ក្រសួងសុខាភិបាលរកឃើញអ្នកផ្ទុកមេរោគកូវីដឆ្លងថ្មីចំនួន៧នាក់បន្ថែមទៀត ខណៈនាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបបង្កើនការប្រុងប្រយ័ត្នព្រោះមានការឆ្លងរាលដាលពីគ្រួសារមន្ត្រីជាន់ខ្ពស់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះបញ្ជាក់ថា ក្រសួងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ថ្មីចំនួន៧នាក់បន្ថែមទៀត នាំឱ្យកម្ពុជារកឃើញអ្នកផ្ទុកមេរោគកូវីដ១៩កើនឡើងដល់៣១៥នាក់។
កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើសារជាសំឡេងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ពិសេសអ្នកនៅរាជធានីភ្នំពេញហាមកូនចៅកុំឱ្យចេញពីផ្ទះបើមិនមានករណីចាំបាច់ ដោយសារគ្រួសារមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមានឆ្លងមេរោគកូវីដ១៩។