អង្គការសង្គមស៊ីវិលមួយចំនួននិងមន្ត្រីជាន់ខ្ពស់កម្ពុជា បានសម្តែងការសោកស្តាយចំពោះការបិទស្ថានទូតស៊ុយអ៊ែត ដោយថា វានឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះ។
ការលើកឡើងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រសួងការបរទេសស៊ុយអ៊ែត បានប្រកាសថា ប្រទេសមួយនេះនឹងបិទស្ថានទូតរបស់ខ្លួននៅកម្ពុជានៅចុងឆ្នាំក្រោយនេះ ហើយទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា នឹងត្រូវផ្ទេរដាក់ឱ្យស្ថិតនៅក្រោមអគ្គរាជទូតប្រចាំនៅទីក្រុងបាងកកវិញ។
ក្រសួងការបរទេសស៊ុយអ៊ែត បានប្រកាសឱ្យដឹងអំពីសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលខ្លួនបែបនេះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា លោកសោកស្ដាយក្រោយពីបានដឹងថា រដ្ឋាភិបាលស៊ុយអ៊ែតសម្រេចបែបនេះ ដោយលោកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចង់រាប់អានមិត្តជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក។
លោក សុខ ឥសាន បានថ្លែងថា៖ «ឮថាប្រទេសស៊ុយអ៊ែតនឹងដកស្ថានទូតទៅឆ្នាំក្រោយនេះ ខ្ញុំយល់ថា វាជាដំណឹងគួរឱ្យមានការសោកស្តាយ ក៏ប៉ុន្តែការសោកស្តាយរបស់យើង វាត្រឹមតែសោកស្តាយទេ ពីព្រោះការសម្រេចចិត្ត វាស្ថិតនៅលើរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត»។
លោក សុខ ឥសាន ប្រាប់បន្តថា៖ «នយោបាយការបរទេសរបស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺប្រមូលមិត្តនៅលើពិភពលោក មិនថា ភ្នែកស ភ្នែកខៀវ មិនថា ច្រមុះវែង ឬច្រមុះខ្លីអី គឺចង់បានជាមិត្តរបស់កម្ពុជាទាំងអស់»។
ក្រសួងការបរទេសស៊ុយអ៊ែត បានប្រកាសថា ចេតនានៃការផ្លាស់ប្ដូរនេះ គឺដើម្បីទទួលស្គាល់សិទ្ធិអំណាចរបស់អគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកក ហើយសកម្មភាពរបស់ក្រសួងការបរទេស នឹងត្រូវផ្ទេរទៅស្ថានទូតស៊ុយអ៊ែតនៅបាងកក។ បន្ទាប់ពីបិទទ្វារ ក្រសួងការបរទេសស៊ុយអ៊ែតនឹងមិនដាក់បុគ្គលិកឱ្យប្រចាំការនៅកម្ពុជានោះឡើយ។
ក្រសួងការបរទេសស៊ុយអ៊ែត ប្រកាសទៀតថា ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃការកែសម្រួលជាបន្តនៃស្ថាប័នរបស់ខ្លួននៅឯក្រៅប្រទេស ឱ្យស្របទៅនឹងការផ្លាស់ប្ដូរផ្ទៃក្នុង និងទៅតាមលក្ខខណ្ឌសេវានិងការអង្កេតមើលថ្មី។
ការសម្រេចបែបនេះរបស់រដ្ឋាភិបាលស៊ុយអ៊ែត បានជំរុញឱ្យមានការចោទសួរអំពីអនាគតនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ស៊ុយអ៊ែត ក៏ដូចជាទំនាក់ទំនងកម្ពុជាជាមួយបណ្ដារដ្ឋាភិបាលនៅក្នុងសហភាពអឺរ៉ុបផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អះអាងថា សេចក្ដីសម្រេចបែបនេះរបស់រដ្ឋាភិបាលស៊ុយអ៊ែត មិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនោះឡើយ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច ជឿជាក់ថា ផលប៉ះពាល់ពិតជាកើតមានឡើងក្រោយការផ្លាស់ប្ដូរបែបនេះ។
លោក សុខ ឥសាន បញ្ជាក់ថា៖ «កាលណាពេលគេដកទូតហើយ វាចៀសមិនរួចទេរឿងប៉ះពាល់ទំនាក់ទំនង។ កាលណាទំនាក់ទំនងល្អ គេដាក់ទូតហើយ។ កាលណាទំនាក់ទំនងមិនល្អ គេដកទូត ជារឿងគេ តែយើងមិនចង់ទេ។ នៅក្នុងចិត្តនិងក្នុងគោលការណ៍របស់យើង អត់ចង់ធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ»។
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត សេង សារី បានលើកឡើងថា រដ្ឋាភិបាលស៊ុយអ៊ែតបានផ្ដល់សញ្ញារួចមកហើយទៅដល់រដ្ឋាភិបាលកម្ពុជាតាមរយៈការដកជំនួយពីកម្ពុជា។
លោកបណ្ឌិត សេង សារី ប្រាប់ថា៖ «បន្ទាប់ពីបានមើលឃើញថា កម្ពុជាមិនងាកចូលគន្លងប្រជាធិបតេយ្យ គាត់បានសម្រេចចិត្តនៅក្នុងការដកទូតពីកម្ពុជា។ បើយើងមើលក្នុងមុំការទូត គឺជាការទះកំផ្លៀងទៅលើរដ្ឋាភិបាល»។
នៅមុនការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា អគ្គរាជទូតស៊ុយអ៊ែតទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Annika Ben David បានព្រមានកាលពីខែតុលាឆ្នាំ២០១៧ ថា រដ្ឋាភិបាលស៊ុយអ៊ែតនឹងពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ប្រសិនបើបក្សប្រឆាំងនៅកម្ពុជាត្រូវបានរំលាយមែននោះ។
តំណាងរដ្ឋាភិបាលស៊ុយអ៊ែតរូបនេះ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅមុនការរំលាយបក្សប្រឆាំងនោះ បានព្រមានបែបនេះ បន្ទាប់ពីបង្ហាញក្ដីបារម្ភជុំវិញការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច អះអាងថា ការលើកយកបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកធ្វើជាសម្អាងនេះ មិនបានឆ្លុះបញ្ចាំងពីអ្វីដែលលោកហៅថា «ការពិតកំពុងកើតមាននៅកម្ពុជា» នោះឡើយ។
លោក សុខ ឥសាន បានបញ្ជាក់ថា៖ «ការនិយាយថា ជាការទះកំផ្លៀងរបស់បរទេសចំពោះរាជរដ្ឋាភិបាលកម្ពុជា វាគ្រាន់តែជាការយល់ឃើញរបស់បុគ្គលទេ ហើយបុគ្គលនោះមិនមែនជាបុគ្គលអព្យាក្រឹត្យឯករាជ្យទេ តែជាបុគ្គលលម្អៀងខាងនយោបាយ ហើយកម្ពុជាធ្វើមិនដែលត្រូវចិត្តអ្នកទាំងអស់ដែលថានោះទេ។ ធ្វើល្អ ក៏គេមិនឮមាត់ក ហើយពេលមិនល្អ គេសង្កត់កយើងយកតែម្តង»។
បើទោះបីដកស្ថានទូតចេញពីកម្ពុជាក្ដី ប៉ុន្តែស៊ុយអ៊ែតអះអាងថា ខ្លួនធ្វើកិច្ចសហប្រតិបត្តិការបែបថ្មីជាមួយកម្ពុជា ហើយស៊ុយអ៊ែតបានប្រកាសកាលពីឆ្នាំ២០១៧កន្លងមកថា ប្រទេសនេះសម្រេចងាកចេញពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ហើយបង្វែរជំនួយរបស់ខ្លួនទៅជួយដល់កិច្ចការងារខិតខំប្រឹងប្រែងជំរុញការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្រោយពីមានការរឹតត្បិតកាន់តែខ្លាំងនៅកម្ពុជាប៉ុន្មានឆ្នាំថ្មីៗនេះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះការសម្រេចចិត្តបែបនេះរបស់រដ្ឋាភិបាលស៊ុយអ៊ែត បើទោះបីជាអ្នកស្រីបានដឹងជាច្រើនខែមកហើយថា រដ្ឋាភិបាលស៊ុយអ៊ែតផ្លាស់ប្ដូរនូវយុទ្ធសាស្ត្ររបស់ខ្លួន។
អ្នកស្រី ចក់ សុភាព ប្រាប់ថា៖ «តែមកដល់ពេលនេះ តាមព័ត៌មានដែលយើងទទួលបាន យើងឃើញហើយថា ខាងក្រសួងការបរទេសបានធ្វើការសម្រេចបិទស្ថានទូតនៅចុងឆ្នាំក្រោយនេះ។ ជាព័ត៌មានមួយគួរឱ្យភ្ញាក់ផ្អើល ហើយក៏គួរឱ្យសោកស្តាយសម្រាប់ប្រទេសកម្ពុជាក្នុងការបាត់បង់នូវតំណាងស្ថានទូតដ៏សំខាន់មួយ ដែលបានចូលរួមគាំទ្រដល់សកម្មភាពជាច្រើននិងវិស័យសំខាន់ជាច្រើនសម្រាប់ប្រទេសកម្ពុជាយើង»។
ក្រសួងការបរទេសស៊ុយអ៊ែត បានប្រកាសថា ប្រទេសមួយនេះនៅតែរក្សាទំនាក់ទំនងជាមួយកម្ពុជាដដែល ប៉ុន្តែសកម្មជនការពារសិទ្ធិមនុស្សរូបនេះយល់ឃើញថា ការផ្លាស់ប្ដូរនេះជះឥទ្ធិពលទៅដល់ទំនាក់ទំនងការទូតទ្វេភាគីរវាងកម្ពុជានិងស៊ុយអ៊ែត។
អ្នកស្រី ចក់ សុភាព ប្រាប់ថា៖ «វានឹងប៉ះពាល់ទាំងទំនាក់ទំនងផ្នែកការទូតសម្រាប់ប្រទេសកម្ពុជាតាមរយៈរដ្ឋាភិបាល ហើយក៏វាមានផលលំបាកសម្រាប់សង្គមស៊ីវិលផងដែរ»។
ស៊ុយអ៊ែតក៏ត្រូវបានមើលឃើញថា ជាភាគីរដ្ឋាភិបាលបរទេសគាំទ្រទៅដល់សេរីភាពសារព័ត៌មាននៅកម្ពុជាផងដែរ ខណៈដែលវិស័យមួយនេះរងការបង្ក្រាបពីរដ្ឋាភិបាលនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ក៏ភ្ញាក់ផ្អើលនឹងដំណឹងនេះផងដែរ ហើយលោកសោកស្ដាយចំពោះដំណើរវិវត្តបែបនេះ ដែលលោកយល់ថា នឹងមានបញ្ហាលំបាកសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោក ណុប វី ប្រាប់ថា៖ «ទូតស៊ុយអ៊ែត កន្លងមក ធ្វើកិច្ចការងារច្រើនទាក់ទងនឹងការផ្សព្វផ្សាយនិងលើកស្ទួយលើវិស័យព័ត៌មាននៅជុំវិញពិភពលោក ហើយនៅក្នុងហ្នឹង ប្រទេសកម្ពុជាយើង ប្រទេសស៊ុយអ៊ែតក៏បានធ្វើកិច្ចការងារច្រើនដែរ»។
ទោះជាយ៉ាងណា ក្រសួងការបរទេសស៊ុយអ៊ែតប្រកាសថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នឹងត្រូវអនុវត្តបន្តដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (Sida)។
ស៊ុយអ៊ែតបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៦១មក ប៉ុន្តែស្ថានទូតស៊ុយអ៊ែតនៅបាងកក ដើរតួជាតំណាងស៊ុយអ៊ែតនៅក្នុងទំនាក់ទំនងនេះ។ ប្រទេសតំបន់អឺរ៉ុបមួយនេះ បានសម្រេចបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ នៅឆ្នាំ២០១០៕









