អាជ្ញាធរ​​ថា សំណាក​មិន​ខូច​ខាត​ទេ ក្រោយ​រថយន្ត​ដឹក​សំណាក​ក្រឡាប់​ធ្លាក់​ផ្លូវ​ក្រោយ​បុក​គ្នា​នឹង​រ៉ឺម៉ក

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ រូបពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះ​អាង​ថា សំណាក​ទាំង​អស់​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​រាជ​ធានី​ភ្នំពេញ​នោះ មិន​បាន​ខូច​ខាត​នោះ​ឡើយ បន្ទាប់​ពី​​រថយន្ត​សង្គ្រោះ​បន្ទាន់​​ដែល​ដឹក​ជញ្ជូន​សំណាក​ទាំង​នោះ ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ឯ​ស្រុក​កំពង់សីលា​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ បាន​ដឹក​ជញ្ជូន​សំណាក និង​សព​បុរស​បរទេស​ម្នាក់ ពី​ខេត្ត​ព្រះ​សីហនុ​មក​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​បាន​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ស្រុក​កំពង់សិលា​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អះ​អាង​ថា សំណាក​ចំនួន ៣​ប្រអប់​ មិន​បាន​ខូច​ខាត​ទេ ហើយ​ត្រូវ​បាន​ផ្ទេរ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​ទៀត​បញ្ជូន​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក ឃាង ភារម្យ ប្រាប់​ថា សំណាក​នោះ​ត្រូវ​បាន​រៀបចំ​ទុក​ដាក់​យ៉ាង​ល្អ​នៅ​ក្នុង​រថយន្ត​នោះ ហើយ​​លោក​ថា មន្ត្រី​សុខាភិបាល​ក៏​បាន​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ​ផង​ដែរ​ ដើម្បី​ធានា​សុវត្ថិភាព​នៃ​សំណាក​ទាំង​នោះ ប៉ុន្តែ លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​មន្ត្រី​សុខាភិបាល​ដែល​រួម​ដំណើរ​នោះ​ឡើយ។

ចំណែក​អត្តសញ្ញាណ​សព​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​នោះ និង​មូលហេតុ​នៃ​ការ​ស្លាប់​របស់​គាត់ លោក ភារម្យ ប្រាប់​ថា លោក​ក៏​មិន​បាន​ដឹង​​ដែរ ប៉ុន្តែ លោក​ថា នោះ​គឺ​ជា​បុរស​ជន​ជាតិ​បរទេស។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន បាន​ប្រាប់​​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​បុក​គ្នា​ជាមួយ​រ៉ឺម៉ក​កង់​បី​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់សិលា​ ដោយ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ដែល​បើក​បរ​រ៉ឺម៉ក​កង់​បី​ដឹក​ផ្កា​លក់ ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​បើក​បរ​រថយន្ត​សង្គ្រោះ​បន្ទាន់ បាន​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា សព​​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​សង្គ្រោះ​នោះ គឺ​​ជា​បុរស​បរទេស ដែល​បាន​លង់​ទឹក​សមុទ្រ​ស្លាប់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ លោក​ថា សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​សព​នោះ​បាន​នៅ​ឡើយ​ទេ។

លោក ជួន ណារិន ប្រាប់​ថា​៖ «សាក​សព​នោះ​គឺ​ជា​សាក​សព​អ្នក​លង់​ទឹក ហើយ​យើង​យក​ទៅ​តម្កល់​ទុក​នៅ​រាជ​ធានី​ភ្នំពេញ ជា​ជន​ជាតិ​បរទេស ប៉ុន្តែ យើង​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ទេ។ គាត់​អណ្តែត​ទើ​នៅ​កោះ​ដំឡូង​ តំបន់​ខាង​ក្រៅ។ យក​ទៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្រាវ​ជ្រាវ​បន្ត​ទៀត»

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​សុខាភិបាល​ម្នាក់ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​ដឹក​សំណាក​នោះ មិន​ទទួល​រង​គ្រោះ​ថ្នាក់​អ្វី​ទេ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ទៀត​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ បាន​ទៅ​ផ្ទេរ​យក​សំណាក ហើយ​ដឹក​បន្ត​ទៅ​រាជ​ធានី​ភ្នំពេញ​បាន​ត្រឹម​ត្រូវ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះ​សីហនុ អ្នកស្រី​វេជ្ជ​បណ្ឌិត លឹម សាមាន បាន​បដិសេធ​ប្រាប់​ព័ត៌មាន​លម្អិត​អំពី​សំណាក​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​សង្គ្រោះ​នោះ ហើយ​បាន​ប្រាប់​ឱ្យ​សាក​សួរ​ទៅ​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​វិញ។

លោក ភារម្យ ប្រាប់​ថា លោក​មិន​បាន​ដឹង​ចំនួន​ពិត​ប្រាកដ​នោះ​ឡើយ ប៉ុន្តែ លោក​ថា សំណាក​ទាំង​នោះ ត្រូវ​បាន​ប្រមូល​ពី​ភ្ញៀវ​ទេសចរ និង​ធុរជន​ ឬ​អ្នក​ជំនួញ​បរទេស ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​តម្រូវ​ឱ្យ​​ធ្វើ​ចត្តាឡីស័យ ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ​ និង​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់​ថា អ្នកស្រី​ជាប់​រវល់​ប្រជុំ នៅ​ពេល​វីអូឌី​ទូរសព្ទ​ទៅ​គាត់​នៅ​រសៀល​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ