អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងផលិតនិងកន្លែងចែកចាយស្រាសនៅទូទាំងខេត្តនេះ ក្រោយមានមនុស្ស៨នាក់បានស្លាប់ជាបន្តបន្ទាប់ ដោយសារសង្ស័យពុលស្រាស។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក អម សុភា ដែលទទួលបន្ទុកផ្នែកសុខាភិបាល បានប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកភូមិ៨នាក់ហើយបានស្លាប់គិតត្រឹមថ្ងៃនេះ ក្នុងនោះមានអ្នកភូមិម្នាក់ទៀតដែលបានស្លាប់នៅឯភូមិក្រាំងស្ដៀរ នៅថ្ងៃនេះ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ ប្រាប់ថា គិតត្រឹមម៉ោង៣កន្លះថ្ងៃអង្គារនេះ ពុំមានពលរដ្ឋបន្ថែមទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះឡើយ។ លោកបន្ថែមថា អ្នកភូមិ១៣១នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា ក្នុងនោះមានស្រី៦នាក់ផងដែរ។
មន្ត្រីសុខាភិបាលរូបនេះឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកភូមិ១២៧នាក់បានជាសះស្បើយ ហើយបានត្រឡប់ទៅផ្ទះវិញ ខណៈ៤នាក់បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ លោក ផាន អូន មានប្រសាសន៍ថា ករណីពលរដ្ឋស្លាប់និងឈឺនៅកំពង់ឆ្នាំង គឺអាចបណ្តាលមកពីពួកគេផឹកស្រាសដែលមានជាតិមេតាណុលខ្ពស់ពេកដែលមានរហូតទៅ១០ទៅ១៧ភាគរយ។
លោកថា មន្ត្រីជំនាញបានយកសំណាកគំរូចំនួន៥៥ពីសិប្បកម្មផលិតស្រាចំនួន៨កន្លែងទៅពិនិត្យ ដែលលទ្ធផលអាចដឹងនៅថ្ងៃពុធស្អែកនេះ។
លោក ផាន អូន បន្ថែមថា៖ «បើលទ្ធផលចេញមក គាត់យកមេតាណុលទៅធ្វើជាស្រា អាហ្នឹងប្រហែលយើងសុំដីកាពីព្រះរាជអាជ្ញាទៅបិទហើយ ព្រោះបើកាលណាយើងនៅបណ្តែតបណ្តោយឱ្យពួកគាត់ប្រើទៀត វាកាន់តែបង្កផលប៉ះពាល់ ហើយភាគច្រើនបងប្អូនប្រជាពលរដ្ឋយើងតែងតែយល់ច្រឡំ។ បើគាត់យកអាកុលទៅលាយធ្វើជាស្រា អត់អីទេ។ អេទីលអាល់កុល អត់អីទេ! ប៉ុន្តែ ម៉េតាណុល វាមានពណ៌សដូចគ្នា តម្លៃថោក បើគាត់យកអាហ្នឹងទៅលាយធ្វើស្រា នឹងធ្វើឱ្យប្រជាពលរដ្ឋឬអ្នកប្រើប្រាស់អាចស្លាប់»។
ស្ថាប័នមួយនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា សំណាកស្រាសសរុប៧៣គំរូ ត្រូវបានប្រមូលយកពីទីតាំងសិប្បកម្មផលិតស្រាសជាច្រើនកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីយកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន។
អគ្គនាយកដ្ឋានដដែលនេះបានរៀបរាប់ថា លទ្ធផលតេស្តបង្ហាញថា សំណាកស្រាស៥គំរូក្នុងចំណោមសំណាក់១៦គំរូដែលទទួលបានពីនគរបាលខេត្តកំពង់ឆ្នាំង មានផ្ទុកទៅដោយសារធាតុមេតាណុលចន្លោះពី១០,៥ ទៅ ១៧,២៥ភាគរយ ដែលវាលើសពីកម្រិតអនុញ្ញាតដែលមានត្រឹមតែ០,១៥ភាគរយប៉ុណ្ណោះ។ ចំណែក៥៥គំរូដែលបានដកហូតពីសិប្បកម្មចំនួន៨កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា អាជ្ញាធរខេត្តនេះសម្រេចបិទជាបណ្តោះអាសន្នកន្លែងផលិតនិងចែកចាយស្រាស ស្រាថ្នាំ ដោយរង់ចាំឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យគុណភាពនិងផ្លូវច្បាប់សិន។
អភិបាលខេត្តរូបនេះឱ្យដឹងថា កន្លងមក អាជ្ញាធរខេត្តធ្លាប់ចុះអប់រំនិងផ្សព្វផ្សាយទៅដល់អ្នកផលិតនិងចែកចាយស្រាសឬស្រាថ្នាំដែរ អំពីគុណភាពនិងផ្លូវច្បាប់ ប៉ុន្តែអ្នកទាំងនោះហាក់មិនបានស្តាប់និងអនុវត្តតាមឡើយ ដែលនាំឱ្យមានមនុស្សស្លាប់។
លោក ឈួរ ច័ន្ទឌឿន បន្ថែមថា៖ «យើងបិទទាំងអស់ ទាំងអ្នកផលិត ទាំងអ្នកចែកចាយ សូម្បីសិប្បកម្មក៏ដោយ។ បើចង់ធ្វើ ទី១ ត្រូវមានច្បាប់ច្បាស់លាស់ ទី២ អ្នកធ្វើហ្នឹង បណ្តុះបណ្តាលឱ្យមានជំនាញត្រឹមត្រូវ ព្រោះរឿងធ្វើឱ្យស្លាប់មនុស្ស រឿងធ្វើឱ្យមនុស្សឈឺនេះ វាជារឿងប៉ះពាល់ធ្ងន់ធ្ងរណាស់ ហើយវាប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាលទៀត»។
លោក ឈួរ ច័ន្ទឌឿន បន្ថែមថា ក្រោយចុះត្រួតពិនិត្យនិងណែនាំរួច ប្រសិនបើអ្នកដែលផលិតស្រានៅតែមិនគោរពទៅតាមស្តង់ដារគុណភាពនិងគ្មានច្បាប់ អាជ្ញាធរនឹងចាត់វិធានការច្បាប់តឹងរ៉ឹង។
លោក ផាន អូន អះអាងថា កន្លងមក មន្ត្រីជំនាញស្ថាប័នរបស់លោក ធ្លាប់ចុះអប់រំណែនាំដល់ប្រជាពលរដ្ឋអំពីការផលិតស្រានេះ ប៉ុន្តែលោកថា ពលរដ្ឋមួយចំនួននៅតែភ័ន្តច្រឡំ។
បើតាមលោក ផាន អូន ក្រោយបញ្ចប់ជំងឺកូវីដរយៈពេល១៥ថ្ងៃទៀត មន្ត្រីជំនាញ់នឹងចុះអប់រំណែនាំបន្តទៀត ជាពិសេសខេត្តគោលដៅដែលមានករណីពុលស្រាមួយចំនួន ដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ ព្រៃវែង និងខេត្តផ្សេងៗទៀត។
មន្ត្រីកម្មវិធីនៅមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក ហេង គីមហុង មានប្រសាសន៍ថា លោកសាទរចំពោះវិធានការរបស់អាជ្ញាធរដែលសម្រេចបិទបណ្តោះអាសន្នមិនឱ្យផលិតនិងចរាចរណ៍ ដើម្បីរង់ចាំការត្រួតពិនិត្យសិននោះ ប៉ុន្តែលោកថា អាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការតាំងពីមុនកើតហេតុបណ្តាលឱ្យមនុស្សស្លាប់។
លោក ហេង គីមហុង បន្ថែមថា៖ «អ្វីដែលខ្ញុំដាក់ជាចម្ងល់ថា ហេតុអីមិនដាក់វិធានការត្រួតពិនិត្យមុនពេលដាក់ឱ្យប្រើប្រាស់ និងត្រួតពិនិត្យពីបទដ្ឋានប្រើប្រាស់ វាប្រសើរជាងទៅត្រួតពិនិត្យក្រោយពេលប៉ះពាល់។ ការប្រើប្រាស់គ្រឿងស្រវឹង វាមានផលប៉ះពាល់ធំធេងណាស់។ នៅប្រទេសមួយចំនួនជុំវិញយើងនេះ គេមានការរឹតត្បិតតឹងតែងណាស់ ដោយសារគេមានការបារម្ភ។ គេយល់ថា គ្រឿងស្រវឹង កាលណាផលិតខុសបញ្ចេកទេស វាបង្កើតឱ្យមានជាតិមេតាណុលខ្ពស់ ហើយមេតាណុលនេះឯងគឺជាសារធាតុបំផ្លាញរាងកាយ ហើយពុលតែម្តង»៕