អ្នកដំណើរនិងអ្នករស់នៅម្តុំរង្វង់មូលចោមចៅបារម្ភពីសុខភាពដោយសារដីហុយ

អ្នកដំណើរ នៅលើផ្លូវក្បែររង្វង់មូលចោមចៅ និងស្ថានភាពដីហុយ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០។រូបដោយ ឈឹម សុភទ្ទ

ប្រជាពលរដ្ឋជាអ្នកដំណើរ និងអ្នករស់នៅក្បែរៗរង្វង់មូលចោមចៅក្នុងរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្ភ ចំពោះសុខភាព និងបញ្ហាលំបាកផ្សេងៗដោយសារដីហុយ។​

ពលរដ្ឋម្នាក់ដែលរស់នៅម្តុំរង្វង់មូលចោមចៅ លោក ស៊ុ វុទ្ធី   បានរៀបរាប់ថា ពលរដ្ឋនៅម្តុំនោះមានការលំបាកទាំងការរស់នៅ ធ្វើដំណើរ និង ប្រកបរបរផ្សេងៗ។​ លោក ស៊ុ វុទ្ធី បង្ហាញការព្រួយបារម្ភខ្លាំងចំពោះសុខភាពក្មេងដែលត្រូវពាក់ម៉ាស់ជាប្រចាំទោះនៅផ្ទះក៏ដោយ។​

លោក សៀន សីហា ដែលតែងតែធ្វើដំណើរជាប្រចាំឆ្លងកាត់រង្វង់មូលចោមចៅ ដោយពេលខ្លះ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ និងពេលខ្លះធ្វើដំណើរតាមផ្លូវជាតិលេខ៣។​ លោកថា ពេលធ្វើដំណើរតាមម៉ូតូម្តងៗ គាត់ត្រូវពាក់ម៉ាស់ និង ពាក់វ៉ែនតា ដើម្បីការពារកុំឱ្យដីចូលភ្នែក និង ច្រមុះ ។

ទាំងប្រជាពលរដ្ឋ អ្នកដំណើរ និង អ្នកប្រកបអាជីវកម្មនៅតំបន់នោះអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យពន្លឿនដោះស្រាយបញ្ហានេះឱ្យបានឆាប់។​

ជុំវិញបញ្ហានេះ ចៅសង្កាត់ចោមចៅ២ លោក វ៉ា សារ៉ង មានប្រសាសន៍ថា អាជ្ញាធរបានដឹងបញ្ហានេះ ហើយក៏កំពុងតែដោះស្រាយដែរ។ លោកបន្តថា អាជ្ញាធរបានប្រើប្រាស់រថយន្តដឹកទឹក ស្រោចតាមតំបន់នោះជាប្រចាំដើម្បីកុំឱ្យហ៊ុយប៉ះពាល់ពលរដ្ឋ។​

នៅម្តុំរង្វល់មូលចោមចៅ រួមទាំងផ្លូវជាតិលេខ៣ និងលេខ៤ ផងកំពុងស្ថិតនៅក្នុងដំណើរការសាងសង់សំណង់ផ្សេងៗក្នុងគម្រោងរបស់រដ្ឋ ហើយផ្លូវទាំងនេះក៏មានការមមាញឹកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ មានទាំងទំនិញក្នុងស្រុក និងទំនិញដឹកចេញដឹកចូលទៅកាន់កំពង់ផែ នាំចេញនិងនាំចូលក្នុងប្រទេសផង៕​

អត្ថបទដោយ ឈឹម សុភទ្ទ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ