តម្លៃ​​ស្រូវ​​នៅ​ស្រុក​ខ្លះ​ក្នុង​​ខេត្ត​​បាត់ដំបង​​ចុះ​​ថោក​ ខណៈ​​នៅ​​ខេត្ត​​ភាគ​​ខាង​​ត្បូង​​ឡើង​​ថ្លៃ​​ជាង​​ឆ្នាំ​​មុន​

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

ប្រជាកសិករមួយចំនួននៅខេត្តបាត់ដំបង បានលើកឡើងថា តម្លៃស្រូវឆ្នាំនេះប្រមូលផលបានតិចនិងតម្លៃចុះថោក​ប្រហែលជា៣០០រៀលក្នុង១គីឡូ ខណៈកសិករ​នៅបណ្ដា​ខេត្តភាគខាងត្បូង​ កំពុងតែលក់បានថ្លៃជាងឆ្នាំមុន។

វ័យជាង៥០ឆ្នាំ ជា​អ្នក​ភូមិ​វាលទ្រា ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ហឿន ហឿប និយាយថា នៅឆ្នាំនេះ គាត់ជួលស្រែអ្នកភូមិប្រហែលជា៣០ហិកតា​សម្រាប់​ធ្វើ​ស្រែ ប៉ុន្តែស្រូវនៅតំបន់នោះ ឈ្មួញទិញតម្លៃប្រហែលជា១ពាន់រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំមុនមានការថយចុះប្រហែលជា២០០ទៅ៣០០រៀលក្នុងមួយគីឡូក្រាម។

លោកបន្តថា ស្រូវធ្លាក់ថ្លៃដោយសារបញ្ហាជំនន់ទឹកភ្លៀងជន់លិច ការ​បិទច្រកព្រំដែន ដែល​រារាំង​ដល់​ឈ្មួញបរទេសមកទិញជាដើម។ ករណីនេះ ធ្វើឱ្យរូបគាត់ជួបបញ្ហាប្រឈមនិងខាតច្រើននៅក្នុងឆ្នាំនេះ។

លោក ហឿន ហឿប ប្រាប់ថា៖ «ប៉ះពាល់ហើយ ទឹកជំនន់វាលិចផង អត់បានច្រូតខ្លះផង ធ្វើបន្តទៅវិញ មិនសង្ឃឹមថាមានទឹកឬអត់ទៀតទេ ប្អូន! ខ្ញុំជួលស្រែគេច្រើនដែរ ​ប្រហែលជា៣០ហិកតា វាខូចអស់ប្រហែលជាពាក់កណ្តាល នៅសល់បានតិចទៀត វាសល់ពីទឹកលិចមក ១ហិកតាបានប្រហែល១តោន​ជាង គិតថ្លៃជី អត់រួចខ្លួនផង​​​​​​​»

លោក យាំ ជួយ រស់នៅភូមិបាវិល១​ ឃុំបាវិល ស្រុកបាវិល ខេត្តបាត់ដំប​ង និយាយថា ដើម្បីឱ្យប្រជាកសិករមានកម្លាំងដាំស្រូវសម្រាប់ទ្រទ្រង់ជីវភាពសមរម្យបាន លុះត្រាតម្លៃស្រូវលក់បាន១៣០០រៀលក្នុងមួយគីឡូ។

លោក យាំ ជួយ និយាយថា៖ «បើតម្លៃដែលគេចង់បានទូទៅទាំងអស់គ្នាសម្រាប់កសិករចន្លោះពី១២០០រៀល ទៅ១៣០០រៀលក្នុង១គីឡូ កសិករគាត់សប្បាយចិត្តហើយ។ បើបានថ្លៃ ស្រូវយើងផលិតបានត្រឹម ២តោន ៣តោន វាអាចសល់បានខ្លះ ចំណេញខ្លះ។​ តែបើស្រូវគាត់ធ្វើបានតែ១តោនជាងក្នុងមួយហិកតា គាត់ប្រឈមនឹងការខាតច្រើនណាស់»

ចំណែក​កសិករនៅខេត្តកណ្តាលឯណោះវិញ វ័យជាង៤០ឆ្នាំ អ្នកស្រី សែន រី រស់នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ និយាយថា ស្រូវឆ្នាំនេះលក់បានតម្លៃប្រហែលជា១២០០រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំមុន ថ្លៃជាង៤០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែអ្នកស្រីថា តម្លៃនេះលក់បានតែក្នុងស្រុកតែប៉ុណ្ណោះ មិនមានឈ្មួញវៀតណាមមកទិញដូចឆ្នាំមុននោះទេ។

កសិករនៅស្រុកកោះធំ​ម្នាក់ទៀត​ វ័យជាង៥០ឆ្នាំ អ្នកស្រី ម៉ៃ ស្រឹង និយាយថា គាត់និងកសិករមួយចំនួនទៀតនៅក្នុងភូមិ សប្បាយរីករាយនៅពេលដែលតម្លៃស្រូវឆ្នាំនេះលក់បានថ្លៃជាងឆ្នាំមុនរហូតដល់៤០០រៀលក្នុង១គីឡូក្រាម។ អ្នកស្រីចង់ឱ្យតម្លៃនេះ ថេររហូតដល់ខែ៤ ដែលបញ្ចប់ការប្រមូលផលក្នុងរដូវប្រាំងខាងមុខនេះ។

អ្នកស្រី ម៉ៃ ស្រឹង និយាយថា៖ «លក់បានថ្លៃ កសិករយើងមានកម្លាំងចិត្ត តែថោកមានកម្លាំងឯណាធ្វើទៀត បានតម្លៃថេរអ៊ីចឹង​រហូត គុណហើយ! តែយើងមានលុយទៅ ប្រទេសជាតិយើងក៏ជឿនលឿនទៅមុខទៀតដែរ»

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា ស្រូវនៅបាត់ដំបងដែលមានតម្លៃថោក ដោយសារតែស្រូវទាំងនោះដួលនិងត្រាំទឹក ធ្វើឱ្យខូចគុណភាព ហើយ​លោក​ថា រីឯស្រូវនៅបណ្តាខេត្តជាប់វៀតណាមនាពេលបច្ចុប្បន្ននេះ មានតម្លៃខ្ពស់​ដោយសារតែទិន្នផលស្រូវល្អ មិនត្រាំទឹក និងងាយស្រួលដឹកជញ្ជូនទៅវៀតណាម។

លោក វេង សាខុន មានប្រសាសន៍ថា៖ «និយាយរួម ប៉ែកតាកែវ កំពត ស្វាយរៀង ព្រៃវែង វាអត់មានបញ្ហា ព្រោះកន្លងទៅនេះ វាអត់ប៉ះពាល់ទឹកជំនន់តិចតួចបំផុត ហើយស្រូវវាល្អឆ្នាំនេះ ហើយគេផលិតស្រូវ គឺពូជរបស់វៀតណាម ហើយវៀតណាមគេទិញយកទៅវិញ។ អ៊ីចឹងហើយបានវាតម្លៃល្អ គ្រាន់តែលើកដាក់ឡានបើកតែមួយភ្លែតដល់វៀតណាមបាត់ហើយ»

នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម​កម្ពុជា ​សេដាក (CEDAC) អ្នកស្រី តុង ចាន់ធាង ប្រាប់ថា តម្លៃស្រូវធ្លាក់ចុះនៅខេត្តបាត់ដំបង ដោយសារតែការដឹកជញ្ជូនទៅលក់នៅវៀតណាមឆ្ងាយពីតំបន់ដាំដុះនោះ ហើយឈ្មួញថៃមិនសូវទិញពីកសិករខ្មែរនោះទេ។

ចំណែកស្រូវនៅស្រុកកោះធំ​ឡើងថ្លៃ អាចមកពីកត្តាដឹកជញ្ជូនជិត ពីព្រោះកន្លែងកសិករដាំដុះនៅមិនឆ្ងាយពីព្រំដែនកម្ពុជា-វៀតណាមនោះទេ។

ទោះជាបែបនេះក្តី អ្នកស្រី​ជំរុញទៅប្រជាកសិករទាំងអស់ ត្រូវដាំដុះស្រូវសិរីរាង្គ និងតាមបច្ចេកទេស ដោយបង្កើតជាសហគមន៍ ទើបទទួលបានទិន្នផលខ្ពស់និងលក់បានថ្លៃជាដើម។

អ្នកស្រី តុង ចាន់ធាង មានប្រសាសន៍ថា៖ «ជាបទពិសោធន៍ សម្រាប់អង្គការសេដាក ដែលធ្វើការជាមួយកសិករកន្លងមក យើងគាំទ្រកសិករផលិតស្រូវសិរីរាង្គ គាត់បានអនុវត្តទៅតាមគោលការណ៍បច្ចេកទេសច្បាស់លាស់ មានការបញ្ជាក់ពីគុណភាពសិរីរាង្គពិតប្រាកដ ហើយអ្នកទិញគាត់ឱ្យតម្លៃមួយថេរ បានន័យថា ឧទាហរណ៍ តម្លៃស្រូវស្ងួត ១គីឡូ ១៦០០រៀល ស្រូវសើម តម្លៃ១៣០០រៀលក្នុង១គីឡូ ប៉ុន្តែកសិករតម្រូវឱ្យធ្វើតាមគោលការណ៍បច្ចេកទេស តាមស្តង់ដារច្បាស់លាស់»។

តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា បានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ​ឆ្នាំ២០២០​នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា​មានចំនួនជាង៥៣​ម៉ឺនតោន ដែលមានការកើនឡើង១៧,១១ភាគរយ បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នានឹងឆ្នាំ២០១៩។

ចំណែក​ប្រាក់ចំណូលដែលកម្ពុជា​ទទួលបានពីការនាំចេញអង្ករ​ទៅក្រៅប្រទេសក្នុងរយៈពេល១០ខែ​ឆ្នាំនេះ មានការកើនឡើងជិត៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ