អ្នកគ្រប់គ្រងអគារកាណាឌីយ៉ា បានប្រាប់ថា មនុស្សយ៉ាងហោចណាស់៤៧០នាក់ហើយដែលបម្រើការងារនៅក្នុងអគារនេះ ត្រូវបានស្នើឱ្យផ្ដល់សំណាកសម្រាប់យកទៅធ្វើតេស្ត ក្រោយពីបុគ្គលិកជនជាតិខ្មែរម្នាក់ដែលបម្រើការនៅធនាគារចិនដែលមានការិយាល័យក្នុងអគារកាណាឌីយ៉ា ត្រូវបានរកឃើញផ្ទុកកូវីដ១៩។
ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស២នាក់ថែមទៀតដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានបុរសម្នាក់អាយុ២៣ឆ្នាំ បម្រើការនៅធនាគារចិន ស្ថិតនៅក្នុងអគារកាណាឌីយ៉ា និងនារីកម្ពុជាម្នាក់ទៀតអាយុ២១ឆ្នាំ ដែលបម្រើការងារនៅធនាគារ កាថេ យូណៃធីត នៅរាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាល បុរសកម្ពុជាដែលត្រូវបានរកឃើញឆ្លងកូវីដ១៩នោះ ធ្លាប់បានប៉ះពាល់ជាមួយស្ត្រីវ័យ៣៦ឆ្នាំ ដែលត្រូវបានរកឃើញមានផ្ទុកកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ ហើយនារីកម្ពុជាដែលបម្រើការងារនៅធនាគារ កាថេ យូណៃធីត ស្ថិតនៅផ្លូវសម្ដេចប៉ាន ក្នុងខណ្ឌដូនពេញ គឺជាប្អូនស្រីបង្កើតរបស់បុរសកម្ពុជាខាងលើនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបិទអគារកាណាឌីយ៉ាទាំងមូល ក្នុងនោះមានទាំងធនាគារចិនដែលមានការិយាល័យស្ថិតក្នុងអគារនេះ ហើយក៏បិទធនាគារ កាថេ យូណៃធីត ជាបណ្ដោះអាសន្នផងដែរ បន្ទាប់ពីរកឃើញករណីទាំង២នេះ។
អ្នកគ្រប់គ្រងទូទៅនៅអគារកាណាឌីយ៉ា លោក ម៉ា ស៊ីថា ប្រាប់នៅរសៀលថ្ងៃនេះថា មនុស្សដល់ទៅ៤៧០នាក់ហើយដែលធ្វើការងារនៅក្រុមហ៊ុននានាដែលជួលការិយាល័យនៅក្នុងអគារកាណាឌីយ៉ា ត្រូវបានស្នើឱ្យផ្ដល់សំណាករបស់ពួកគេសម្រាប់តេស្ត ហើយលោកថា ចំនួនមនុស្សដែលត្រូវផ្ដល់សំណាក អាចនឹងកើនឡើងច្រើនជាងនេះទៅទៀត។
អ្នកគ្រប់គ្រងអគារកាណាឌីយ៉ា ប្រាប់ថា៖ «ឥលូវ យើងកំពុងធ្វើតេស្តសំណាកសិន ទាក់ទងនឹងចំនួនមនុស្ស៤៧០នាក់ជាង។ គេយកបុគ្គលិកនៅតាមជាន់ បើនិយាយទៅ ប្រភពចេញពីធនាគារចិន។ អ៊ីចឹង ធនាគារចិនគាត់មាន២ជាន់ អ៊ីចឹងអ្នកណានៅជាន់ហ្នឹង ត្រូវធ្វើតេស្ត»។
បើតាមអ្នកគ្រប់គ្រងអគារកម្ពស់៣៣ជាន់មួយនេះ បុគ្គលិកដែលធ្វើការនៅជាន់ផ្សេងនៅក្នុងអគារនេះ ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។
វិទ្យុបារាំងដែលជួលការិយាល័យនៅជាន់ទី២១ នៃអគារកាណាឌីយ៉ា បានប្រកាសនៅព្រឹកថ្ងៃនេះថា ដំណើរការផ្សាយនៃវិទ្យុមួយនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញបុគ្គលិកធនាគារម្នាក់ឆ្លងជំងឺកូវីដ១៩។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា អាជ្ញាធរបានសហការជាមួយក្រសួងសុខាភិបាល ដើម្បីចុះទៅបិទអគារកាណាឌីយ៉ាមែន ប៉ុន្តែចំពោះព័ត៌មានលម្អិត លោកឱ្យសួរទៅក្រសួងសុខាភិបាល។
លោក ម៉េត មាសភក្ដី ប្រាប់ថា៖ «ការងាររបស់អាជ្ញាធរសហការក្នុងការអនុវត្តនៅពេលដែលយើងមើលឃើញឬទទួលបានព័ត៌មានពាក់ព័ន្ធនឹងការរីករាលដាលឆ្លងកូវីដ ឬនៅតំបន់ ឬនៅទីតាំងណា។ ដោយឡែក ពាក់ព័ន្ធនឹងនីតិវិធី ការងារបច្ចេកទេស សួរទៅខាងក្រសួងវិញ ត្រូវជាង»។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន សុំមិនធ្វើអត្ថាធិប្បាយទេ ដោយប្រាប់ថា ជាប់រវល់ប្រជុំ។
ដើរចេញពីអគារកាណាឌីយ៉ា បុរសម្នាក់អាយុ៣០ឆ្នាំដែលជាបុគ្គលិកបម្រើការផ្នែកផ្ដល់កម្ចីនៅធនាគារមួយដែលមានការិយាល័យនៅក្នុងអគារនោះ ប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកគ្រប់គ្រងធនាគារបានអនុញ្ញាតឱ្យពួកគាត់ឈប់ពីការងារមួយរយៈសិន បន្ទាប់ពីក្រសួងបានបិទអគារដោយសារមានអ្នកឆ្លងកូវីដ១៩។
លោកប្រាប់ថា៖ «ឥលូវទៅផ្ទះសិន គេឱ្យសម្រាកនៅផ្ទះ មិនទាន់ដឹងសម្រាកប៉ុន្មានថ្ងៃទេ»។
បុគ្គលិកនារីម្នាក់ផ្នែកសេវាបង់រំលស់ម៉ូតូ ដែលធ្វើការនៅក្នុងអគារកាណាឌីយ៉ា និយាយថា ថ្នាក់លើបានឱ្យពួកគាត់ចេញពីក្រុមហ៊ុននិងអគារទាំងអស់គ្នា បន្ទាប់ពីបុគ្គលិកធ្វើក្នុងអគារផ្ទុកកូវីដ១៩។ អ្នកស្រីបន្តថា អ្នកគ្រប់គ្រងនិងអាជ្ញាធរឱ្យពួកគាត់ចេញ ដោយសារក្រុមហ៊ុនពួកគាត់មិនស្ថិតនៅជាន់ជាមួយនឹងធនាគារដែលមានបុគ្គលិកឆ្លងជំងឺកូវីដ១៩។
ស្ត្រីរូបនេះប្រាប់ថា៖ «ឮថា ខាងធនាគារចិនមានកើតកូវីដហ្នឹង ឥលូវទៅផ្ទះ [អត់ធ្វើចត្តាឡីស័កទេ] ព្រោះគេប្រាប់ថា ទាល់ក្រសួងជូនព័ត៌មានមកសិន។ ខ្ញុំបារម្ភដែរ ព្រោះមានកូនតូច។ ឥលូវកំពុងគិតថាទៅផ្ទះឬអត់»។
រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យបិទបណ្ដោះអាសន្ននូវការិយាល័យធនាគារ កាថេ យូណៃធីត ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចប៉ានផងដែរនៅថ្ងៃនេះ ក្រោយពីក្រសួងរកឃើញស្ត្រីម្នាក់ដែលជាបុគ្គលិកនៃធនាគារនេះ មានវិជ្ជមានកូវីដ១៩។
វីអូឌី មិនអាចស្វែងរកការបកស្រាយបន្ថែមពីភាគីតំណាងធនាគារ កាថេ យូណៃធីត និងធនាគារចិនបាននៅឡើយទេ នៅថ្ងៃនេះ។
ចំណែកឯប្រធានសមាគមធនាគារកម្ពុជា លោក អ៊ិន ចាន់នី ដែលជាប្រធានអគ្គនាយកធនាគារអេស៊ីលីដាផងដែរនោះ បានបដិសេធផ្ដល់មតិ នៅពេល វីអូឌី ស្វែងរកការបកស្រាយជុំវិញវិធានការបង្ការជំងឺកូវីដ១៩ នៅក្នុងស្ថាប័នធនាគារ និងផលប៉ះពាល់មកលើឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ ក្រោយករណីឆ្លងត្រូវបានរកឃើញបែបនេះ។
បើតាមសេចក្ដីប្រកាសក្រសួងសុខាភិបាល ឱ្យដឹងថា គិតម៉ោង៧ព្រឹក ថ្ងៃទី៣ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៣១នាក់ ក្នុងនោះព្យាបាលសះស្បើយ ចំនួន៣០៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២៧នាក់៕