ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឭកទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់និងពង្រឹងការអនុវត្តវិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទៅដល់កម្មករនៅតាមបណ្តារោងចក្រសហគ្រាស។
ការរំឭករបស់ក្រសួងការងារឱ្យភាគីពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ននិងបង្ការជំងឺកូវីដ១៩នេះ ធ្វើឡើងចំពេលកម្ពុជាកំពុងស្ថិតក្នុងក្ដីបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញករណីឆ្លងក្នុងសហគមន៍លើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដែលកើតមានលើភរិយារបស់អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។
ក្រសួងការងារ កាលពីម្សិលមិញ បានជូនដំណឹងមួយទៅដល់ម្ចាស់រោងចក្រសហគ្រាស ម្ចាស់សេវាកម្មដឹកជញ្ជូន មន្ត្រីអធិការកិច្ចការងារ និងកម្មករផង ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ នៅតាមបណ្តារោងចក្រសហគ្រាសទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។
ក្រសួងបានស្នើឱ្យម្ចាស់រោងចក្រសហគ្រាស ត្រូវហាមឃាត់ចំពោះបុគ្គលណាដែលមានប្រវត្តិធ្វើដំណើរនិងស្នាក់នៅមិនច្បាស់លាស់ ចេញចូលបរិវេណរោងចក្រនិងកន្លែងផលិតកម្ម។
ក្រសួងការងារ ក៏បានស្នើឱ្យម្ចាស់រោងចក្រគ្រប់គ្រងឱ្យបាននូវប្រវត្តិធ្វើចត្តាឡីស័ក ការស្នាក់នៅ និងស្ថានភាពសុខភាពជនបរទេស ដែលត្រូវមកធ្វើទស្សនកិច្ចនៅតាមបណ្តារោងចក្រសហគ្រាស ដោយកត់ឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានកន្លែងស្នាក់នៅផងដែរ។
ចំពោះកម្មករ ភ្ញៀវ និងមន្ត្រីមានសមត្ថកិច្ចដែលចូលទៅក្នុងរោងចក្រ ក្រសួងថា ត្រូវពាក់ម៉ាស់ វាស់កម្តៅ និងលាងសម្អាតដៃ ហើយថា ប្រសិនបើមន្ត្រីក្រសួងណាឬបុគ្គលណាមិនអនុវត្តតាមទេ ត្រូវរាយការណ៍ទៅក្រសួងការងារនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការ។
ក្រសួងក៏បានណែនាំទៅថ្នាក់ដឹកនាំរោងចក្រ ត្រូវផ្សព្វផ្សាយនិងណែនាំជាប្រចាំទៅដល់កម្មករនិយោជិត អំពីវិធានការអនាម័យ សុវត្ថិភាព និងសុខភាព ជាពិសេសវិធានការបង្ការជំងឺកូវីដ១៩ និងតាមដានរាល់សកម្មភាពអនុវត្តជាក់ស្តែងនៃការចេញចូលរោងចក្ររបស់ខ្លួន រហូតដល់ជំងឺមួយនេះត្រូវបានបញ្ចប់ទៅវិញ។
ក្រសួងបន្តថា ម្ចាស់រោងចក្រសហគ្រាស ត្រូវរៀបចំបម្រុងទុកម៉ាស់ឱ្យបានគ្រប់គ្រាន់សម្រាប់បើកផ្តល់ឱ្យកម្មករទៅតាមវេជ្ជបញ្ជា។ ចំណែកកម្មករដែលក្អកឬកណ្តាស់ ត្រូវខ្ទប់មាត់និងច្រមុះដោយប្រើកន្សែង ឬក្រមា ឬកែងដៃ ហើយត្រូវលាងដៃនឹងសាប៊ូឬទឹកអាល់កុល។
ក្រសួងថា ប្រសិនបើមានកម្មករណាម្នាក់មានកម្តៅលើសពី ៣៧,៥អង្សារ និងមានរោគសញ្ញាណាមួយ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលកើតមានជំងឺកូវីដ១៩ ឬប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ។
សេចក្តីជូនដំណឹងនេះ ក៏ស្នើឱ្យកម្មករចូលរួមសហការនិងអនុវត្តវិធានការនានា ពាក់ព័ន្ធវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលចេញដោយក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធផងដែរ ហើយកម្មករត្រូវរាយការណ៍ទៅរោងចក្រនិងអាជ្ញាធរពាក់ព័ន្ធក្នុងករណីសង្ស័យណាមួយដែលកើតឡើងចំពោះខ្លួនឯងនិងអ្នកនៅក្បែរខាងផងដែរ។
ចំពោះម្ចាស់រថយន្តឈ្នួលផ្តល់សេវាដឹកជញ្ជូនកម្មករវិញ ក្រសួងតម្រូវឱ្យលាងសម្អាតនិងបាញ់អាល់កុលសម្លាប់មេរោគនៅលើយានយន្តរបស់ខ្លួន ទាំងមុនពេលដឹកនិងក្រោយពេលដឹកកម្មករផងដែរ។
ក្រសួងការងារ ក៏តម្រូវឱ្យមន្ត្រីរបស់ខ្លួនដែលចុះទៅតាមបណ្តារោងចក្រ ត្រូវអនុវត្តតាមការណែនាំនិងវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវី១៩ផងដែរ តាមរយៈការពាក់ម៉ាស់ លាងសម្អាតដៃ និងវាស់កម្តៅជាដើម ហើយត្រូវសហការជាមួយរោងចក្រនិងភាគីពាក់ព័ន្ធក្នុងការចុះអប់រំផ្សព្វផ្សាយ និងណែនាំអំពីរោគសញ្ញានៃជំងឺកូវី១៩ ទៅដល់កម្មករផងដែរ។
កម្មការិនីម្នាក់ដែលសុំមិនឱ្យបញ្ចេញឈ្មោះ និងកំពុងបម្រើការងារនៅរោងចក្រមួយតាមបណ្តោយផ្លូវ វេងស្រេង និយាយថា រោងចក្រដែលអ្នកស្រីកំពុងធ្វើការនោះ គឺបានអនុវត្តវិធានបង្ការជំងឺកូវីដបានល្អប្រសើរ ទាំងពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតគ្នា ប៉ុន្តែយ៉ាងណា អ្នកស្រីនៅតែព្រួយបារម្ភពីការឆ្លងជំងឺ ដោយថា កម្មករខ្លះមិនសូវអនុវត្តតាមឡើយ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំព្រួយបារម្ភ ខ្ញុំភ័យខ្លាចដែរ ព្រោះយើងមិនអាចមើលដឹងថា អ្នកណាមានកើតជំងឺហ្នឹងក្នុងខ្លួនទេ។ ឥលូវខ្ញុំមិនប៉ះពាល់មិត្តភក្តិទេ ហើយយើងអនាម័យរហូត។ សូម្បីតែញ៉ាំបាយ កាលពីមុនយើងញ៉ាំជុំគ្នាបាន លេងជាមួយគ្នា តែឥលូវអត់ទេ»។
កម្មករផ្នែកត្រួតពិនិត្យ បម្រើការងារនៅរោងចក្រ ខ្វាន់ទុំ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង លោក ស៊ុន ហេង ឱ្យដឹងថា រោងចក្រដែលលោកធ្វើការងារ គឺមានកម្មករជាង១ពាន់នាក់។
លោកថា មុនចូលបំពេញការងារ ខាងរោងចក្រតម្រូវឱ្យកម្មករពាក់ម៉ាស់ វាស់កម្តៅ និងបាញ់អាល់កុល ហើយកន្លែងធ្វើការងារ ក៏រក្សាគម្លាតឆ្ងាយពីគ្នាដែលអាចទទួលយកបានផងដែរ ប៉ុន្តែអ្វីដែលជាក្តីបារម្ភនោះ លោកថា គឺពេលកម្មករញ៉ាំបាយនិងជិះឡានត្រឡប់ទៅផ្ទះវិញ។
លោក ស៊ុន ហេង ប្រាប់ថា៖ «ព្រោះពេលគាត់ហូបបាយ គាត់ជុំគ្នា។ គាត់ប្រជ្រៀតគ្នាហូប មួយតុគាត់អង្គុយ១០ទៅ១២នាក់នោះ។ យើងមើលទៅឃើញចង្អៀតណាស់ ណែនណាន់តាន់តាប់ណាស់ និងមួយទៀត ពេលពួកគាត់ជិះឡានទៅមកធ្វើការ។ អាហ្នឹងហានិភ័យខ្ពស់ណាស់ ប្រសិនបើកូវីដឆ្លងដល់សហគមន៍។ ប៉ុន្តែពិបាកដែរ កម្មករគ្នាគ្មានលទ្ធភាពទិញម៉ូតូឬធ្វើដំណើរដាច់តែឯងទេ»។
ជាម្ចាស់រថយន្ត និងជាអ្នកបើកបរឡានដឹកកម្មករនៅរោងចក្រ «តៃអ៊ីហ្សី» ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ឡុង បូរ៉ា និយាយថា លោកបានអនុវត្តដោយបាញ់ថ្នាំសម្លាប់មេរោគនិងបាញ់អាល់កុល មុនដឹកកម្មករទៅនិងមកធ្វើការ ហើយមុនអនុញ្ញាតឱ្យកម្មករឡើងរថយន្ត គឺលោកបានតម្រូវឱ្យពាក់ម៉ាស់និងបាញ់អាល់កុលផងដែរ។
លោក ឡុង បូរ៉ា ប្រាប់ថា៖ «យើងបានបាញ់ថ្នាំ បាញ់អាល់កុល មុនយើងឱ្យកម្មករគាត់ឡើងឡាន ហើយកម្មករក៏យើងឱ្យពាក់ម៉ាស់ដែរ យើងចេះការពារទៅបង»។
ជាម្ចាស់រថយន្ត និងជាអ្នកបើកបរឡានដឹកកម្មករម្នាក់ទៀតនៅខេត្តព្រះសីហនុ លោក សឿន ស៊ីណាត ឱ្យដឹងថា លោកបានប្រើប្រាស់រថយន្តម៉ាក សាំយ៉ុង សម្រាប់ដឹកកម្មករជាង២០នាក់ជាប្រចាំ។ លោកអះអាងថា លោកបានអនុវត្តវិធានការបង្ការជំងឺកូវីដ១៩នេះ តាំងតែពីក្រសួងសុខាភិបាលប្រកាសលើកដំបូងម៉្លេះ។
លោក សឿន ស៊ីណាត ប្រាប់ថា៖ «ខាងរោងចក្រ គេឱ្យបាញ់ថ្នាំដែរតើបង! ហើយមួយរយៈឮផ្ទុះទៀត ខ្ញុំក៏បាញ់ទៀត ព្រោះយើងឃើញអ៊ីចឹង ចេះតែខ្លាចឆ្លង»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់កម្មករ ខណៈលោកបានទទួលព័ត៌មានថា មានរោងចក្រមួយចំនួននៅមិនទាន់បានអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងនៅឡើយ។
ប្រធានសហជីពរូបនេះ ស្នើមន្ត្រីជំនាញចុះពិនិត្យតាមបណ្តារោងចក្រនីមួយៗពីលើសេចក្តីជូនដំណឹងនេះ ដើម្បីធានាថា ការអនុវត្តវិធានការបង្ការជំងឺកូវីដមានប្រសិទ្ធភាព។
លោកបន្ថែមថា៖ «ខ្ញុំគិតថា និយោជកពិបាកក្នុងការអនុវត្តទៅតាមអ្វីដែលជាវិធានការដែលដាក់ចេញដោយក្រសួងណាស់ វាទាល់តែមន្ត្រីជំនាញ មន្ត្រីមានសមត្ថកិច្ច ត្រូវតែចុះទៅពិនិត្យដោយផ្ទាល់ ទៅតាមដានមើលដោយផ្ទាល់ថា និយោជកពិតជាបានធ្វើមែនអត់ អាហ្នឹងបានមានប្រសិទ្ធភាព។ បើគ្រាន់តែអំពាវនាវ មានន័យថា និយោជកគាត់ធ្វើមិនធ្វើ គឺគាត់អត់ខ្វល់ទេ ព្រោះយើងគ្រាន់តែអំពាវនាវ ប៉ុន្តែបើយើងមានវិធានការតឹងរ៉ឹង អាហ្នឹងវាអាចធ្វើឱ្យនិយោជកទាំងអស់ហ្នឹងគាត់អនុវត្ត»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ អះអាងថា ខាងរោងចក្របានអនុវត្តយ៉ាងល្អប្រសើរនូវវិធានការបង្ការនិងទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបន្ថែមថា៖ «យើងបានអនុវត្តវិធានការនេះបានយ៉ាងល្អតាំងពីមានបញ្ហាជំងឺកូវីដ ហើយ GMAC បានជំរុញខាងរោងចក្រពង្រឹងការអនុវត្តទៀត ក្រោយក្រសួងការងារប្រកាសបន្ថែមនេះ»។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង៧ព្រឹកថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៣១នាក់ ក្នុងនោះព្យាបាលសះស្បើយ ចំនួន៣០៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២៧នាក់៕









