ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួនម្នាក់ទៀត នាំឱ្យកម្ពុជារកឃើញមានកូវីដ១៩កើនដល់៣០៨នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បញ្ជាក់ថា ១ករណីថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំងអាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់ថា តាមជើងហោះហើរខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៧៤នាក់។ ចំណែក អ្នកដំណើរចំនួន ៧៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារចំនួន២ក្នុងរាជធានីភ្នំពេញ។
ដោយឡែក អ្នកជាសះស្បើយវិញ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពី សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទី២៨ខែវិច្ឆិកានេះ កម្ពុជារកឃើញអ្នកមានមេរោគកូវីដ១៩ មានចំនួន៣០៨នាក់ ក្នុងនោះព្យាបាលជាបាន២៩៩នាក់។
អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៦នាក់ និងសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន៣នាក់៕