ឈប់​បុគ្គលិក៣នាក់​នោះ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុសច្បាប់ និង​ធ្វើខុស​គោលការណ៍​របស់​សណ្ឋាគារ​ធ្ងន់ធ្ងរ។

ប្រធានមន្ទីរ​ការងារ​ខេត្តសៀមរាប លោក ច័ន្ទ សុខុម​ចិ​ត្តា បាន​បញ្ជាក់​ថា សណ្ឋាគារ ឡឺ ម៉េ​រី​ឌាន អង្គរ ពិតជា​បាន​ប្រកាស​បិទទ្វារ​ជា​បណ្តោះ​អា​សន្នពិ​តមែន ដោយសារ​អាជីវកម្ម​រក​ប្រាក់ចំណូល​មិនបាន អំឡុង​ពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ១៩។

លោក​បន្ត​ថា បើ​ទោះជា​មានការ​បិទ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​បាន​សម្របសម្រួល​ដោះស្រាយ​សំណង​ជូន​បុគ្គលិក​អស់ហើយ នៅសល់​តែ​បុគ្គលិក៣នាក់​ដែល​ម្ចាស់​សណ្ឋាគារ​បាន​បញ្ឈប់​ពី​ការងារ​តែប៉ុណ្ណោះ។ លោក​ថា ករណី​បុគ្គលិក៣នាក់​នោះ គឺ​ម្ចាស់​សណ្ឋាគារ​កំពុង​ពិភាក្សា​គ្នា​ថា ត្រូវ​ផ្តល់​សំណង​ដូច​បុគ្គលិក​ផ្សេងទៀត​ឬអត់។

លោក​បន្ថែម​ថា៖ «បុគ្គលិក​ដែល​នៅ​ធ្វើការងារ​ហ្នឹង គឺ​គេ​បាន​ទូរ​ទាត់​សំណង​ឱ្យ​ទាំងអស់ ប៉ុន្តែ​សម្រាប់​បុគ្គលិក៣នាក់​ដែល​តវ៉ា ដោយសារ​គាត់​បញ្ឈប់​មុន​ហ្នឹង បាន​សុំ​សំណង​ឱ្យ​បាន​ដូច​បុគ្គលិក​ដែល​ធ្វើការ​ដែរ ឥលូវ​ខាង​ក្រុមហ៊ុន​គេ​កំពុងតែ​ពិ​ភា​ក្សាគ្នា​លើ​រឿង​នេះ»។

បើ​តាម​ក្រុម​បុគ្គលិក សណ្ឋាគារ ឡឺ ម៉េ​រី​ឌាន អង្គរ មាន​បុគ្គលិក​សរុប​ប្រមាណ១៥០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ