តុលាការ​ខេត្ត​​ក្រចេះ​ សម្រេច​​ឃុំ​ខ្លួន​​អ្នក​សារ​ព័ត៌មាន​៣​រូប​​ជា​​បណ្តោះ​អាសន្ន​​ពាក់​ព័ន្ធ​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​

កាតសម្គាល់ខ្លួនអ្នកសារព័ត៌មាន លោក ហ៊ិះ ហ៊ីន។ (ហ្វេសប៊ុក៖ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា)

តុលាការខេត្ត​ក្រចេះ បានសម្រេច​ឃុំខ្លួន​អ្នកសារព័ត៌មាន៣នាក់​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​បទ​ចោទ កំហែង​យក ឆបោក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ទៅ​ក្នុង​ការ​បំពេញមុខ​ងារ​សាធារណៈ។

ក្នុង​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ លោក ម៉េ​ង តូ​នី កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ត្រូវ​ធ្វើការ​នាំ​ខ្លួន​អ្នកសារព័ត៌មាន​ទាំងនោះ​ទៅ​ពន្ធនាគារ​ខេត្ត ហើយ​ប្រធាន​ពន្ធនាគារត្រូវ​ទទួល​ឃុំខ្លួន​ជន​ទាំងនោះរហូត​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ។ 

ក្នុង​ដី​កាដ​ដែល​បញ្ជាក់​ថា ជន​ដែល​ត្រូវ​បាន​ឃុំខ្លួន​នោះ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពី​បទ កំហែង​យក ឆបោក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញមុខ​ងារ​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ខ្នាច ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្តក្រចេះ កាលពី​ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ចៅក្រម​ស៊ើបសួរ លោក ម៉េ​ង តូ​នី បានទេ​នៅ​រសៀល​ថ្ងៃនេះ។

រីឯស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តក្រចេះ លោក ភួង សុភ័​ណ្ឌ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ អ្នកសារព័ត៌មាន​ចំនួន៣រូបត្រូវ​បាន​ឃាត់ខ្លួន រួមមាន ឈ្មោះ ហួត ដា​វី ឈ្មោះ ឃឹម ផល្លី ដែល​ជា​អ្នកសារព័ត៌មាន «កូនខ្មែរ​ម្ចាស់​ប្រទេស» និង​ឈ្មោះ ហ៊ិះ ហ៊ី​ន អ្នកសារព័ត៌មាន​ស៊ើបអង្កេត។ លោក​ថា ក្រោយ​ការ​ចាប់ខ្លួន អ្នក​ទាំង៣នាក់ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ចំណាត់ការ​ច្បាប់​របស់​តុលាការ។

លោក​មានប្រសាសន៍​ថា៖ «តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា ខ្ញុំ​ឃាត់​គាត់​បញ្ជូន​ទៅ​តុលាការ អញ្ចឹង​មាន​អ្វី​យើង​សួរ​ទៅ​ខាង​អយ្យការ។ ក្នុង​ដីកា​ឃុំ​របស់​គាត់ ចៅក្រម​ចោទ​គាត់​ បទល្មើស​ក្នុង​ហ្នឹង​មាន​ហើយ បញ្ជូន​ទៅ​ គេ​ឃុំ​ក្នុង​ហ្នឹង​អស់ហើយ ផុត​ពី​នីតិ​វិធីខាង​ខ្ញុំ​ហើយ»។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ណុប វី មានប្រសាសន៍​ថា អ្នកសារព័ត៌មាន​មួយចំនួន​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ខ្លះទៀត​មិនបាន​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា មុននឹង​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន តុលាការ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សេរីភាព​អ្នកសារព័ត៌មាន​ដែល​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ។

លោក​មានប្រសាសន៍​ថា៖ «យើង​ឃើញ​ហើយ​ចំនួន​អ្នកសារព័ត៌មាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់ ជាពិសេស​អ្នក​ដែល​បម្រើការ​ងារ​នៅ​តាម​ខេត្ត ហើយ​វា​ក៏​​ផ្នែកមួយ​ឆ្លុះបញ្ចាំង​ថា បងប្អូន​អ្នកសារព័ត៌មាន គាត់​នៅ​មានការ​យល់ដឹង​តិចតួច អំពី​ការអនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ។ នៅក្នុង​ករណី​ហ្នឹង គឺ​ការ​មិនបាន​អនុវត្ត​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ ដែល​បង្ក​គ្រោះថ្នាក់​នេះ ក៏​វា​អាច​ជា​ការ​គំរាមកំហែង​ដល់​ការអនុវត្ត​ការងារ​របស់​បងប្អូន​អ្នកសារព័ត៌មាន​ផ្សេងទៀត​ដែរ»។

បន្ថែម​ពីនេះ លោក ណុប វី ស្នើ​ទៅ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ធ្វើការងារ​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវនិង​មាន​ក្រមសីលធម៌​ល្អ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​សារព័ត៌​មានដែល​មាន​វិជ្ជាជីវៈ ប៉ះពាល់​ដល់​សង្គម និង​ខ្លួនឯង​ជាដើម។

របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០១៩ ដែល​ចេញ​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា ១៤៣ លើ ១៨០ ដែល​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ២០១៧មក ខណៈ​ឆ្នាំ២០១៧ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់១៣២​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ