ពលរដ្ឋនៅស្រុកស្អាងជួបការលំបាកមិនមានកន្លែងចោលសំរាម

អ្នកនេសាទបើកទូកនៅក្បែរសំរាមដែលអណ្តែតនៅលើទឹក និងគំនរសំរាមនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០។ រូបដោយ នង ម៉ៃចរីយា

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងស្រុកស្អាងខេត្តកណ្តាលលើកឡើងថា ពួកគាត់ជួបការលំបាកដោយមិនមានកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានតែការគរដុត និងអ្នកខ្លះទៀតទម្លាក់ចោលក្នុងទឹកទន្លេបាសាក់។​

ប្រជាពលរដ្ឋដែលក្រុមការងារយើងបានសាកសួរថ្លែងថា ពួកគាត់មិនបានយល់ពីការបែងចែក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវទេគឺចោលតាមទម្លាប់តាំងពីដូនតា។​

លោក រិន ជាពលរដ្ឋម្នាក់រស់នៅ ភូមិកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា នៅក្នុងភូមិនេះ មិនមានរថយន្តដឹកជញ្ជូនសំរាមទេ ហើយអាជ្ញាធរក៏មិនបានរៀបចំកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវដែរ។ លោកថា ដោយសារគ្មានជម្រើស អ្នកខ្លះយកទៅគរទុកក្បែរច្រាំងទន្លេឬ ចាក់បណ្តែតទឹកទន្លេ។​

លោក រិន៖«សំរាមខ្លះជួនកាលគេយកចាក់ចូលក្នុងទន្ល ខ្លះគេដាក់នៅកៀនច្រាំងគេដុត ខ្លះទម្លាក់ទន្លេ ខែទឹកគេទម្លាក់ទន្លេ»

លោក រិន បន្តថា សំរាមចោលក្នុងទន្លេមានគ្រប់ប្រភេទ ហើយរូបគាត់ពេលយកគោឱ្យចុះផឹកទឹក និងលាងទឹកក្នុងទន្លេ ក៏ធ្លាប់មុតជើងជាមួយអំបែងកែវ។​

ពលរដ្ឋរស់នៅភូមិក្បាលកោះម្នាក់ទៀត អ្នកស្រីអែម លើកឡើងថា ជាទម្លាប់អ្នកភូមិកន្លែងគាត់រស់នៅក៏ចោលសំរាមក្នុងទន្លេ អ្នកនៅលើខ្សែទឹកក៏ចោលសំរាមក្នុងទន្លេ។ ពេលខ្លះសំរាមអ្នកចោលលើខ្សែទឹកមកគរពូននៅចំណុចភូមិពួកគាត់រស់នៅ។​​

អ្នកស្រី អែម៖«ជាទូទៅដុតវា ហើយប្រមូលបោះចោលបណ្តែតទឹកទៅ [ ] ម៉ាវិកមុនទឹកឡើង សំរាមហៀមកពេញ នាំគ្នាកាយសំរាម គេបោះចោលពីលើៗមក យើងនៅចំកណ្តាលកោះសំរាមមក ទើៗយើងចេះតែរើចោយទៅ វាមិនមែនអណ្តែតទៅអស់ណា យើងឃើញយើងរុញចោលទៅ វាចេះតែអណ្តែតទៅទៀត»

អ្នកស្រីអែម ថ្លែងថា រូបគាត់ និងអ្នកភូមិនៅពេលនេះ មិនហ៊ានបរិភោគទឹកទន្លេដូចមុនទៀតទេ។​

អ្នកស្រី អែម​«ខ្ញុំបារម្ភ អីឡូវមិនដែលហូបទឹកទន្លេទេ ពីមុនហូបតែទឹកទន្លេ ឥឡូវមិនដែលហូបទេ បើលេងទម្លាក់មកស្អីៗជុំទិស អណ្តែតមក ចាំមើលៗថង់ប៉ុនៗណាណី ណាច្រកប៉ាវច្រកអីទម្លាក់ពីលើមកម៉ង ប៉ុណ្ណាណី»

អ្នកស្រី ជិត សុផល រស់នៅក្នុងភូមិស្វាយតានី ឃុំស្វាយប្រទាល អ្នកស្រីធ្វើរបងជុំវិញដីការពារកុំឱ្យសំរាមអណ្តែតតាមទឹកចូលក្នុងខែវស្សា ប៉ុន្តែការពារមិនជាប់ទេ។​ អ្នកស្រីបន្តថា ពេលទឹកស្រកវិញរូបគាត់ធ្វើដោយផ្ទាល់ និងជួលគេឱ្យជួយប្រមូលសំរាមដែលអណ្តែតចូលលើដីរបស់គាត់ ។​

អ្នកស្រី ជិត សុផល៖«តែដល់ខែប្រាំងមក  ខ្ញុំមានទាញទ្វារបើកចេញចូល ជួលគេដុត បើមិនដុតមិនជួលគេធ្វើ សំរាមច្រើន សំរាមហូរមក មួយប៉េៗមកហ្មង ពេលរីងទឹកទៅ មានគំនរ សំរាមនោះមួយដុំ នោះមួយដុំ »

អ្នកស្រីបន្ថែមថា អ្នកស្រីព្រួយបារម្ភចំពោះការបោះចោលសំរាម ដែលសំអាតតែក្នុងផ្ទះរបស់ខ្លូនឯង ហើយយកទៅបោះចោលនៅកន្លែងដទៃដោយមិនគិតពីអ្នកផ្សេង អ្នកស្រីចង់ឱ្យប្រជាពលរដ្ឋចូលរួមយល់ដឹងនិងអនុវត្តន៍ទាំងអស់គ្នា។

គំនរសំរាមនៅច្រាំងទន្លេបាសាក់នៅស្រុកស្អាង ខេត្តកណ្តាលនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០។ រូបដោយ នង ម៉ៃ ចរិយា

មេឃុំស្វាយប្រទាលលោក នួន ​សឿន មានប្រសាសន៍ថា អាជ្ញាធរឃុំកំពុងរៀបចំរបាយការណ៍ចំនួន​ពលរដ្ឋរស់នៅក្នុងឃុំ ដើម្បីរៀបចំផែនការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។​ លោកបន្តថា អាជ្ញាធរឃុំកំពុងរង់ចាំរថយន្ត និងរ៉ឺម៉កដឹកសំរាម ដែលផ្តល់ឱ្យដោយក្រសួងបរិស្ថាន។​

លោក នួន ​សឿន ថ្លែងថា អាជ្ញាធរមានការលំបាកក្នុងការពន្យល់ពលរដ្ឋពីការបែងចែក​និងទុកដាក់សំរាម ព្រោះរថយន្តដឹកសំរាមមិនទាន់មកដល់។​

លោក នួន ​សឿន ៖«បើសិនជាមានអង្គការចូលមកពន្យល់ខ្ញុំអរគុណ បើយើងពន្យល់មុនដំណើរការ យើងពិបាកពន្យល់គេដែរ បើគេសួមកវិញ ឪឡូវឡានសំរាម យកថ្ងៃណា យើងឆ្លើយអត់ទាន់រួច ពីការបែងចែកសំរាម»

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាន៍ថាបើសំណល់ប្លាស្ទិចរលាយ វានិងបង្កើតជាមីក្រូប្លាស្ទិចដែលជាសារធាតុតូចៗរលាយចេញពីប្លាស្ទិច និងក្លាយទៅជាសារធាតុពុល ដែលប៉ះពាល់ដល់ជីវចម្រុះផ្សេងៗ ដូចជាសត្វត្រីនិងរុក្ខជាតិផ្សេងៗទៀត។

លោកបញ្ជាក់ថា សំរាមដែលបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងមួយថ្ងៃមានជាង១ម៉ឺនតោន។ លោកបន្តថា ការកាត់បន្ថយសំរាមមានតែប្រជាពលរដ្ឋទប់ស្តាត់ការប្រើប្រាស់ប្លាស្ទិចនិងញែកសំរាមទៅតាមប្រភេទដើម្បីកាត់បន្ថយសំរាមដោយសំរាមសរីរាង្គអាចធ្វើជាជីកំប៉ុស្តិ៍ ប្លាស្ទិចអាចប្រើប្រាស់ឡើងវិញឬកែច្នៃ និងសំណល់គ្រោះថ្នាក់ត្រូវការគ្រប់គ្រងឱ្យបានល្អ៕​

 អត្ថបទដោយ ​នង ម៉ៃចរីយា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ