អគ្គនាយកដ្ឋានពន្ធនាគារនៃ ក្រសួងមហាផ្ទៃបានឱ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធមិនទាន់មានគម្រោងធ្វើតេស្តរកជំងឺកូវីដ លើអ្នកជាប់ឃុំនៅពន្ធនាគារណាមួយនៅឡើយ ខណៈក្រុមគ្រូពេទ្យបានពិនិត្យលើមន្ត្រីនៃអគ្គនាយករដ្ឋាននេះប្រមាណ៤០០នាក់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វីអូឌីនៅថ្ងៃនេះថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលមិនទាន់មានគម្រោងពិនិត្យសុខភាពអ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែណាមួយនៅឡើយ ដោយសារនៅថ្ងៃទី២៣ ខែវិច្ឆិកា លោកឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៃមណ្ឌលអប់រំកែប្រែ គឺមិនបានជួបជាមួយអ្នកជាប់ឃុំនោះទេ។
ករណីនេះ ក្រសួងសុខាភិបាលធ្វើតេស្តរកជំងឺកូវី១៩ តែលើមន្ត្រីពន្ធនាគារដែលបានចុះជួបសំណេះសំណាលជាមួយលោក ឆែម សាវុធ ប្រមាណជា៤០០នាក់តែប៉ុណ្ណោះ។
ទោះជាយ៉ាងណារហូតដល់ពេលរសៀលថ្ងៃអាទិត្យនេះ ក្រសួងមិនទាន់រកឃើញមន្ត្រីពន្ធនាគាររូបណាឆ្លងជំងឺកូវីដនោះទេ។
នៅព្រឹកថ្ងៃអាទិត្យទី២៩ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ថ្មីចំនួន ១៧នាក់ជាការឆ្លងរាលដាលនៅក្នុងសហគមន៍៕









