លោកនាយករដ្ឋមន្ត្រីប្រាប់ដល់ប្រជាពលរដ្ឋកុំឱ្យភ័យស្លន់ស្លោឬ ចោឡោ ករណីផ្ទុះឆ្លងរាលដាលជំងឺកូវីដក្នុងសហគមន៍លើកដំបូងនៅកម្ពុជា ហើយត្រូវយកចិត្តទុកដាក់ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ការរកឃើញអ្នកឆ្លងមេរោគកូវីដថ្មីចំនួន៧នាក់នោះជា ការឆ្លងរាលដាលក្នុងសហគមន៍។
លោកថា ការឆ្លងក្នុងសហគមន៍នេះ ពាក់ព័ន្ធខេត្តមួយចំនួន ហើយអាជ្ញាធរកំពុងធ្វើកិច្ចការនេះ ដើម្បីសុវត្ថិភាពពលរដ្ឋ។
លោក ហ៊ុន សែន៖« ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង»។
លោកនាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យពលរដ្ឋភ័យខ្លាចខ្លាំងពេក ហើយត្រូវរក្សាវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ហ៊ុន សែន៖«សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត»។
ករណីផ្ទុះឆ្លងរាលដាលមេរោគកូវីដ១៩ក្នុងសហគមន៍នេះ រដ្ឋាភិបាលសម្រេចបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ៕