មន្ត្រីតុលាការខេត្តរតនគិរី បានឱ្យដឹងថា សាលក្រមនៃសំណុំរឿងក្ដីប្រឆាំងនឹងអតីតអ្នកកាសែត ខេមបូឌា ដេលី ២រូប ត្រូវបានចៅក្រមចេញហើយ បន្ទាប់ពីសំណុំរឿងមួយនេះត្រូវបានតុលាការសម្រេចទម្លាក់ចោល។
បណ្ដឹង «ញុះញង់» ចោទទៅលើអតីតអ្នកកាសែត ខេមបូឌា ដេលី លោក អូន ភាព និងលោក Zsombor Peter ត្រូវបានសាលាដំបូងខេត្តរតនគិរីសម្រេចទម្លាក់ចោលកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងមកនេះ ក្រោយពីដើមចោទបានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួនវិញ។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូឌីនៅថ្ងៃនេះថា សាលក្រមនៃសំណុំរឿងមួយនេះត្រូវបានតុលាការចេញកាលពីថ្ងៃម្សិលមិញ ប៉ុន្តែលោកថា តុលាការទុកពេល១ខែសម្រាប់តំណាងអយ្យការអមសាលាដំបូងខេត្ត និង ២ខែទៀតសម្រាប់តំណាងអយ្យការអមសាលាឧទ្ធរណ៍ ប្ដឹងជំទាស់នឹងសាលក្រមនេះ។
មន្ត្រីតុលាការខេត្តរតនគិរីរូបនេះ បញ្ជាក់ថា អតីតអ្នកកាសែត ខេមបូឌា ដេលី ទាំង២រូប អាចដាក់ពាក្យស្នើសុំទៅតុលាការចេញសាលក្រមស្ថាពរ ដើម្បីស្នើសុំលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ អំឡុងពេល១៤ថ្ងៃ បន្ទាប់ពីនីតិវិធីបណ្ដឹងទាស់រយៈពេល៣ខែបានកន្លងផុតទៅ។
លោក អូន ភាព និងលោក Zsombor Peter ដែលបានចាកចេញពីប្រទេសកម្ពុជាទៅហើយនោះ ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់» បន្ទាប់ពីពួកគេធ្វើដំណើរទៅរាយការណ៍ព័ត៌មាននៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧កន្លងមក។
កាសែត ខេមបូឌា ដេលី បានបញ្ឈប់ការបោះពុម្ពផ្សាយរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរងការវាយប្រហារជុំវិញការចោទថា ជាប់ពន្ធរដ្ឋជាច្រើនលានដុល្លារ ចំពេលដែលមានការបង្ក្រាបយ៉ាងរាលដាលទៅលើសង្គមស៊ីវិល បក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕









