រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា អរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់អំណោយម៉ាស់ចំនួន២លាន និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀតដល់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងលិខិតរបស់ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា ការផ្តល់ជំនួយនេះ បានឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដដែលកម្ពុជាមានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងក្នុងកាលៈទេសៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការថ្លែងអំណរគុណរបស់ប្រទេសមីយ៉ាន់ម៉ាដល់កម្ពុជា បានធ្វើឡើងក្រោយពីកម្ពុជាបានដឹកជញ្ជូនម៉ាស់និងបរិក្ខារពេទ្យមួយចំនួនទៅឱ្យប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃម្សិលមិញ។
បើតាមបញ្ជីរាយនាមអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ានោះ មានដូចជា ម៉ាស់៣ប្រភេទ វ៉ែនតាការពារ សម្លៀកបំពាក់ការពារ ឧបករណ៍វាស់កម្តៅ របាំងការពារមុខ ម៉ាស៊ីនជួយដល់ការដកដង្ហើម ម៉ាស៊ីនតាមដានសញ្ញាជីវិត ម្សៅថ្នាំបាញ់សម្លាប់មេរោគ ស្បែកជើងកវែង និងទឹកសាប៊ូលាងដៃ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ជំនួយជាម៉ាស់ចំនួន២លាននិងបរិក្ខារពេទ្យផ្សេងទៀតដល់ប្រទេសឡាវផងដែរ ដើម្បីឱ្យប្រទេសជិតខាងកម្ពុជាមួយនេះ យកទៅប្រើប្រាស់សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕









