អាជ្ញាធរខេត្តមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា បន្តពង្រឹងវិធានការទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ខណៈអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍នេះជាង៧ពាន់នាក់ ត្រូវបានយកសំណាកមកធ្វើតេស្ត ក្នុងនោះ មនុស្ស១៧នាក់ មានវិជ្ជមានកូវីដ១៩។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្នុងខេត្តនេះមានអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ចំនួនជាង២០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តរកមេរោគ ដោយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។
លោកបន្តថា ក្នុងចំណោមមនុស្សជាង២០០នាក់ គឺមានមន្ត្រីពន្ធនាគារខេត្តសៀមរាបប្រហែល៦០នាក់ ដែលបានប៉ះពាល់ជាមួយលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បន្ទាប់ពីលោកបានចូលរួមពិធីផ្ទេរអ្នកជាប់ឃុំទៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា កន្លងមក។
លោក ទៀ សីហា ថ្លែងថា៖ «ត្រូវតែយក [មន្ត្រីពន្ធនាគារខេត្តសៀមរាប] ទៅធ្វើហើយ ព្រោះយើងក៏មិនច្បាស់អ្វីទាំងអស់ដែរ ព្រោះមកដល់ថ្ងៃទី២០ជាង បានគាត់ [លោក ឆែម សាវុធ ] ចេញរោគសញ្ញា យើងបង្ការទុកឱ្យហើយ អ្នកដែលប៉ះពាល់ជាមួយគាត់ យើងយកធ្វើចត្តាឡីស័កទាំងអស់»។
លោក ទៀ សីហា បញ្ជាក់ថា មនុស្សជាង២០០នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលគរុកោសល្យខេត្តសៀមរាប ហើយមួយចំនួនទៀតធ្វើនៅផ្ទះរៀងៗខ្លួន។ ចំណែកគ្រួសាររបស់លោក ឆែម សាវុធ ចំនួន៦នាក់ដែលមានហានិភ័យនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក ប៊ុន សួរ មានប្រសាសន៍ថា អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ចំនួន៧៩នាក់នៅក្នុងខេត្តនេះ ត្រូវបានយកសំណាកទៅធ្វើតេស្ត ដោយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ ហើយបច្ចុប្បន្នពួកគាត់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ។
លោកបន្តថា អ្នកដែលត្រូវបានយកសំណាកទៅធ្វើតេស្តនេះ បន្ទាប់ពីពួកគាត់ចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ខណៈមន្ត្រីសុខាភិបាលក៏កំពុងរកអ្នកពាក់ព័ន្ធផ្សេងទៀតដែរក្រៅពីអ្នកចូលរួមកិច្ចប្រជុំ។
លោកថា៖ «បើមានរោគសញ្ញាមួយកើតឡើងក្នុងចំណោមនេះ ឱ្យគាត់មកមន្ទីរពេទ្យជាប្រញាប់។ ពួកគាត់ជាមន្ត្រីរាជការនិងគណៈអធិបតី»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹម សូរភិរុណ មានប្រសាសន៍ថា ខេត្តនេះ អ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានចំនួន៧២នាក់ ក្នុងនោះ មនុស្សចំនួន៦៤នាក់ មិនត្រូវបានយកសំណាកមកធ្វើតេស្តនោះទេ ដោយសារពួកគេប៉ះពាល់ដោយប្រយោល ប៉ុន្តែអ្នកទាំងនោះត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។
លោកបន្តថា ចំណែកមនុស្ស៨នាក់ ត្រូវយកសំណាកមកធ្វើតេស្ត ហើយកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក បន្ទាប់ពីពួកគាត់បានប៉ះពាល់ផ្ទាល់នឹងព្រឹត្តិការណ៍នេះ។
លោកថា៖ «ពួកគាត់នៅកំពង់ចាមទេ! តែអ្នកភ្នំពេញមកលេងនៅផ្ទះគាត់ អ៊ីចឹងអាហ្នឹងយើងថា គាត់ប៉ះពាល់ផ្ទាល់។ យើងបានយកសំណាកគាត់ទៅមើលហើយ យើងមើលម្សិលមិញ មកដល់ម៉ោងនេះ ឥលូវមិនទាន់បានលទ្ធផលទេ»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោក ស្រី ស៊ិន មានប្រសាសន៍ថា មន្ទីរបានយកសំណាកមនុស្សចំនួន១០៤នាក់ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកកូវីដ ហើយលទ្ធផលបង្ហាញថា អវិជ្ជមាន។
លោកបន្តថា អ្នកទាំង១០៤នាក់ រួមមាន មន្ត្រីពន្ធនាគារ នគរបាល និងមន្ត្រីរាជការមួយចំនួនទៀតដែលបានចូលរួមពិធីផ្សេងៗ និងជួបជាមួយលោក ឆែម សាវុធ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ហើយអ្នកទាំងនោះបច្ចុប្បន្នកំពុងឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
បើតាមអាជ្ញាធរនិងមន្ត្រីសុខាភិបាលខេត្តដែលពាក់ព័ន្ធទាំងនោះ ក្រោយពីមានព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាជ្ញាធរបានដាក់វិធានការហាមការជួបជុំដែលមានមនុស្សច្រើន ផ្អាកពិធីមង្គលការ ជប់លៀង ពិធីសាសនា និងប្រជុំផ្សេងៗ ជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលសហគមន៍។
ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានយកវត្ថុសំណាកអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ចំនួន៧ ១៣១នាក់ហើយ ក្នុងចំណោមអ្នកប៉ះពាល់សរុប៨ ២១២នាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ខណៈវត្ថុសំណាកមនុស្សចំនួន១ ០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគនៅថ្ងៃទី០២ ខែធ្នូនេះ។
ក្រសួងបញ្ជាក់ថា ក្នុងចំណោមអ្នកធ្វើតេស្តរួចជាង៧ពាន់នាក់នោះ មានមនុស្ស១៧នាក់ មានផ្ទុកជំងឺកូវីដ១៩ ហើយបច្ចុប្បន្ន ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាលក្នុងការស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះ គឺធ្វើបានប្រសើរ ប៉ុន្តែចំពោះវិធានការក្រើនរំឭកនិងការអប់រំផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា លោកថា នៅមិនទាន់ទូលំទូលាយនៅឡើយ។
លោកថា៖ «ម្យ៉ាងវិញទៀត អាជ្ញាធរត្រូវតែធ្វើយ៉ាងណា ធ្វើឱ្យមានការកែប្រែឥរិយាបថនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ឧបមាថា ការជួបជុំគ្នា ផឹកស៊ី ប្រើប្រាស់សម្ភាររួមគ្នា វិធានការបង្ការហ្នឹង ត្រូវតែធ្វើឡើង ហើយធ្វើជាប្រចាំ ទើបអាចទៅរួច។ បើពលរដ្ឋមិនកែប្រែឥរិយាបថទេ ទោះបីវិធានការបង្ការយ៉ាងក៏ដោយ ក៏មិនអាចជោគជ័យខ្ពស់ដែរ»៕









